ដោយៈ គង់ វិវឌ្ឍន៍
ក្រុងកែបៈ គំរោងវិនិយោគដីលំហែរកាយ “ឆ្នេរសមុទ្រកោងកាង”តម្លៃ ជាង១០លានដុល្លារ បាននិងកំពុងពន្លឿនល្បឿន នៃការអភិវឌ្ឍន៍ និងកំពុងទាក់ទាញការវិនិយោគ។
ជាគំរោងមួយ ស្ថិតក្នុងសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ឆ្នេរសមុទ្រកោងកាង ជាគំរោងអភិវឌ្ឍន៍ដីលំហែរធំដំបូងគេ ដែលមាននៅក្នុងក្រុងកែប ជាមួយទេសភាព១៨០ដឺក្រេ ដោយគំរោងនេះមានដងព្រែកធម្មជាតិ អាចជិះទូកទៅកំសាន្តនៅផ្ទៃសមុទ្របាន អាចស្ទូចត្រីកំសាន្ត មានឆ្នេរសមុទ្រដ៏ស្រស់ ស្អាត ដើមកោងកាងខៀវស្រងាត់ មានទេសភាពស្រែអំបិល និងទេសភាពភ្នំដ៏វែងអន្លាយ។
អ្នកនាងឆយ ហ្រ្វីដានាយិកាគ្រប់គ្រងទូទៅគំរោង “ឆ្នេរសមុទ្រកោងកាង”បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីចុងសប្តាហ៍មុនថា ស្របនឹងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តកែបរយៈពេលវែងត្រូវបានដាក់ចេញ ដោយរដ្ឋាភិបាល ដើម្បីប្រែក្លាយខេត្តកែបជាតំបន់វិស្សមកាលកម្រិតខ្ពស់ គំរោងឆ្នេរសមុទ្រកោងកាងបាន និងកំពុងគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ខេត្តដ៏ស្រស់ស្អាតនេះ កាន់តែមានភាពទាក់ទាញថែមទៀត។
អ្នកនាងបន្តថា “ជាមួយនឹងផែនការ និងទស្សនទាននៃការអភិវឌ្ឍន៍ដោយចីរភាពរបស់ម្ចាស់គម្រោង បានធ្វើឲ្យគំរោងនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីវិនិយោគិនជាតិ និងអន្តរជាតិ”។ អ្នកនាងបន្តថា “ជាមួយគ្នានេះ សាធារណៈជនជាច្រើនបាន និងកំពុងចូលរួមកំសាន្តនៅទីនេះ ដោយពួកគាត់អាចជិះទូកកាយ៉ាក់កំសាន្ត និងអាចបោះតង់ស្នាក់នៅក្នុងគំរោងនេះដោយឥតគិតថ្លៃ”។
ជាមួយគ្នានេះ លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសាសន៍ឲ្យដឹងផងដែរថា ដោយសារបទពិសោធន៍នៃការអភិវឌ្ឍន៍កន្លងមក យើងបាននិងកំពុងពង្រីកសក្តានុពល និងធ្វើឲ្យគំរោងនេះកាន់តែមានភាពទាក់ទាញ និងកាន់តែល្អប្រសើរជាងអ្វី ដែលអ្នកទិញអាចស្រម័យដល់។
លោកបន្តថា “យើងកសាងហេដ្ឋារចនាសម្ព័ន្ឋដ៏ល្អ មានបំពាក់អំពូលសឡា មានដាំផ្កាសាគូរ៉ា អមដោយសម្បត្តិធម្មជាតិ ដែលមានស្រាប់នៅនឹងកន្លែង ដីក្នុងគំរោងនេះ នឹងឡើងថ្លៃខ្លាំងនាពេលអនាគត”។ លោកបន្តថា “យើងបាននិងកំពុងកសាងនូវសហគមន៍មួយ ស្របតាមស្តង់ដាអន្តរជាតិ និងក្លាយជាផលិតផលទេសចរណ៍ ដ៏ស្រស់បំព្រងមួយនាពេលអនាគត”៕