ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ កាលពីមុន ព្រៃវែងជាខេត្តដែលមិនសូវមានការចាប់អារម្មណ៍ប៉ុន្មានទេ ទៅលើអចលនទ្រព្យ និងដីធ្លី ប៉ុន្តែដោយសារតែកំណើននៃវិស័យនេះ បានរីករាលដាលស្ទើរតែទូទាំងប្រទេស បានធ្វើឱ្យខេត្តព្រៃវែងក៏ក្លាយជាចំណាប់អារម្មណ៍ថ្មីមួយ របស់វិនិយោគិនលើវិស័យអចលនទ្រព្យនិងដីធ្លី។
លោកថា ថេង ប្រធានក្រុមហ៊ុនអចលនទ្រព្យមួយប្រចាំតំបន់នេះ បានឱ្យដឹងនាព្រឹកថ្ងៃទី៤ កក្កដានេះថា ចាប់តាំងពីមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តនេះកាន់តែច្រើន បានធ្វើឱ្យវិនិយោគិនចាប់អារម្មណ៍លើការវិនិយោគ នៅក្នុងខេត្តមួយនេះ ហើយក៏មានអ្នកវិនិយោគជាច្រើនបានសួរនាំនិងស្វែងរកការទិញដីកាន់តែច្រើនឡើងៗ ។
លោកបន្តថា ក្រៅពីហេដ្ឋារចនាសម្ព័ន្ធ ខេត្តព្រៃវែងក៏ជាខេត្ត ដែលមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម ហើយបន្ទាប់ពីរដ្ឋាភិបាលបានបើកច្រកព្រំដែនអន្តរជាតិ ម៉ឺនជ័យក៏បានឃើញផងដែរថា សកម្មភាពនៃការវិនិយោគដីធ្លី នៅក្នុងតំបន់ច្រកព្រំដែនមានសន្ទុះខ្លាំង ជាមួយគ្នានោះដែរតម្លៃដីធ្លីក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ។
លោកបន្តថា “អ្នកវិនិយោគមួយចំនួនបានទិញដីនៅតំបន់នោះ ដើម្បីពុះឡូត៏ខ្លះទៀតសង់ផ្ទះ និងខ្លះទៀតសម្រាប់ទុកលក់ចំណេញ នៅពេលអនាគត ពោលគឺពេលដែលមានការអភិវឌ្ឍមកដល់ ”។
លោកថេង បញ្ជាក់ថា ក្នុងរយៈពេល៦ខែកន្លងមកនេះ ការវិនិយោគនៅក្នុងខេត្តប៉ែកខាងកើតភ្នំពេញ ឃើញថាចាប់ផ្ដើមមានសន្ទុះឡើងវិញតែវាមិនទាន់ល្អ ដូចកាលពី៣ឆ្នាំមុននៅឡើយទេ ហើយអ្នកវិនិយោគនៅក្នុងតំបន់នោះភាគច្រើន ក៏ជាអ្នកវិនិយោគក្នុងស្រុក ដោយមិនទាន់មានវិនិយោគិនបរទេស ចូលទៅកាន់តំបន់នោះនៅឡើយទេ តែយើងជឿជាក់ថានៅពេលឆាប់ៗនេះ នឹងមានវិនិយោគិនបរទេស ចូលទៅកាន់តំបន់នោះដើម្បីស្វែងរកការវិនិយោគ។
ជាមួយគ្នានេះ លោកឧកញ៉ា នួន រឹទ្ធីអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យKFA ក៏បានលើកឡើងផងដែរថា តាមពិតទៅព្រៃវែងជាខេត្តដែលនៅមិនឆ្ងាយពីភ្នំពេញប៉ុន្មានទេ ប៉ុន្តែដោយសារតែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខេត្តនេះនៅមានកម្រិត តែក្រោយពីរដ្ឋាភិបាល បានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ កាន់តែច្រើននៅក្នុងតំបន់នោះ និងតភ្ជាប់ពីភ្នំពេញ ទៅកាន់ខេត្តព្រៃវែង និងពីបណ្ដាខេត្តនានា ទៅកាន់ខេត្តនេះកាន់តែច្រើន ធ្វើឱ្យមានការចាប់អារម្មណ៍ជាបណ្ដើរៗពីវិនិយោគិនជាតិនិងអន្តរជាតិ។
លោកឧកញ៉ាបន្តថា “នៅពេលអនាគត ខេត្តនេះនឹងកាន់តែមានការចាប់អារម្មណ៍ពីព្រោះថា ពេលនេះរដ្ឋាភិបាលក៏បាន និងកំពុងសិក្សាលើគម្រោងផ្លូវល្បឿនលឿនភ្នំពេញបាវិត ដែលផ្លូវល្បឿនលឿននេះគឺជាបច្ច័យល្អសម្រាប់ខេត្តព្រៃវែង និងស្វាយរៀង”៕