ដោយៈ សុខុម
ម៉ានីល: ប្រធានាធិបតីហ្វីលីពីន ដែលទើបចូលកាន់តំណែងថ្មី Ferdinand Marcos បាន “វ៉េតូ” លើសេចក្ដីព្រាងច្បាប់មួយដែលស្នើបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងផែសេរីក្នុងទីក្រុងអាកាសយានដ្ឋានខ្នាតយក្ស Bulacan Airport City។
ប្រធានាធិបតីចូលកាន់តំណែងថ្មី លោក Ferdinand Marcos បានលើកឡើងថា មូលហេតុចម្បងដែលលោក “វ៉េតូ” លើគម្រោងនេះដោយសារយល់ថា វាបង្ក “ហានិភ័យសារពើពន្ធធំធេងចំពោះប្រទេស”។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយនៅថ្ងៃច័ន្ទ ទី៤ ខែកក្កដា នេះ។
តាមរយៈលិខិតមួយច្បាប់ផ្ញើ ទៅកាន់រដ្ឋសភាចុះថ្ងៃទី០១ ខែកក្កដា ប្រធានាធិបតី Ferdinand Marcos ដែលទើបចូលកាន់តំណែងកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា បានលើកឡើងថា “ផ្ទុយទៅនឹងគោលបំណងរបស់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រព័ន្ធពន្ធដារ ដែលមានអត្រាទាប និងមូលដ្ឋានពន្ធទូលំទូលាយ សេចក្ដីព្រាងច្បាប់នេះ នឹងធ្វើឱ្យមូលដ្ឋានពន្ធរបស់យើងជាមួយគ្រឿងលើកទឹកចិត្ត សម្រាប់បណ្ដាអង្គភាព ដែលបានចុះបញ្ជី រួមតូចខ្លាំង”។
លោកបន្ថែមទៀតថា “ដោយមើលឃើញពីចំណុចគួរពិចារណាទាំងនេះ ខ្ញុំត្រូវតែ ‘វ៉េតូ’ លើសេចក្ដីព្រាងច្បាប់នេះ”។
លោកក៏បានលើកឡើងដែរថា អាជ្ញាធរសេដ្ឋកិច្ច និងអភិវឌ្ឍន៍ជាតិ (NEDA) និងក្រុមប្រឹក្សាអភិវឌ្ឍន៍តំបន់ទី៣ (EDC III) បានអំពាវនាវឱ្យមានការសិក្សាបន្ថែមទៀត អំពីទំហំនៃការចំណាយ លើគម្រោងខ្នាតយក្សមួយនេះ។
ទីក្រុងអាកាសយានដ្ឋាន ដែលមានតម្លៃរហូតដល់ទៅ១៥ពាន់លានដុល្លារអាមេរិក ខាងលើនេះត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនសាជីវកម្មខ្នាតយក្ស San Miguel Corp។
San Miguel Corp គឺជាក្រុមហ៊ុនដ៏ធំបំផុតមួយ ប្រចាំប្រទេសហ្វីលីពីន ដែលមានអាជីវកម្មយ៉ាងច្រើនរាប់ចាប់ពីចំណីអាហារ ភេសជ្ជៈ ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ។
ទីក្រុងអាកាសយានដ្ឋាន Bulacan Airport City ដែលត្រូវបានបង្កើតឡើងអំឡុងរបបដឹកនាំ របស់អតីតប្រធានាធបតី រ៉ូឌ្រីហ្គោ ឌូទើតេ គ្របដណ្តប់លើផ្ទៃដីទំហំ២.៥០០ហិកតា ក្នុងទីក្រុងBulacan ហើយត្រូវបានរចនាឡើង ដើម្បីបម្រើអ្នកដំណើររហូតដល់១០០លាននាក់ ក្នុងមួយឆ្នាំៗ ដែលស្មើនឹងទំហំ៣ដងធៀប នឹងអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino International Airport ក្នុងរដ្ឋធានីម៉ានីល នាពេលបច្ចុប្បន្ន៕ The Nation៕