សុខុម
ប៉ារីស: ប៉មទួអ៊ីហ្វែល ឬ Eiffel Tower នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលល្បីល្បាញពេញពិភពលោកមានសភាពទ្រុឌទ្រោមខ្លាំង និងមានសុទ្ធតែច្រែះស៊ីដែកដែលត្រូវការជួសជុលទ្រង់ទ្រាយធំជាបន្ទាន់។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយនៅថ្ងៃអង្គារ ទី៥ ខែកក្កដា នេះ។
ទោះជាយ៉ាងណា ផ្អែកតាមរបាយការណ៍សម្ងាត់ដែលទស្សនាវដ្ដីបារាំង Marianne ទទួលបានបង្ហាញថា ជំនួសឱ្យការជួសជុលល្អិតល្អន់ជាដុំកំភួន ប៉មទួអ៊ីហ្វែល ពេលនេះគ្រាន់តែត្រូវលាបថ្នាំប៉ុណ្ណោះសម្រាប់ត្រៀមខ្លួនទទួលស្វាគមន៍ព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ (2024 Olympic Games) នៅក្នុងទីក្រុងប៉ារីស។
ប៉មអង់តែនដែកកម្ពស់៣២៤ម៉ែត្រដែលត្រូវបានសាងសង់ឡើងដោយកំពូលវិស្វករ Gustave Eiffel នៅចុងសតវត្សទី១៩ នេះគឺស្ថិតក្នុងចំណោមតំបន់ទេសចរណ៍ដែលមានអ្នកទស្សនាច្រើនជាងគេបំផុតក្នុងពិភពលោក ដែលមានភ្ញៀវទេសចរទៅលេងប្រមាណ៦លាននាក់ជារៀងរាល់ឆ្នាំ។
ទោះជាយ៉ាងណា ការរាយការណ៍សម្ងាត់ដោយអ្នកជំនាញដែលដកស្រង់ដោយទស្សនាវដ្ដី Marianne បង្ហាញថា ប៉មនេះស្ថិតក្នុងសភាពចាស់ទ្រុឌទ្រោម និងមានសុទ្ធតែច្រែះស៊ីដែក។
អ្នកគ្រប់គ្រងប៉មទួអ៊ីហ្វែល ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានទម្លាយប្រាប់ទស្សនាវដ្ដី Marianne ថា “ប្រសិនបើលោក Gustave Eiffel បានមកលេងកន្លែងនេះ គាត់ច្បាស់ជាគាំងបេះដូងមិនខាន”។
ទោះជាយ៉ាងណា ក្រុមហ៊ុន Societe d’Exploitation de la Tour Eiffel (SETE) ដែលជាអ្នកគ្រប់គ្រងប៉មនេះមិនអាចទាក់ទងសុំការឆ្លើយបំភ្លឺបានទេជុំវិញបញ្ហានេះ។
បច្ចុប្បន្នប៉មនេះកំពុងដំណើរការលាបថ្នាំឡើងវិញដោយចំណាយអស់៦២,៦លានដុល្លារអាមេរិក ដើម្បីត្រៀមខ្លួនទទួលស្វាគមន៍ព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ ហើយនេះគឺជាលើកទី២០ ហើយដែលប៉មនេះត្រូវបានលាបថ្នាំឡើងវិញ៕ CNN៕