ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាននៃបុរីវិមានសំណាង បានចុះកិច្ចព្រមព្រៀងជាមួយនឹងធនាគារហ្វីលីព ដើម្បីសហការក្នុងការផ្ដល់ឥណទានជូនអតិថិជន ទិញលំនៅឋានក្នុងបុរីវិមានសំណាង។
កិច្ចសហការនេះ ក៏ដើម្បីសម្រួលដល់អតិថិជន ក្នុងការទិញលំនៅឋាននេះផងដែរ ។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅរសៀលថ្ងៃទី៥ កក្កដា ២០២២នេះ នៅការិយាល័យលក់បុរីវិមានសំណាងតាមបណ្ដោយផ្លូវឈ្នះឈ្នះ។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ស្ថាបនិកនៃបុរីវិមានសំណាងបានមានប្រសាសន៍ឱ្យដឹងថា ដោយសារតែគម្រោងវិមានសំណាង ជាគម្រោងធំ មានផ្ទៃដី២៥ហិចតា មានវីឡាតែជាង៤០០វីឡាប៉ុណ្ណោះ តែតម្លៃលក់របស់យើងគឺចាប់ពីជាង៤០ម៉ឺនដុល្លារអាមេរិកឡើងទៅ ដូច្នេះភ្ញៀវដែលទិញលំនៅឋានគឺត្រូវការឥណទាន។ ម្យ៉ាងទៀតអតិថិជន ដែលទិញលំនៅឋាននាពេលបច្ចុប្បន្ននេះ គឺចង់បានប្លង់រឹងស្របច្បាប់ ឯកសារត្រឹមត្រូវជាពិសេសមានការគាំទ្រពីធនាគារ។ ដូច្នេះហើយទើបថ្ងៃនេះ យើងបានចុះMOU ជាមួយធនាគារហ្វីលីព ហើយលក្ខខណ្ឌដែលធនាគារហ្វីលីព តម្រូវគឺយើងមានទាំងអស់។
លោកឧកញ៉ាបន្តថា ការចុះអនុស្សរណនេះ នឹងសម្រួលដល់អតិថិជនបានច្រើន ពីព្រោះថាភ្ញៀវខ្លះទោះបីជាគាត់មានលុយគ្រប់គ្រាន់ ក្នុងការទិញផ្ទះក៏ដោយ ក៏គាត់ត្រូវការឥណទានពីធនាគារដែរ ហើយបុរីយើងមានឯកសារត្រឹមត្រូវ មានប្លង់រឹង ដែលអាចឱ្យធនាគារផ្ដល់ឥណទានទៀតផង ដូច្នេះហើយយើងរំពឹងថា នឹងជំរុញការលក់ឱ្យបានកាន់តែច្រើនបន្ថែមទៀត ។
លោកឧកញ៉ាបន្ថែមថា អតិថិជនទិញផ្ទះពីបុរីវិមានសំណាង អាចបង់ជាមួយធនាគាររហូតដល់៧០ភាគរយ មានន័យថាបើទិញផ្ទះថ្លៃ១លានគាត់បង់ជាមួយយើងតែ៣០ម៉ឺន គាត់យកប្លង់ទៅដាក់ជាមួយធនាគារហ្វីលីពហើយបង់ជាមួយធនាគារវិញ។ ភ្ញៀវខ្លះចូលចិត្តយកឥណទាន ពីធនាគារដោយសារតែធនាគារមានការប្រាក់ទាប និងអាចមានរយៈពេលយូរទៀតផង ។
ជាមួយគ្នានេះ លោកចាន់ ម៉ាច អគ្គនាយកធនាគារហ្វីលីពក៏បានមានប្រសាសន៍ថា ធនាគារហ្វីលីពតែងតែផ្ដល់ការគាំទ្រ ដល់វិស័យសំណង់ និងការអភិវឌ្ឍលំនៅឋាន ហើយកន្លងមកធនាគារហ្វីលីព ក៏បានសហការជាមួយអ្នកអភិវឌ្ឍន៍លំនៅឋានជាច្រើន ក្នុងការផ្ដល់ឥណទានដល់អតិថិជនទិញលំនៅឋាននៅក្នុងបុរី ឬពីគម្រោងអភិវឌ្ឍន៍លំនៅឋានរបស់ខ្លួន ។
លោកបន្តថា ក្នុងឆ្នាំ២០២២នេះ ការផ្ដល់ឥណទានទៅលើគេហដ្ឋានពីបណ្ដាធនាគារនៅកម្ពុជាឃើញថា មានកំណើនជាងកាលពីឆ្នាំ២០២១កន្លងទៅ ហើយវិបត្តិនៃសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ក៏មិនទាន់មានផលប៉ះពាល់អ្វីដល់វិស័យធនាគារនៅកម្ពុជានោះដែរ៕