ដោយៈ ជេស៊ីកា
ភ្នំពេញៈ ការស្នើសុំកាន់កាប់ដីធ្លីផ្នែកណាមួយរបស់រូបវ័ន្តបុគ្គល ឬក្រុមហ៊ុនណាមួយ មាននិតិវិធីជាច្រើនដែលត្រូវធ្វើឡើង ទៅតាមទីតាំង ទំហំដី និងទិដ្ឋភាពមួយចំនួនទៀតផងដែរ។
ដោយៈ ជេស៊ីកា
ភ្នំពេញៈ ការស្នើសុំកាន់កាប់ដីធ្លីផ្នែកណាមួយរបស់រូបវ័ន្តបុគ្គល ឬក្រុមហ៊ុនណាមួយ មាននិតិវិធីជាច្រើនដែលត្រូវធ្វើឡើង ទៅតាមទីតាំង ទំហំដី និងទិដ្ឋភាពមួយចំនួនទៀតផងដែរ។
លោកមេធាវី លី កុសល សមាជិកណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកនូវចំណេះដឹង និងទិដ្ឋភាពច្បាប់មួយចំនួនទាក់ទងនឹងបញ្ហានេះ។
សិទ្ធិកាន់កាប់ដីធ្លីឬកម្មសិទ្ធិ គឺជាសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ ដែលក្នុងនោះមានសិទ្ធិប្រើប្រាស់ អាស្រ័យផល និងចាត់ចែង ដែលជាទ្រព្យរបស់ខ្លួនដោយសេរីក្នុងកម្រិតនៃច្បាប់ ហើយអ្នកដែលមានសិទ្ធិកាន់កាប់ដីធ្លី ឬម្ចាស់កម្មសិទ្ធិអាចជាបុគ្គលម្នាក់ ជាគ្រួសារ ជាក្រុម ជាអង្គការ ជាសហគមន៍ពលរដ្ឋ ជាដើម។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ មាត្រា៣១បានចែងថា “ព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស ដែលមានចែងក្នុងធម្មនុញ្ញ នៃអង្គសហប្រជាជាតិ និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ដែលបានទទួលស្គាល់នូវគោលការណ៍នៃកម្មសិទ្ធិ”។
យោងតាមមាត្រា ៤៤ នៃធម្មនុញ្ញបានចែងថាៈ ជនណាក៏ដោយ ទោះជាបុគ្គលក្តី ជាសមូហភាពក្តី មានសិទ្ធិជាម្ចាស់កម្មសិទ្ធិ។ មានតែរូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី ។ រួមទាំងច្បាប់ភូមិបាលកម្ពុជាឆ្នាំ ២០០១ ក៏បានបញ្ជាក់នូវការទទួលស្គាល់សិទ្ធិកាន់កាប់ដីធ្លីផងដែរ។
ចំពោះពលរដ្ឋខ្លះ ដែលបានអះអាងថា ដីដែលគាត់រស់នៅគឺជាដីកេរ្តិ៍ពីដូនតា តែគាត់មិនអាចសុំសិទ្ធិកាន់កាប់បាន។ ករណីនេះ ជួនកាលគាត់មិនបានដឹងថាប្រភេទដីធ្លីខ្លះ ជាប្រភេទកម្មសិទ្ធិសាធារណៈរបស់រដ្ឋ មិនអាចក្លាយជាការកាន់កាប់ ដោយលទ្ធកម្មបានទេ មិនអាចលក់ដូរបាន ហើយក៏មិនអាចកំណត់អាជ្ញាយុកាលបានទេ។ នេះបើយោងតាមច្បាប់ភូមិបាល។
ដីជាកម្មសិទ្ធិសាធារណៈរបស់រដ្ឋ មានដូចជាៈ
-ទ្រព្យកើតឡើងពីធម្មជាតិ ដូចជា ព្រៃឈើ ភ្នំ ផ្លូវទឹក បឹងធម្មជាតិ ច្រាំងទន្លេ ត្រើយសមុទ្រ…។ល។
-ទ្រព្យទាំងឡាយ ដែលជាកម្មវត្ថុនៃការរៀបចំ ពិសេសសម្រាប់ប្រយោជន៍ទូទៅ មានដូចជា កំពង់ផែ ផ្លូវដែក តីរឋាន ស្ថានីយរថភ្លើង និងព្រលានយន្តហោះ។
-ទ្រព្យទាំងឡាយ ដែលត្រូវបានដាក់ឲ្យប្រើប្រាស់ ជាសាធារណៈតាមស្ថានភាពពីកំណើត ឬក្រោយពីបានរៀបចំ មានដូចជា ផ្លូវថ្នល់ ផ្លូវលំ ផ្លូវរទេះ ផ្លូវដើរ សួនច្បារ និងឧទ្យានសាធារណៈ និងដីចំណី។
-ទ្រព្យទាំងឡាយ ដែលត្រូវបានដាក់ឲ្យដំណើរការ សម្រាប់សេវាសាធារណៈមានដូចជា សាលារៀន ឬអគារសិក្សា អគាររដ្ឋបាល មន្ទីរពេទ្យសាធារណៈទាំងឡាយ។ ទ្រព្យទាំងឡាយ ដែលបង្កើតជាដែនបម្រុងធម្មជាតិ ការពារដោយច្បាប់ ។
តំបន់បេតិកភណ្ឌបុរាណវិទ្យា វប្បធម៌ និងប្រវត្តិសាស្ត្រ។ អចលនទ្រព្យជាព្រះរាជទ្រព្យ ដែលមិនមែនជាទ្រព្យសម្បត្តិឯកជន របស់ព្រះរាជវង្ស។ អចលនវត្ថុ ជាព្រះរាជទ្រព្យ ត្រូវបានចាត់ចែងដោយព្រះមហាក្សត្រ កំពុងគ្រងរាជ្យ។
ចំពោះករណីប្លង់កម្មសិទ្ធិត្រួតស៊ីគ្នា ឬក៏ចូលដីអ្នកដទៃរហូតបង្កើតជាទំនាស់កើតឡើង អ្នកដែលទទួលខុសត្រូវ ក្នុងការដោះស្រាយ មានដូចជា ការចូលរួមដោះស្រាយរវាងភាគីទំនាស់ ក្រុមប្រឹក្សាឃុំសង្កាត់ គណៈកម្មការសុរិយោដីធ្លី គណៈកម្មការរដ្ឋបាល អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងតុលាការ។ និយាយរួមការដោះស្រាយទំនាស់កើតឡើង ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
តាមច្បាប់ការរស់នៅលើដី ដោយសន្តិភាពរយៈពេល៥ឆ្នាំឡើងទៅ ដោយបានអាស្រ័យផលនៃភោគៈ ដោយសន្តិវិធីនិ ងមិនមានការជំទាស់ មានលក្ខណៈត្រឹមត្រូវតាមច្បាប់ ក្នុងការកាន់កាប់ជាឯកជន គឺពលរដ្ឋមានសិទ្ធិស្នើសុំបណ្ណកម្មសិទ្ធិជាស្ថាពរបាន។
ចំពោះខាងជំនាញបដិសេធដោយសំអាងថា ជាដីរបស់រដ្ឋនោះ ប្រជាពលរដ្ឋ ត្រូវយកភ័ស្តុតាងមកបញ្ជាក់ទៅខាងជំនាញថា ខ្លួនបានបំពេញលក្ខខណ្ឌ នៃភោគៈដោយសន្តិវិធី និងមិនមានការជំទាស់ចាប់ពី ៥ (ឆ្នាំ)នៅលើអចលនវត្ថុនោះ ជាពិសេសការកាន់របស់ខ្លួន គឺធ្វើឡើងដោយពិតប្រាកដ គ្មានហិង្សា ដឹងឮជាសាធារណៈគ្មានការអាក់ខាន និងដោយសុចរិត។ យោងតាមមាត្រា៣០ និង៣៨ នៃច្បាប់ភូមិបាលឆ្នាំ២០០១។
ការចេញប្លង់កម្មសិទ្ធិ កើតឡើងពីការឃុបឃិតគ្នា ឬមានការសូកប៉ាន់ដោយកសាងបណ្ណដោយបំពាន អ្នកដែលប្រព្រឹត្ត ទាំងមន្ត្រីឬអាជ្ញាធរ ប្រឈមនឹងការផ្តន្ទាទោស ពិន័យជាប្រាក់ពី១០លានរៀល និងត្រូវទទួលទោសរដ្ឋបាលថែមទៀត។
ជាពិសេស បើការដកហូតអចលនវត្ថុ បានប្រព្រឹត្តទៅដោយហិង្សា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ៦ (ប្រាំមួយ) ខែ ដល់ ២ (ពីរ)ឆ្នាំ ថែមទៀត។ យោងតាមមាត្រា២៦១ នៃច្បាប់ភូមិបាលឆ្នាំ ២០០១៕