ធនាគារក្នុងខេត្តហឺណាន នឹងសងប្រាក់អតិថិជនមួយចំនួនក្រោយពីមាន បាតុកម្មទ្រង់ទ្រាយធំ

0

ដោយ: លាងហួរ

ចិន: និយ័តករបាននិយាយថា ធនាគារនៅខេត្តហឺណាន នឹងអនុញ្ញាតឱ្យអតិថិជន អាចដកប្រាក់របស់ខ្លួនវិញនៅថ្ងៃសុក្រ ទី១៥ខែកក្កដា បន្ទាប់ពីអ្នកដាក់ប្រាក់បញ្ញើបានប៉ះទង្គិច ជាមួយអាជ្ញាធរនៅក្នុងការតវ៉ាដ៏កម្រមួយកាលពីចុងសប្តាហ៍។

វិស័យធនាគារនៅជនបទរបស់ប្រទេសចិន ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារការខិតខំប្រឹងប្រែង របស់ទីក្រុងប៉េកាំងក្នុងការទប់ទល់នឹងវិស័យអចលនទ្រព្យ និងបំណុលដែលកំពុងកើនឡើង នៅក្នុងការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងនៅទូទាំងប្រទេ​សចិន។

ធនាគារចំនួន៤ នៅក្នុងខេត្តហឺណានបានបង្កក រាល់ការដកសាច់ប្រាក់ចាប់តាំងពីពាក់កណ្តាលខែមេសា ដែលនាំឱ្យអ្នកសន្សំរាប់ពាន់នាក់គ្មានមូលនិធិ និងបង្កឲ្យមានបាតុកម្មជាបន្តបន្ទាប់។

នៅក្នុងបាតុកម្មដ៏ធំបំផុតមួយ នៅទីក្រុងZhengzhou មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យ នៅខាងក្រៅសាខានៃធនាគារប្រជាជនចិន ក្នុងរដ្ឋធានី Zhengzhou នៃខេត្តហឺណាន ដើម្បីទាមទារដកប្រាក់របស់ពួកគេ។

និយតករធនាគារ និងធានារ៉ាប់រងខេត្តហឺណាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃចន្ទថា អ្នកដាក់ប្រាក់បញ្ញើមួយចំនួននឹងអាចទទួលបានប្រាក់របស់ពួកគេវិញហើយ។

និយតករបានបន្តថា អតិថិជនម្នាក់ៗ ដែលមានប្រាក់បញ្ញើរហូតដល់៥០.០០០យ័ន(៧៤៤២ដុល្លារអាមេរិក) នឹងត្រូវសងវិញចាប់ពីថ្ងៃសុក្រ ខណៈ ពេល ដែល ការ រៀបចំ សម្រាប់ ការ សង អតិថិជនផ្សេង នឹង ត្រូវ បាន ប្រកាស ដោយ ឡែក ពី គ្នា។

និយតករបាននិយាយថា មូលនិធិដែលពាក់ព័ន្ធនឹងអំពើខុសច្បាប់ រឺសកម្មភាពឧក្រិដ្ឋកម្ម  នឹងមិនត្រូវបានសងវិញជាបណ្ដោះអាសន្នទេ។

ការប្រកាសសងប្រាក់ដល់អតិថិជនវិញនេះ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីប៉ូលីស ក្នុងតំបន់បាននិយាយថា ខ្លួនបានចាប់ខ្លួនសមាជិកនៃក្រុមឧក្រិដ្ឋជន ដែលត្រូវបានចោទប្រកាន់ ពីបទកាន់កាប់ធនាគារក្នុងស្រុក និងធ្វើការផ្ទេរប្រាក់ខុសច្បាប់តាមរយៈប្រាក់កម្ចីក្លែងក្លាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here