ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ឆ្នាំ២០២២នេះ កំណើនភ្ញៀវទេសចរបរទេសចូលមកកាន់ប្រទេសកម្ពុជា ចាប់ផ្ដើមកើនឡើងវិញជាបន្តបន្ទាប់ ក្នុងនោះដែរក៏មានភ្ញៀវបរទេសជាទេសចរ និងភ្ញៀវជាវិនិយោគិនផងដែរ។
ការមកដល់នៃភ្ញៀវទេសចរបរទេស ចូលមកកាន់កម្ពុជានេះត្រូវបានរំពឹងថានឹងជួយជំរុញ ឱ្យទីផ្សារខុនដូនិងអាផាតម៉ិន ងើបឡើងវិញក្នុងពេលឆាប់ៗនេះ ។
អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថាឱ្យដឹងថា ទីផ្សារខុនដូក្នុងរយៈពេល១ឆមាស២០២២នេះ បានចាប់ផ្ដើមមានសកម្មភាពល្អប្រសើរបន្តិចឡើងវិញ ។ជាក់ស្ដែងទាំងសកម្មភាពសាងសង់នូវគម្រោង ដែលបានផ្អាកដំណើរការកាលពីពេលមានវិបត្តិក៏ចាប់ផ្ដើមដំណើរការវិញ ហើយគម្រោងថ្មីៗ មួយចំនួនក៏ចាប់ផ្ដើសាងសង់ដែរ ។
អ្នកនាងបន្តថា “កំណើនភ្ញៀវទេសចរបរទេស ពិតជាបានធ្វើឱ្យតម្រូវការនូវការជួលខុនដូ និងអាផាត់មិននៅក្នុងប្រទេសកម្ពុជា ប៉ុន្តែបើនិយាយពីតម្លៃហាក់មិនទាន់មានការប្រែប្រួល គួរឱ្យកត់សម្គាល់នោះទេ នៅរក្សាតម្លៃ ថេរនិងតំបន់ខ្លះប្រែប្រួលតិចតួចប៉ុណ្ណោះ”។
ជាមួយគ្នានេះ លោកខន គង្គា អគ្គនាយកក្រុមហ៊ុនERA Cambodia ក៏បានលើកឡើងថា ក្នុងឆ្នាំ២០២២នេះ តម្រូវការទីផ្សារខុនដូ ក្នុងប្រទេសកម្ពុជា បានឃើញថាមានភាពកម្រើកជាងឆ្នាំ២០២០និងឆ្នាំ ២០២១កន្លងទៅ ហើយក៏មានសកម្មភាព នៃការទិញលក់ខុនដូច្រើនជាងរយៈពេល២ឆ្នាំកន្លងមកដែរ។ សកម្មភាពទាំងនេះ បានមកពីការបើកប្រទេសឡើងវិញ បើកសកម្មភាពសេដ្ឋកិច្ច និងការបើកឱ្យភ្ញៀវទេសចរបរទេសចូលមកកម្ពុជាឡើងវិញផងដែរ។
លោកបន្តថា “ការបើកឱ្យជនបរទេស និងអ្នកដំណើរបរទេសចូលមកកម្ពុជាឡើងវិញ បានជំរុញឱ្យទីផ្សារមួយនេះ ទទួលបានកំណើនឡើងវិញជាបន្តបន្ទាប់ ហើយក៏រំពឹងថាទីផ្សារនេះ នឹងទទួលបានកំណើនកាន់តែច្រើននៅឆ្នាំ២០២២និងឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់”។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា ក្នុងរយៈពេល៥ខែកន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរចំនួនជាង៣៤ម៉ឺននាក់ ខណៈរយៈពេលពេញមួយឆ្នាំនៃឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសតែជាង១៩ម៉ឺននាក់ប៉ុណ្ណោះ ។ ក្នុងឆ្នាំ២០២២នេះ ក្រសួងទេសចរណ៍រំពឹងថា នឹងទទួលបានភ្ញៀវទេសចរ១លាននាក់ និងឆ្នាំ២០២៣រំពឹងថានឹងទទួលបាន២លាននាក់ ក្រោយពីកម្ពុជាបានដាក់ចេញនូវវិធានការថ្មីៗបន្តបន្ទាប់៕