ដោយ៖ លាងហួរ
ថៃ៖ ដើម្បីជំរុញការលក់អចលនទ្រព្យ និងជំរុញសេដ្ឋកិច្ចជាតិ ក្រសួងមហាផ្ទៃ របស់ប្រទេសថៃគ្រោងអនុញ្ញាតឱ្យវិនិយោគិនបរទេស ដែលវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន៤០លានបាត (ប្រមាណជាង១លានដុល្លារអាមេរិក) ក្នុងរយៈពេលយ៉ាងតិច៣ឆ្នាំ អាចទិញលំនៅដ្ឋានលើដីទំហំ១.៦០០ម៉ែត្រការ៉េ។
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី១២ ខែកក្កដានេះ។
-->
លោក Nipon Boonyamanee អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ឱ្យដឹងនៅ ថ្ងៃអង្គារនេះថា ក្រសួងមហាផ្ទៃនឹងស្នើវិធានការនេះ ទៅកាន់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីនាពេលឆាប់ៗនេះ។
លោក Nipon Boonyamanee បានបង្ហាញក្តីរំពឹងថា តាមរយៈវិធានការនេះនឹងជួយជំរុញទីផ្សារអចលនទ្រព្យ និងផ្តល់អត្ថប្រយោជន៍ដល់ហាងឆេងតម្លៃដីធ្លី នៅក្នុងទីក្រុងបាងកក និងខេត្តសំខាន់ៗផ្សេងទៀតដូចជាសាមុតប្រកាន (Samut Prakan) ឈុនបុរី (Chonburi) ឆៀងម៉ៃ (Chiang Mai) និង ខេត្តភូកេត (Phuket)។

អនុរដ្ឋមន្ត្រីរូបនេះ បានបន្តថា កន្លងមក ក្រសួងមហាផ្ទៃបានស្វែងរកវិធានការជំរុញការលក់អចលនទ្រព្យ ជាពិសេសក្នុងចំណោមពាណិជ្ជករបរទេស ដែលមានកម្លាំងទិញខ្ពស់។ តម្លៃអចលនទ្រព្យនៅក្នុងប្រទេសថៃមិនខ្ពស់ទេ បើប្រៀបធៀបទៅនឹងប្រទេសដទៃ ដូច្នេះវាជាឱកាសល្អក្នុងការជំរុញសេដ្ឋកិច្ច។
លោកក៏បានបញ្ជាក់ថា ក្រសួងក៏មានគោលបំណងបញ្ចុះថ្លៃ ក្នុងការផ្ទេរនិងបញ្ចាំ សម្រាប់អចលនទ្រព្យ ដែលមានតម្លៃជាង៣លានបាត(ប្រមាណជាង៨២.០០០ដុល្លារ) ចុះដល់ត្រឹមតែ០,០១ភាគរយ។
លោកបានបន្ថែមថា ក្រសួងនឹងសិក្សាថា តើការកាត់បន្ថយថ្លៃផ្ទេរប្រាក់ និងកម្ចីទិញផ្ទះ នឹងត្រូវផ្តល់ជូនអចលនទ្រព្យ ដែលមានតម្លៃរហូតដល់២០លានបាត(ប្រមាណជាង៥៥ម៉ឺនដុល្លារ) ឬអត់៕
