ដោយ៖ សុផារី
ភ្នំពេញ៖ បរធនបាលកិច្ច គឺជាមធ្យោបាយថ្មីមួយនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យមួយនេះបាននិងកំពុងមានតួនាទីសំខាន់នៅក្នុងការជំរុញវិស័យអចលនទ្រព្យកម្ពុជា ឱ្យមានការរីកចម្រើន ជាពិសេសនៅក្នុងអចលនទ្រព្យប្រភេទលំនៅឋានបុរី។
អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់ CBRE Cambodia បានមានប្រសាសន៍ននៅក្នុងបទបង្ហាញរបាយការណ៍ប្រចាំឆមាសរបស់ក្រុមហ៊ុន CBRE Cambodia កាលពីសប្តាហ៍កន្លងមកថា “យើងបានសង្កេតឃើញ សកម្មភាពរួមគ្នារវាងក្រុមហ៊ុនបរធនបាល (Trust Company)ឈានជើងចូលមកកាន់វិស័យលំនៅឋានបែបបុរី ដោយក្រុមហ៊ុនបរធនបាលទាំងនោះបានធ្វើការសម្រាប់គម្រោងបុរី ដីធ្លីជាប់បុរី និងក្រៅបុរី”។
យោងតាមការឱ្យដឹងរបស់អ្នកនាងកេសា បច្ចុប្បន្ននេះ យ៉ាងហោចណាស់មានក្រុមហ៊ុនបរធនបាលប្រមាណ១២ទៅ១៤ក្រុមហ៊ុន បានបើកដំណើរការ និងគ្រប់គ្រងដោយ និយ័តករមូលបត្រកម្ពុជា (Securities and Exchange Regulator of Cambodia)។
បើតាមអ្នកជំនាញរូបនេះឱ្យដឹងថា វត្តមាននៃក្រុមហ៊ុនទាំងនោះនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជាបានធ្វើឱ្យអ្នកអភិវឌ្ឍន៍គម្រោងលំនៅឋាន មិនត្រឹមតែអាចផ្តល់ជូននូវបុរី ដែលមានគុណភាពខ្ពស់ ដល់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់ឱកាសក្នុងការពង្រីកបន្ថែមដល់អតិថិជនក្រៅប្រទេសផងដែរ។
អ្នកនាងបន្តថា “ខ្ញុំគិតថា វានឹងក្លាយជាមធ្យោបាយថ្មីមួយ សម្រាប់អ្នកអភិវឌ្ឍន៍គម្រោងលំនៅឋាន ក្នុងការផ្តល់ជូននូវបុរី ដែលមានគុណភាពខ្ពស់ ដើម្បីពង្រីកបន្ថែមដល់អតិថិជនក្រៅប្រទេស ខណៈការឆ្លើយតប និងតម្រូវការនៃវិនិយោគិនបរទេស គឺជាអ្វី ដែលយើងត្រូវស្រូបយក និងតាមដានមើលក្នុងរយៈពេល២ឆ្នាំទៀត”។
ក្រុមហ៊ុនបរធនបាល (ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស) ឬភាសាអង់គ្លេសហៅថា Trust Company យោងតាមច្បាប់ស្តីពីបរធនបាលកិច្ចឆ្នាំ២០១៩ ជនបរទេសអាចទិញដីនៅកម្ពុជាបានតាមរយៈក្រុមហ៊ុនបរធនបាល ដែលបានចុះបញ្ជីបរធនបាលកិច្ចនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រឹមត្រូវ។
ក្រុមហ៊ុនបរធនបាលដើរតួជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិឱ្យជនបរទេស ដោយគ្មានសិទ្ធិយកទៅលក់ បន្តឡើយ ទោះជាដីនោះជាឈ្មោះកម្មសិទ្ធិរបស់ក្រុមហ៊ុនក៏ដោយ។ ការទិញដោយវិធីនេះ ជនបរទេសតែងមានទំនុកចិត្តខ្ពស់៕