អាជ្ញាធរខេត្តកែបពង្រីកការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋក្នុងមូលដ្ឋាន

0

ដោយៈ គង់ ម៉ាលីនណា

ខេត្តកែបៈ អភិបាលនៃគណៈអភិបាលខេត្តកែប លោកបណ្ឌិត​ សោម ពិសិដ្ឋ អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែ​ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប។

ផ្លូវនេះជាប្រភេទផ្លូវបេតុងអាមេមួយខ្សែ ប្រវែង៧៩០ម៉ែត្រ ទទឹង១០ម៉ែត្រ រៀបខឿនជញ្ជាំងភ្នំជើងទេរកម្ពស់២ម៉ែត្រ និងប្រឡាយរំដោះទឹកប្រវែង៧៩០ម៉ែត្រ។

លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប មានប្រសាសន៍កាលពីដើមសប្តាហ៍នេះថា ការបើកការដ្ឋាន សាងសង់ ចាក់បេតុងអាមេផ្លូវមួយខ្សែ ប្រវែង៧៩០ម៉ែត្រ ទទឹង១០ម៉ែត្រ និងប្រឡាយរំដោះទឹកភ្លៀង គឺអនុវត្តន៍តាមផែនការអភិវឌ្ឍន៍ខេត្ត ដើម្បីបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ​ និងកែលម្អសោភណភាព និងដាក់ភ្លើងបំភ្លឺផ្លូវដែលកន្លងមកតែងតែជួបនូវការលំបាក ការកកស្ទះ និងតូចចង្អៀត ពិបាកក្នុងការធ្វើចរាចរនៅពេលមានពិធីបុណ្យទានម្ដងៗ។

លោកបន្ថែមទៀតថា ខេត្តកែប​ បច្ចុប្បន្ននេះពីមួយថ្ងៃទៅមួយថ្ងៃ មានការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងជាបន្តបន្ទាប់ ខេត្តបាននឹងកំពុង ប្រឹងប្រែងកសាង ជួសជុលផ្លូវជាតិ ផ្លូវលំ រៀបចំរមណីយដ្ឋានទេសចរ​ណ៍ តំបន់ឆ្នេរ អោយកាន់តែមានភាពស្រស់ត្រកាល និងអនាម័យបរិស្ថានល្អ ខ្យល់អាកាសបរិសុទ្ធ និងទិដ្ឋភាពគួរជាទីទាក់ទាញ ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកសម្រាក លំហែរកំសាន្ត នៅតាមតំបន់ឆ្នេរ
សមុទ្រខេត្តកែប អោយកាន់តែមាន សន្ទុះច្រើនឡើងៗនាពេលអនាគត​។

ជាការពិតណាស់ ផ្លូវចាក់បេតុងអាមេមួយខ្សែ ប្រវែង៧៩០ម៉ែត្រ ទទឹង១០ម៉ែត្រ និងប្រឡាយរំដោះទឹកភ្លៀង នាពេល​នេះ​ និងជួយសម្រួលដល់ការកកស្ទះ រាល់ការធ្វើដំណើររបស់បងប្អូនភ្ញៀវទេសចរជាតិ -អន្តរជាតិ ដែលមកសម្រាកលំហែរ កម្សាន្តក្នុងរដូវបុណ្យទាន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកែប អោយកាន់តែមានភាពងាយស្រួល ប្រសើរជាងមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here