ទីផ្សារអចលនទ្រព្យថៃ បន្តស្ថិតក្នុងស្ថានភាពមិនល្អដោយសារការកើនឡើងចំណាយថ្លៃដើម និងអតិផរណា

0

ដោយសុខុម

បាងកក: ទីផ្សារអចលនទ្រព្យថៃ នឹងបន្តប្រឈមការលំបាកដោយសារការកើនឡើងអតិផរណា ចំណាយថ្លៃដើមក្នុងការអភិវឌ្ឍ និងការដំឡើងអត្រាការប្រាក់ក្នុងឆមាសទី២ ឆ្នាំនេះដែលនឹងធ្វើឱ្យប៉ះពាល់ដល់តម្រូវការលំនៅដ្ឋាន។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១២ កក្កដា។

លោក Saenphin Sukhee នាយកប្រតិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន Frasers Property Home (Thailand) បានលើកឡើងថា អត្រាអតិផរណា៧,៦%ក្នុងប្រទេសថៃ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល១៣ឆ្នាំមកនេះនឹងធ្វើឱ្យលក្ខខណ្ឌកាន់សម្រាប់ឥណទានគេហដ្ឋាន ឬកម្ចីទិញផ្ទះកាន់តែតឹងរ៉ឹង។

លោកគូសបញ្ជាក់ថា “សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន បានធ្វើឱ្យចំណាយថ្លៃដើមក្នុងការអភិវឌ្ឍហក់ឡើងខ្ពស់ជាងមុន ដោយប្រេងឥន្ធនៈបានហក់ឡើងថ្លៃ១៧% ហើយដែកហក់ឡើងថ្លៃ២៥% ដែលបានរុញច្រានឱ្យចំណាយថ្លៃដើមក្នុងការអភិវឌ្ឍហក់ឡើង១០%”។

ដោយសារតែកត្តាអវិជ្ជមានទាំងនេះ សន្ទុះនៃការទិញផ្ទះនឹងធ្លាក់ចុះ ខណៈអតិថិជនកំពុងជួបការលំបាកដោយសារការកើនឡើងថ្លៃចំណាយជីវភាព ហើយប្រាក់ចំណូលក៏ពិបាករកដោយសារស្ថានភាពសេដ្ឋកិច្ចមិនអំណោយផល។

លោក Saenphin Sukhee បានបន្ថែមទៀតថា ការដំឡើងអត្រាការប្រាក់ក្នុងឆមាសទី២ នេះនឹងជះផលប៉ះពាល់មកលើសន្ទុះនៃការទិញផ្ទះ ព្រោះរាល់ការដំឡើង១%គឺស្មើនឹងកើនឡើង៨%នៅក្នុងអត្រាបង់រំលស់ផ្ទះប្រចាំខែ។

ទន្ទឹមនេះលោក Chatchai Sirilai ប្រធានធនាគារលំនៅដ្ឋានរដ្ឋ (Government Housing Bank (GHB)) ដែលគ្រប់គ្រងដោយរដ្ឋថ្លែងថា ការដំឡើងអត្រាការប្រាក់ក្នុងឆមាសទី២ ចុងឆ្នាំនេះ ទំនងជាមិនធ្វើឱ្យអ្នកទិញផ្ទះព្រួយបារម្ភនោះទេ ដោយសារអត្រាថ្មីនេះនៅតែទាបជាងពីមុន៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here