ដោយៈ សុខុម
ហុងកុង: ចំនួនអ្នកទិញផ្ទះកាន់តែច្រើនឡើងៗ នៅទូទាំងប្រទេសចិន បានសរសេរលិខិតផ្ញើទៅក្រុមនិយ័តករ និងបណ្ដាធនាគារថ្នាក់មូលដ្ឋានដើម្បីគំរាមថា ពួកគេនឹងឈប់បង់ប្រាក់កម្ចីទិញផ្ទះ ជាការតវ៉ាប្រឆាំងនឹគម្រោងអភិវឌ្ឍន៍ដែលសាងសង់មិនទាន់រួចរាល់។
យោងតាមសារព័ត៌មានអចលនទ្រព្យ Leju ដែលជាសារព័ត៌មានក្នុងស្រុកឱ្យដឹងថា គិតត្រឹមរសៀលថ្ងៃអង្គារ ទី១២ ខែកក្កដា លិខិតបែបនេះត្រូវបានចេញ សម្រាប់គម្រោងអភិវឌ្ឍន៍យ៉ាងតិច១៤គម្រោង ដែលពាក់ព័ន្ធជាមួយអ្នកទិញផ្ទះ ប្រមាណ ៤៦.០០០នាក់ ហើយគម្រោងអចលនទ្រព្យទាំងនោះ មានតម្លៃសរុបប្រមាណ ៥,២១ពាន់លានដុល្លារអាមេរិក។
តាមរយៈរបាយការណ៍ដាច់ដោយឡែកមួយ កាលពីថ្ងៃពុធ ទី១៣ ខែកក្កដា ក្រុមហ៊ុន Leju បានលើកថា មានគម្រោងអភិវឌ្ឍន៍ដល់ទៅ ៨៤គម្រោង ដែលគ្មានប្រភពបញ្ជាក់ច្បាស់លាស់ ធ្វើការផ្សព្វផ្សាយលក់តាមបណ្ដាញអ៉ីនធឺណេត។
អ្នកទិញផ្ទះដែលបានទិញមុន ពេលគម្រោងចាប់ផ្ដើមកាលពីច្រើនឆ្នាំមុន នៅមិនទាន់ទទួលបានផ្ទះនៅឡើយទេ ពោលលើសរយៈពេលកំណត់ជាច្រើនខែ ខណៈបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍បានផ្អាក ឬមិនបានបញ្ចប់ការសាងសង់ឱ្យរួចរាល់។
ជាច្រើនក្នុងចំណោមគម្រោងអភិវឌ្ឍន៍ទាំងនេះ ស្ថិតនៅក្នុងទីក្រុងលំដាប់ទាប និងជាកម្មសិទ្ធិរបស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ ដែលកំពុងជួបវិបត្តិ រួមមានទាំងក្រុមហ៊ុន China Evergrande ក្រុមហ៊ុន China Aoyuan ក្រុមហ៊ុន Sinic និងក្រុមហ៊ុន Shimao ផងដែរ។
ទោះជាយ៉ាងណា ក្រុមហ៊ុន Evergrande បានបដិសេធមិនឆ្លើយបំភ្លឺទេជុំវិញបញ្ហានេះ ចំណែកឯក្រុមហ៊ុន Aoyuan ក្រុមហ៊ុន Sinic និងក្រុមហ៊ុន Shimao ក៏មិនបានឆ្លើយតបនឹងសំណើសុំការឆ្លើយបំភ្លឺនេះដែរ៕ Reuters៕