ដោយ: លាងហួរ
ប្រទេសថៃ: ក្រសួងមហាផ្ទៃថៃ បានរាយការណ៍ឱ្យដឹងកាលពីថ្ងៃពុធថា ខ្លួនអនុញ្ញាតឱ្យជនបរទេស ដែលវិនិយោគ៤០លានបាត យ៉ាងហោចណាស់បីឆ្នាំ ដើម្បីទិញលំនៅដ្ឋាននឹងស្របតាមច្បាប់ ដែលមានស្រាប់និងបទប្បញ្ញត្តិបន្ថែមរបស់ក្រសួង។
សេចក្តីថ្លែងការណ៍បានកើតឡើង បន្ទាប់ពីអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Nipon Boonyamanee កាលពីថ្ងៃអង្គារ បានស្នើឱ្យគណៈរដ្ឋមន្ត្រីអនុម័ត លើការផ្តល់កម្មសិទ្ធិដីធ្លីនេះដល់វិនិយោគិន បរទេសក្នុងគោលបំណងជំរុញការលក់អចលនទ្រព្យ និងជំរុញសេដ្ឋកិច្ច។
ក្រសួងបាននិយាយថា ខ្លួននឹងដាក់ចេញនូវបទប្បញ្ញត្តិរបស់ក្រសួងបន្ថែមជាមួយនឹងលក្ខណៈវិនិច្ឆ័យមួយចំនួន ហើយជនបរទេសត្រូវតែស្ថិតក្នុងមួយក្នុងចំណោមលក្ខណៈវិនិឆ័យទាំងបួននោះ។
លក្ខណៈវិនិឆ័យទាំង បួន នោះរួមមានអ្នក មាន ប្រាក់ច្រើន អ្នកចូល និវត្តន៍ អ្នក ដែល ចង់ ធ្វើ ការ ក្នុង ប្រទេស និង អ្នក ដែល មាន ជំនាញ ពិសេស។
ក្រសួងបន្ថែមថា បើជនបរទេសណាគ្មានលក្ខណៈវិនិឆ័យ១ ក្នុងចំណោម៤ខាងលើ នោះពួកគេមិនអាចទទួលបានសិទ្ធិដីធ្លីទេ។
ក្រសួងនឹងផ្តល់សិទ្ធិកាន់កាប់ដីក្រោមច្បាប់ ដែលមានស្រាប់ រួមទាំងជនបរទេស អាចទិញបានត្រឹមតែ៤៩ភាគរយ នៃបន្ទប់នៅក្នុងខុនដូនីមួយៗស្ថិតនៅក្រោមច្បាប់ខុនដូ៕