ដោយៈវឌ្ឍនៈ
ភ្នំពេញៈ នៅក្នុងស្ថានភាពដែលវិបត្តិកូវីដ១៩ មិនទាន់ប្រាកដប្រជា បូករួមជាមួយនឹងស្ថានភាពនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនក៏កំពុងតែមានភាពតានតឹងនោះ វិស័យអចលនទ្រព្យនៅកម្ពុជា នៅតែបន្តដំណើរទៅមុខ ប៉ុន្តែការវិនិយោគមួយចំនួនបានថមថយ ខណៈការវិនិយោគមួយចំនួនទៀតនៅតែផ្ដល់ឱកាសដល់វិនិយោគិន ក្នុងការរកប្រាក់ចំណេញ ជាពិសេសការវិនិយោគទៅលើដីធ្លី។
លោកឧកញ៉ានួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានមានប្រសាសន៍ឱ្យដឹងកាលពីដើមសប្តាហ៍៍នេះថា ការវិនិយោគទៅលើដីធ្លីនៅតែមានឱកាស ក្នុងការទទួលបានប្រាក់ចំណេញនៅពេលខាងមុខ ដូច្នេះអ្នកដែលមានទុនគ្រប់គ្រាន់ អាចមានឱកាសក្នុងការប្រមូលទិញដីធ្លីនៅតំបន់ ដែលមានសក្ដានុពលសម្រាប់ទុកផ្ដល់ ជូនអ្នកអភិឌ្ឍន៍នៅពេលអនាគត ឬក៏អាចទុកអភិវឌ្ឍន៍ខ្លួនឯង នៅពេលស្ថានភាពសេដ្ឋកិច្ចប្រសើរជាងនេះ ។
លោកឧកញ៉ាបន្តថា “អ្នកមានចំណូលមធ្យម និងក្រោមមធ្យម ក៏អាចវិនិយោគលើដីធ្លីនេះបានដែរ តែមិនគួរវិនិយោគលើផ្ទះនោះទេ ពោលគឺមិនគួរទិញផ្ទះ ដើម្បីទុកលក់យកចំណេញឡើយក្នុងស្ថានភាពបែបនេះ”។លោកបន្ថែមថា “ប៉ុន្តែបើមែនទែនទៅទាំងផ្ទះ និងដីបើពួកគាត់មានថវិកាតិចតួច ឬបានត្រឹមដោះស្រាយជីវភាពប្រចាំខែ មិនគួរនឹងវិនិយោគនោះទេ គួរទុកលុយនោះសម្រាប់ដោះស្រាយបញ្ហា ចំពោះមុខជាមុនសិនសឹមវិនិយោគតាមក្រោយ”។
ជាមួយគ្នានេះ លោកឧកញ៉ាចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស៊ីភីអិល ក៏បានលើកឡើងនាពេលកន្លងមកថា ការទិញដីទុកវាមិនខាតឡើយ ពីព្រោះថាដីអត់កើតទៀតទេ តែមនុស្សកើតរាល់ថ្ងៃ អញ្ចឹងតម្លៃដីនឹងកាន់តែហក់ឡើងថ្លៃនៅពេលអនាគត ដូច្នេះហើយអ្នកដែលមានទុនអាចប្រមូលទិញដី សម្រាប់ទុកចំណេញនៅពេលអនាគត នឹងមិនខកបំណងឡើយ។
លោកឧកញ៉ាបន្តថា “អ្នកមាននៅលើពិភពលោកភាគច្រើន គឺបានមកពីរបរអចលនទ្រព្យនេះឯង ហើយនៅក្នុងប្រទេសកម្ពុជាក៏ដូចគ្នាដែរ គឺមានអ្នកទទួលបានផលពីអាជីវកម្មអចលនទ្រព្យ”។ លោកបន្ថែមថា “ជាក់ស្ដែងដូចបានឃើញស្រាប់ហើយ ប្រជាពលរដ្ឋជាច្រើនបានផ្លាស់ប្តូរមុខរបរពីវិស័យផ្សេងមកប្រកបរបរក្នុងវិស័យដីធ្លី និងទទួលបានផលផ្លែផ្កាគួរឱ្យកត់សម្គាល់”៕