អ្នកជំនាញៈ កំណើនអត្រានគរូបនីយកម្មជំរុញតំបន់ជាយក្រុងភ្នំពេញ ឱ្យមានសក្តានុពលកាន់តែខ្ពស់

ចែករំលែក

ដោយៈ សុផារី

ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដីធ្លីនៅក្នុងតំបន់ជាយរាជធានីភ្នំពេញ មានកំណើនឥតឈប់ឈរ ជំរុញដោយតម្រូវការសម្រាប់ការសាងសង់ និងអភិវឌ្ឍន៍ ដែលបណ្តាលមកពីលំហូរ នៃប្រជាជនមកកាន់ទីក្រុង និងអត្រានគរូបនីយកម្មមានការកើនឡើង។

តាមរយៈការសិក្សា អ្នកជំនាញអចលនទ្រព្យបានឱ្យដឹងថា វិស័យដីធ្លីនៅតាមតំបន់ជាយក្រុងភ្នំពេញ នឹងនៅបន្តមានកំណើនខ្ពស់ ប្រសិនបើគម្រោងហេដ្ឋារចនាសម្ព័ន្ធ នៅបន្តដំណើរការល្អប្រសើរ រួមផ្សំនឹងតម្រូវការរបស់ប្រជាជន ដែលមានកំណើនខ្ពស់ ហូរចូលមកកាន់ទីក្រុងក្នុងមួយឆ្នាំៗ។

អ្នកនាងជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ឲ្យដឹង ក្នុងពិធីធ្វើបទបង្ហាញពីរបាយការ​ណ៍បច្ចុប្បន្នភាពអចលនទ្រព្យកម្ពុជា កាលពីសប្តាហ៍មុនថា ការវិនិយោគលើដីធ្លី នៅក្នុងនិងជុំវិញក្រុងភ្នំពេញ ក្នុងរយៈពេល៥ទៅ១០ឆ្នាំចុងក្រោយនេះ បានជំរុញតម្លៃដីធ្លីឱ្យមានកំណើនឥតឈប់ឈរ។

អ្នកនាងបន្តដឹងថា “យ៉ាងណាក្តី គិតចាប់ពីឆ្នាំ២០២០មកទល់បច្ចុប្បន្ន តម្លៃដីធ្លីនៅក្នុងតំបន់ខ្លះនៃជាយក្រុងភ្នំពេញ ដែលរំពឹងថានឹងមានការពង្រីកទីក្រុង ឬមានការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ នាពេលបច្ចុប្បន្នឬអនាគត ឃើញថាតម្លៃដីធ្លីនៅបន្តមានកំណើន ហើយរំពឹងថានឹងបន្តកើនឡើងរហូតដល់ចុងឆ្នាំ២០២២នេះ”។ អ្នកជំនាញបន្ថែមថា“វិស័យអចលនទ្រព្យនៅកម្ពុជា មានការប្រែប្រួលយ៉ាងលឿនរហ័ស ប៉ុន្តែប្រសិនបើគម្រោងហេដ្ឋារចនាសម្ព័ន្ធនានានៅបន្តជាធម្មតា នោះតម្លៃដីធ្លីក៏រំពឹងនៅមានសញ្ញា ងើបឡើងបន្តទៀត”។

អ្នកនាងជិន ច័ន្ទដាលុច្សបានពន្យល់ថា សំខាន់បំផុតនោះ តម្លៃដីធ្លីនៅក្នុងតំបន់មួយ អាស្រ័យទៅលើថា តើយើងអាចសាងសង់អ្វីបាននៅលើផ្ទៃដីនោះ អាស្រ័យលើចំនួនការផ្គត់ផ្គង់ និងតម្រូវការជាក់ស្តែង ជាពិសេស ទាក់ទងទៅនឹងនិន្នាការ នគរូបនីយកម្មនៅក្នុងក្រុងភ្នំពេញ។

លោក Lawrence Lennon នាយកប្រតិបត្តិ CBRE Cambodia បានមានប្រសាសន៍ ក្នុងការបង្ហាញរបាយការណ៍ ទាក់ទងបច្ចុប្បន្នភាពអចលនទ្រព្យកម្ពុជាកាលពីសប្តាហ៍មុនថា នៅក្នុងតំបន់អាស៊ាន ប្រទេសកម្ពុជាជាប្រទេសមួយ ដែលមានមូលដ្ឋានគ្រឹះរឹងមាំ ដែលគឺជាកត្តាសំខាន់មួយ នាំទៅកាន់ការរីកចម្រើនលើគ្រប់ផ្នែក នៃវិស័យអចលនទ្រព្យនៅកម្ពុជា។

លោកបន្តថា “ប្រទេសកម្ពុជាមានប្រជាជនកម្លាំងពលកម្ម ដែលនឹងបន្តមានយ៉ាងសកម្ម យ៉ាងហោចណាស់ក៏៥០ឆ្នាំទៀតដែរ ដែលធ្វើឱ្យកម្ពុជានឹងមិនប្រឈមនឹងការខាតកម្លាំងពលកម្មសកម្ម ដូចប្រទេសជប៉ុន កូរ៉េ និងចិននោះទេ”។

លោកបានបន្ថែមថា នៅក្នុងប្រទេសអភិវឌ្ឍន៍ផ្សេងទៀត អត្រានគរូបនីយកម្ម ស្ថិតនៅក្នុងអត្រាលើសពី៥០ភាគរយ។ អត្រានគរូបនីយកម្មរបស់កម្ពុជាមានត្រឹមតែ២៦ភាគរយតែប៉ុណ្ណោះ ដែលជាសូចនាករយ៉ាងសំខាន់បង្ហាញថា ប្រជាជននឹងនៅបន្តផ្លាស់ទីលំនៅ ចូលទៅរស់នៅក្នុងតំបន់ទីក្រុងបន្ថែមទៀត។

លោកបន្តថា “តាមរយៈទិន្នន័យនេះបង្ហាញថា សម្ពាធនិងតម្រូវការនៅតែបន្តកើនឡើង ដែលនឹងឈានទៅដល់ការបន្ថែមតម្លៃលើដីធ្លី”។

យោងតាមការសិក្សារបស់អង្គការអន្តរជាតិខាងការងារ (ILO)បានរកឃើញថា និន្នាការលំហូរប្រជាពលរដ្ឋវ័យក្មេងពីតំបន់ជនបទ មកកាន់ទីក្រុងភ្នំពេញ មានចំនួនចន្លោះពី២៥០,០០០ ទៅ៣០០,០០០នាក់ក្នុងមួយឆ្នាំ ដែលនិន្នាការនេះ កើតឡើងនៅប្រទេសកម្ពុជា ដែលធ្វើឲ្យចំនួនអ្នករស់នៅទីក្រុងកាន់តែច្រើន៕

 


ចែករំលែក