ដោយ៖ វឌ្ឍនៈ
ភ្នំពេញ៖ លោកបណ្ឌិត គីម ហ៊ាង គឺជាអ្នកវិនិយោគអចលនទ្រព្យមួយរូបនៅកម្ពុជា ដែលរហូតមកដល់ពេលនេះ បានអភិវឌ្ឍគម្រោងបុរីធំៗពីរហើយ ដោយមួយនៅតំបន់ប៉ែកខាងកើត ជាប្រភេទលំនៅឋានសម្រាប់អ្នកមានចំណូលក្រោមមធ្យម ហើយមួយទៀតនៅប៉ែកខាងជើងរាជធានីភ្នំពេញ ជាប្រភេទលំនៅឋានសម្រាប់អ្នកមានលុយ។
ក្នុងពេលចុះហត្ថលេខាជាមួយធនាគារហ្វីលីព ក្នុងការសហការលើការផ្ដល់ឥណទាន សម្រាប់គម្រោងបុរីវិមានសំណាង ដែលជាបុរីបែបអភិជន លោកបណ្ឌិត គីម ហ៊ាង ថាគម្រោងបុរីទាំងនេះគ្រាន់តែជាការកំដៅសាច់ដុំ នៃការអភិវឌ្ឍន៍របស់ខ្លួនប៉ុណ្ណោះ។ នៅពេលខាងមុខ ក្រុមហ៊ុនរបស់លោកនឹងអភិវឌ្ឍន៍គម្រោងធំ ជាងបច្ចុប្បន្ននេះទ្វេរដង ស្របនឹងតម្រូវការលំនៅឋាន នៅក្នុងប្រទេសកម្ពុជា កាន់តែមានកំណើនឡើង។
លោកបណ្ឌិតមានប្រសាសន៍ថា មូលហេតុដែលលោកនឹងអភិវឌ្ឍន៍បុរីបន្ថែមទៀត និងកាន់តែធំនៅពេលអនាគតខាងមុខ ព្រោះលោកមានក្រុមលក់គ្រប់គ្រាន់ មានបទពិសោធន៍ក្នុងការលក់។ ជាក់ស្ដែងក្រុមលក់របស់លោកមានរាប់រយនាក់ទៅហើយ។ ប្រសិនបើ ក្នុងមួយខែលក់តែ១ផ្ទះក្នុងម្នាក់ ក៏អាចលក់បានរាប់រយផ្ទះដែរ អញ្ចឹងក្នុងមួយឆ្នាំៗ យើងលក់មិនតិចដែរ។
លោកបន្តថា ដោយសារតែកត្តាទាំងនេះ បូករួមនឹងតម្រូវការលំនៅឋាននៅក្នុងរាជធានីភ្នំពេញនឹងកើនឡើងជាបន្តបន្ទាប់ បានធ្វើឱ្យលោកនឹងអនុវត្តន៍នូវគម្រោងទី៣ ទី៤បន្តបន្ទាប់ ហើយគម្រោងក្រោយៗ ក៏នឹងកាន់តែធំឡើងៗផងដែរ។ សម្រាប់ទីតាំងវិញ មិនទៅណាឆ្ងាយពីគម្រោងទី២ឡើយ ពីព្រោះតំបន់នៃបុរីវិមានសំណាងជាតំបន់មានសក្ដានុពល។
លោកបន្ថែមថា បច្ចុប្បន្ននេះ អំណាចនៃការទិញលំនៅឋាននៅក្នុងប្រទេសកម្ពុជាទាំងមូល ភ្នំពេញជាទីតាំងស្រូបទាញអ្នកទិញលំនៅឋានបានច្រើនជាងគេ ហើយបន្ទាប់មកជាតំបន់ជុំវិញរាជធានីភ្នំពេញ គឺខេត្តកណ្ដាល ដូចជាតាខ្មៅ កៀនស្វាយ ជាដើម ដោយបានជំរុញឱ្យវិនិយោគិនចាប់យកឱកាសក្នុងការអភិវឌ្ឍលំនៅឋាន នៅតំបន់ទាំងនោះ សម្រាប់ការអភិវឌ្ឍផ្គត់ផ្គង់លើទីផ្សារ៕