ដោយ៖ សុខុម
សិង្ហបុរី: ការលក់ផ្ទះឯកជនថ្មីៗនៅប្រទេសសិង្ហបុរី បានធ្លាក់ចុះខ្លាំងរហូតដល់ទៅ៦៤%ក្នុងខែមិថុនា បើធៀបនឹងខែឧសភា ឆ្នាំ២០២២ ដែលភាគច្រើនដោយសារកង្វះចាប់ផ្ដើមគម្រោងថ្មីៗ។
ដោយមិនរាប់បញ្ចូលខុនដូ Executive Condominium (ប្រភេទខុនដូសម្រាប់អ្នកមានវណ្ណៈកណ្ដាល) បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍លក់ផ្ទះបានត្រឹមតែ៤៨៨យូនីតប៉ុណ្ណោះកាលពីខែមុន ដោយធ្លាក់ចុះពីចំនួន១.៣៥៥យូនីតដែលលក់បានក្នុងខែឧសភា។ នេះបើយោងតាមតួលេខដែលអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) បានចេញផ្សាយកាលពីថ្ងៃសុក្រ ទី១៥ ខែកក្កដា។
លោកស្រី Christine Sun អនុប្រធានជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងវិភាគនៅទីភ្នាក់ងារអចលនទ្រព្យសិង្ហបុរី OrangeTee & Tie បានធ្វើការកត់សម្គាល់ថា នេះជាចំនួនលក់ទាបបំផុតចាប់តាំងពីខែឧសភា ឆ្នាំ២០២០ ជាពេលដែលបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍លក់បានត្រឹមតែ៤៨៧យូនីត ព្រោះកំពុងផ្ទុះកូវីដ-១៩ ខ្លាំងពេលនោះ។
ដោយរាប់បញ្ចូលទាំងខុនដូ Executive Condominium ការលក់នៅក្នុងខែមិថុនា បានធ្លាក់ចុះ៦៣,៩% បើធៀបនឹងខែឧសភា។
ផ្អែកលើមូលដ្ឋានប្រចាំឆ្នាំ ការលក់ផ្ទះថ្មីៗដែលមិនរាប់បញ្ចូលទាំងខុនដូ Executive Condominium បានធ្លាក់ចុះ៤៤%ពីចំនួន៨៧២យូនីតដែលលក់បានក្នុងខែមិថុនា ឆ្នាំ២០២១។
តំបន់ Core Central Region បាននាំមុខគេដោយលក់ផ្ទះថ្មីបានចំនួន២០៦យូនីត បន្ទាប់មកគឺតំបន់ Rest of Central Region ដែលលក់បាន១៧១យូនីត និងតំបន់ Outside Central Region លក់បាន១១១យូនីត៕ CNA៕