ក្រុមហ៊ុនលំដាប់អន្តរជាតិមួយគ្រោងធ្វើទំនើបកម្មបច្ចេកវិទ្យាក្នុងវិស័យអចលនទ្រព្យកម្ពុជា

0

ដោយៈ សុផារី

ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិ Century21 Cambodia គ្រោងធ្វើទំនើបកម្មបច្ចេកវិទ្យា ក្នុងវិស័យអចលនទ្រព្យកម្ពុជា ធ្វើយ៉ាងណាដើរឱ្យទាន់បច្ចេកវិទ្យាក្នុងប្រទេសអភិវឌ្ឍន៍។

លោកស្រី ហ្រ្គេសរចនី ហ្វុង អគ្គនាយិកានៃក្រុមហ៊ុន Century21 Cambodia បានមានប្រសាសន៍កាលពីសប្តាហ៍មុនថា ចក្ខុវិស័យសំខាន់មួយក្នុងចំណោមចក្ខុវិស័យផ្សេងៗ របស់ក្រុមហ៊ុនរបស់លោកស្រី គឺការប្រើប្រាស់បច្ចេកវិទ្យាថ្មី ដែលអនុញ្ញាតិឱ្យអ្នកទិញស្វែងរកអចលនទ្រព្យ ដែលខ្លួនត្រូវការបាន ដោយប្រើប្រាស់តែកម្មវិធីទូរស័ព្ទ និងអ៊ីនធឺណេត។

លោកស្រីឱ្យដឹងថា “រាល់ដងការបញ្ជាទិញរវាងអ្នកលក់ និងអ្នកទិញតែងតែទៅមើលដីផ្ទាល់ តែងតែទៅទិញទីតាំងផ្ទាល់ ឬទៅមើលផ្ទះផ្ទាល់”។ លោកស្រីបន្តថា “ជំហានទៅមុខទៀត យើងនឹងឱ្យមានចក្ខុវិស័យមួយ ដូចនៅក្រៅប្រទេស ដែលមុននឹងទៅមើលផ្ទាល់ គាត់អាចមើលតាមប្រព័ន្ធអនឡាញ”។

លោកស្រីបន្ថែមថា ចង់ទិញដី ទិញផ្ទះនាពេលឥលូវនេះ មិនចាំបាច់យកលុយសុទ្ធទៅដែរ ដោយប្រើប្រាស់តែទូរស័ព្ទដៃ ដែលអាចប្រើប្រាស់កម្មវិធីទូរស័ព្ទ និងអ៊ីនធឺណេតបាន។

អ្នកជំនាញរូបនេះលើកឡើងថា តាមរយៈកម្មវិធីមួយនេះ នឹងជួយសម្រួលក្នុងការទិញលក់ និងជួយយសន្សំសំចៃពេលវេលា របស់អតិថិជន ដោយអតិថិជន អាចបញ្ជាទិញតាមរយៈទូរស័ព្ទ ចំពោះអចលនទ្រព្យ ដែលត្រូវការ អាចមើលទីតាំង មើលទំហំ មើលរូបភាព មើលlocation មុនពេលធ្វើការសម្រេចចិត្ត។

លោកស្រីមានប្រសាសន៍បន្តថា “អនាគតទៅ ចក្ខុវិស័យរបស់ពួកយើង នឹងបំពាក់បច្ចេកវិទ្យាតិចណូឡូជី ជាApplication មួយ ដែលគាត់អាចបញ្ជាទិញតាមរយៈទូរស័ព្ទ”។ លោកស្រីពន្យល់ថា “អ្នកទិញគាត់អាចមើលដំបូងសិន ទៅលើអចលនទ្រព្យណាមួយដែលគាត់ស្រឡាញ់ មើលទីតាំង មើលទំហំ មើលរូបភាព មើលlocation ហើយចាំចុះទៅផ្ទាល់ ហើយចាំសម្រេចចិត្ត ដើម្បីកាត់បន្ថយពេលវេលារបស់គាត់បានច្រើន”។

លោកស្រីGrace Rachny Fongបានបន្តថា ការធ្វើទំនើបកម្មនេះត្រូវចំណាយពេល និងថវិកាច្រើន តែជាចក្ខុវិស័យរបស់ក្រុមហ៊ុន ក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាបន្ថែម ក្នុងការទិញលក់ និងជួលអចលនទ្រព្យ ដើម្បីធ្វើយ៉ាងណាឱ្យវិស័យ អចលនទ្រព្យរបស់ប្រទេសកម្ពុជា ដើរទាន់ប្រទេសអភិវឌ្ឍន៍ផ្សេងៗទៀតបាន។

លោកស្រីបន្ថែមថា “ការវិនិយោគលើប្រព័ន្ធ Technology មិនមែនជាការវិនិយោគតូចទេ តែវាជាចក្ខុវិស័យដើម្បីដើរទាន់គេ ដូចប្រទេសសិង្ហបុរី សហរដ្ឋអាមេរិក ដែលមានជំនាញជាងយើងច្រើនណាស់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here