ប្រទេសចិនជំរុញឱ្យធនាគារពង្រីកប្រាក់កម្ចីដល់គម្រោងអចលនទ្រព្យដើម្បីបន្ធូរបន្ថយវិបត្តិជាប់គាំង

0

ដោយ៖ លាងហួរ

ចិន៖ និយតករចិនបានជំរុញឱ្យធនាគារពង្រីកបន្ថែមនូវប្រាក់កម្ចី ដល់គម្រោងអចលនទ្រព្យទាំងឡាយណា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងបំពេញតម្រូវការហិរញ្ញប្បទានរបស់អ្នកអភិវឌ្ឍន៍ ដើម្បីបន្ធូរបន្ថយកង្វល់ បង្កឡើងដោយការធ្វើពហិការ លើការបង់រំលោះលើផ្ទះមិនទាន់សាងសង់រួច។

ការកត់សម្គាល់របស់គណៈកម្មការនិយតកម្មធនាគារ និងធានារ៉ាប់រងចិន (CBIRC) បានធ្វើឡើងបន្ទាប់ពីចំនួនអ្នកទិញផ្ទះកើនឡើង នៅទូទាំងប្រទេសចិន បានគម្រាមបញ្ឈប់ការទូទាត់ប្រាក់កម្ចីរបស់ពួកគេ សម្រាប់គម្រោងអចលនទ្រព្យដែលជាប់គាំង ដោយធ្វើឱ្យវិបត្តិអចលនទ្រព្យកាន់តែធ្ងន់ធ្ងរឡើង ដែលប៉ះពាល់ដល់សេដ្ឋកិច្ចរួចទៅហើយ។

វិនិយោគិន បានបន្តទាត់ចោលភាគហ៊ុនធនាគារចិន ក៏ដូចជាភាគហ៊ុន និងប័ណ្ណបំណុលរបស់អ្នកអភិវឌ្ឍន៍ ទោះជា CBIRC បានប្តេជ្ញាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពង្រឹងការសម្របសម្រួលរបស់ខ្លួន ជាមួយនិយតករផ្សេងទៀតក៏ដោយ។

នៅក្នុងបទសម្ភាសន៍ជាមួយធនាគារ China Banking and Insurance New ជាផ្លូវការ កាលពីថ្ងៃអាទិត្យ CBIRC បានរំលឹកឡើងវិញថា ខ្លួននឹងគាំទ្ររដ្ឋាភិបាលក្នុងតំបន់ ក្នុងការដោះស្រាយបញ្ហាទាំងអស់យ៉ាងត្រឹមត្រូវ។

ពិសេសជាងនេះទៅទៀត និយតករបានជំរុញឱ្យធនាគារនានា មានទំនួលខុសចំពោះសង្គម និងចូលរួមយ៉ាងសកម្ម ក្នុងការសិក្សាអំពីផែនការ ដើម្បីបំពេញគម្លាតមូលនិធិ ដូច្នេះការសាងសង់គម្រោងអចលនទ្រព្យ ដែលជាប់គាំងអាចដំណើរការឡើងវិញ បានយ៉ាងឆាប់រហ័ស ហើយលំនៅដ្ឋានអាចត្រូវបានប្រគល់ឱ្យអ្នកទិញទាន់ពេល៕

LEAVE A REPLY

Please enter your comment!
Please enter your name here