ដោយ៖ សុផារី
ភ្នំពេញ៖ កំណាត់ផ្លូវ១៤៦B សម្រេចការសាងសង់បាន៩៩ភាគរយ និងគម្រោងដាក់សម្ពោធឱ្យប្រើប្រាស់នាពេលខាងមុខឆាប់ៗនេះ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងតែពិនិត្យគុណភាពនៃការសាងសង់ឡើងវិញ មុនប្រគល់និងទទួលពីក្រុមហ៊ុនសាងសង់។
បើយោងតាមប្រសាសន៍របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២០ កក្កដា ២០២២នេះ ឱ្យដឹងថា គិតមកដល់បច្ចុប្បន្ន ការជួសជុលកំណាត់ផ្លូវ១៤៦បេ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ សម្រេចបាន៩៩ភាគរយហើយ ហើយក្រសួងកំពុងពិនិត្យពីគុណភាពផ្លូវសារឡើងវិញចំនួន៤១៤កន្លែង មុននឹងធ្វើពិធីប្រគល់ទទួល។
ក្នុងនោះ ក្រសួងរកឃើញថា មានធ្លាក់គុណភាពត្រឹមតែ២កន្លែងតែប៉ុណ្ណោះ ហើយលោកទេសរដ្ឋមន្ត្រីចាត់ទុកថា ការសាងសង់ផ្លូវមួយនេះត្រឹមត្រូវតាមស្តង់ដាររបស់ក្រសួងហើយ។
កំណាត់ផ្លូវខេត្តលេខ១៤៦បេ មានប្រវែងជាង៤៣គីឡូម៉ែត្រ លាតសន្ធឹងចាប់ពីបំបែកផ្លូវជាតិលេខ៤ ត្រង់ភូមិវាលធំ ឃុំវាលរេញ ដល់រង្វង់មូលស្ទឹងហាវ និងបន្តរហូតដល់កំពង់ផែក្រុងព្រះសីហនុ។
កំណាត់ផ្លូវដ៏សំខាន់មួយនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការបញ្ជៀសចរាចរណ៍នៃឡានដឹកទំនិញធំៗជាច្រើន និងកាត់បន្ថយគ្រោះថ្នាក់ចរចារណ៍ដោយសារឡានធំ ដែលដឹកជញ្ជូននៅលើផ្លូវជាតិលេខ៤ ទៅកាន់កំពង់ផែក្រុងព្រះសីហនុផ្ទាល់តែម្តង។
លោកបានមានប្រសាសន៍ថា “វាជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅលើផ្លូវជាតិលេខ៤ កាត់បន្ថយគ្រោះថ្នាក់ចរចារណ៍ដោយសារឡានធំមកតាមនេះ។ យើងធ្វើផ្លូវនេះ ជាផ្លូវវៀងសម្រាប់ការដឹកជញ្ជូន”៕