ហានិភ័យ! ឡាវកំពុងផ្អើលទំនប់វារីអគ្គិសនី Nam Theun 1 ប្រេះហូរទឹកហើយអាចនឹងបាក់ធ្លាយ

0

ដោយ៖ សុខុម

វៀងចន្ទន៍៖ ពេលនេះប្រជាជនឡាវ កំពុងតែភ្ញាក់ផ្អើលចំពោះដំណឹងថា ទំនប់វារីអគ្គិសនីឡាវ Nam Theun 1 ប្រេះ និងមានទឹកហូរចេញតាមស្នាមប្រេះទាំងនោះ ហើយបារម្ភខ្លាចទំនប់នេះបាក់ធ្លាយ បង្កគ្រោះមហន្តរាយជាយថាហេតុ។

ទោះជាយ៉ាងណា ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភនេះ ក្រុមហ៊ុនថាមពល Nam Theun 1 Power Company បានចេញសេចក្តីថ្លែងការណ៍ថា សូមកុំមានការបារម្ភឱ្យសោះ ព្រោះទំនប់នេះមានសុវត្ថិភាពល្អណាស់។

រូបថតមួយសន្លឹកដែលបង្ហាញពីទឹកជ្រាបចេញក្បែរជញ្ជាំងទំនប់នេះ ត្រូវបានសាធារណជនបង្ហោះចែករំលែកព្រោងព្រាត តាមបណ្ដាញទំនាក់ទំនងសង្គម កាលពីចុងសប្ដាហ៍កន្លងទៅ ធ្វើឱ្យមជ្ឈដ្ឋានមហាជន ជាពិសេសពលរដ្ឋឡាវ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាពសំណង់ នៃគម្រោងទំនប់វារីអគ្គិសនីនេះ ព្រមទាំងសុវត្ថិភាពរបស់លំនៅដ្ឋានពលរដ្ឋនៅក្បែរៗនោះផងដែរ។

លោក Bounnhang Phengsouvan ទីប្រឹក្សាទំនាក់ទំនងរដ្ឋាភិបាល និងជាសមាជិកមួយរូបនៃគណៈកម្មាធិការប្រតិបត្តិទំនប់ Nam Theun 1 បានចេញសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃច័ន្ទ ទី១៨ ខែកក្កដា ដើម្បីបញ្ជាក់ពីស្ថានភាពលេចជ្រាបនេះ។

លោកបានលើកឡើងថា ទំនប់ Nam Theun 1 ត្រូវបានសាងសង់ឡើងក្រោមការត្រួតពិនិត្យ និងគ្រប់គ្រងយ៉ាងហ្មត់ចត់ពីក្រុមអ្នកជំនាញជនជាតិស្វ‍៊ីស ខណៈរដ្ឋាភិបាលឡាវ ក៏បានឱ្យក្រុមអ្នកជំនាញរបស់ខ្លួនធ្វើការត្រួតពិនិត្យការសាងសង់ និងធានាបាននូវការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ទៅនឹងស្តង់ដារសុវត្ថិភាពអន្តរជាតិ។

ក្រោយពីទំនប់វារីអគ្គិសនីនេះទទួលបានការអនុម័តពីរដ្ឋាភិបាល ដើម្បីស្តុកទឹកក្នុងខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុនបានកត់សម្គាល់ឃើញថា មានការលេចធ្លាយខ្លះនៅខាងស្តាំដៃ នៃជញ្ជាំងទំនប់ពិតមែន​។

ទោះជាយ៉ាងណា យោងតាមក្រុមហ៊ុន Nam Theun 1 Power Company ឱ្យដឹងថា ក្រុមអ្នកជំនាញបានចុះអង្កេត និងពិនិត្យមើលស្ថានភាពដោយផ្ទាល់ ហើយបានបញ្ជាក់ថា វាមិនបង្កគ្រោះថ្នាក់ដល់ទំនប់នេះឡើយ។

ក្រុមហ៊ុនបានបញ្ជាក់ថា ទំនប់នេះតែងតែមានសុវត្ថិភាព និងនៅតែមានសុវត្ថិភាព១០០% ដូចនេះសូមកុំមានការបារម្ភឱ្យសោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here