ដោយៈ សុខុម
ប៉េកាំង: ការជាប់គាំងនៃវិស័យអចលនទ្រព្យ នៅក្នុងប្រទេសចិន កំពុងទាញក្រុមវណ្ណៈកណ្តាល ឬអ្នកដែលមានកម្រិតជីវភាពមធ្យមប្រមាណ៤០០លាននាក់ក្នុងប្រទេសនេះ ឱ្យធ្លាក់ចូលក្នុងវិបត្តិបំណុលវ័ណ្ឌករើខ្លួនមិនរួច ដោយសារតែពួកគេជឿថា អចលនទ្រព្យជាមធ្យោបាយដ៏ល្អមួយ ក្នុងការកសាងទ្រព្យសម្បត្តិ។
នៅពេលនេះ គម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាប់គាំង ទូទាំងប្រទេសចិន ហើយតម្លៃផ្ទះដាំក្បាលចុះខ្លាំង ម្ចាស់ផ្ទះជាច្រើនកំពុងកាត់បន្ថយការចំណាយ និងសូម្បីពន្យារពេលរៀបអាពាហ៍ពិពាហ៍ជាដើម ដើម្បីឆ្លងឱ្យផុតដំណាក់កាលដ៏លំបាកនេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃអង្គារ ទី២៦ ខែកក្កដា នេះ។
វិបត្តិអចលនទ្រព្យក្នុងប្រទេសចិន កាន់តែធ្ងន់ធ្ងរទៅៗ នៅពេលក្រុមអ្នកទិញផ្ទះបានរួមគ្នាធ្វើការតវ៉ា និងឈប់បង់កម្ចីទិញផ្ទះ សម្រាប់គម្រោងអភិវឌ្ឍន៍ណាដែលមិនទាន់សាងសង់រួចរាល់។
តួយ៉ាងបុរសម្នាក់ឈ្មោះ Peter បានបោះបង់ផែនការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន និងផែនការទិញរថយន្តBMW 5 បន្ទាប់ពីការសាងសង់ផ្ទះតម្លៃ៣០០.០០០ដុល្លារអាមេរិក របស់គាត់នៅទីក្រុងជឹងចូវ (Zhengzhou) ខេត្តហឺណាន (Henan) ត្រូវបានផ្អាកដោយក្រុមហ៊ុន China Aoyuan Group។
ពេលនេះគាត់ កំពុងខ្វល់ចិត្តយ៉ាងខ្លាំងចំពោះកម្ចីទិញផ្ទះ ដែលធ្វើឱ្យគាត់ត្រូវចំណាយរហូតដល់ទៅ៩០% នៃប្រាក់ចំណូលរបស់គាត់ទៅលើផ្ទះដែលគាត់មិនដែលបានឃើញ ឬនិយាយឱ្យសាមញ្ញថា បង់កម្ចីទិញផ្ទះរាល់ខែ តែមិនដែលបានឃើញផ្ទះពិតប្រាកដ។
លោក Peter ជាអ្នកទិញផ្ទះម្នាក់ក្នុងចំណោមអ្នកទិញផ្ទះ រាប់សែននាក់នៅក្នុងទីក្រុងជាង៩០ទូទាំងប្រទេសចិន ដែលបានចូលរួមតវ៉ា និងឈប់បង់ប្រាក់កម្ចីទិញផ្ទះ ដែលមានទំហំសរុបរហូត ដល់ទៅ២៩៦ពាន់លានដុល្លារអាមេរិក បន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍នានា ដូចជាក្រុមហ៊ុន Aoyuan និងក្រុមហ៊ុន China Evergrande Group ជាដើមបានផ្អាកគម្រោងរបស់ខ្លួន ដោយសារជួបវិបត្តិសាច់ប្រាក់។
ចំនួនអ្នកមានកម្រិតជីវភាពមធ្យម កាន់តែច្រើនឡើងខ្ពស់នៅក្នុងប្រទេសចិន ដែលទ្រព្យសម្បត្តិសរុបប្រមាណ៧០% របស់ពួកគេជាប់កុនក្នុងផ្ទះសំបែង ហើយកំពុងចូលរួមការតវ៉ា ឈប់កម្ចីទិញផ្ទះដែលបង្កការគំរាមកំហែងដល់សេដ្ឋកិច្ច និងស្ថិរភាពសង្គមទូទាំងប្រទេសចិន។
ពេលនេះរដ្ឋាភិបាលក្រុងប៉េកាំង កំពុងព្យាយាមដុតដៃដុតជើងរកមធ្យោបាយ ដោះស្រាយស្ថានការណ៍ដ៏អាក្រក់នេះ ដោយក្រុមហ៊ុនខ្លះបានស្នើសុំរយៈពេលអនុគ្រោះ (Grace Period) លើការទូទាត់ប្រាក់កម្ចី និងស្នើសុំឱ្យអាជ្ញាធរមូលដ្ឋាន និងធនាគារនានាអន្តរាគមន៍ និងជួយសង្គ្រោះគម្រោងអភិវឌ្ឍន៍នានា។
លោកស្រី Kristy Hung អ្នកវិភាគប្រចាំបុត្រសម្ព័ន្ធស្រាវជ្រាវ Bloomberg Intelligence របស់សារព័ត៌មាន Bloomberg ដ៏ល្បីល្បាញបានប៉ាន់ប្រមាណថា ការផ្អាកការសាងសង់ អាចប៉ះពាល់ដល់គម្រោងផ្ទះ ដែលមានតម្លៃរហូតដល់ទៅ៦៩៦ពាន់លានដុល្លារអាមេរិក ហើយប្រហែលជាត្រូវការទុនរហូតដល់ទៅ២០៧ពាន់លានដុល្លារអាមេរិក ឬស្មើនឹងប្រមាណ១,៣%នៃផលទុនជាតិសរុប (GDP) របស់ប្រទេសចិន ដើម្បីសាងសង់បញ្ចប់ផ្ទះទាំងនោះ៕ Reuters៕