គម្រោងអភិវឌ្ឍន៍បុរីនានាក្នុងខេត្តសៀមរាបចាប់ផ្តើមដំណើរការឡើងវិញ

0

ដោយៈ សុផារី

សៀមរាបៈ ក្រោយប្រឈមនឹងការពន្យាពេល ដោយសារបញ្ហាវិបត្តិកូវីដ១៩ រយៈពេលជាង០២ឆ្នាំកន្លងមក គម្រោងសាងសង់បុរីជាច្រើន នៅក្នុងខេត្តសៀមរាប ទាំងតូច ទាំងធំ បានត្រលប់មកចាប់ផ្តើមដំណើរការសាងសង់គម្រោងរបស់ខ្លួនឡើងវិញបណ្តើរៗហើយ។

អ្នកជំនាញយល់ឃើញថា បច្ចុប្បន្ននេះ វាជាពេលវេលាសមស្របមួយ សម្រាប់ការចាប់ផ្តើមដំណើរការសេដ្ឋកិច្ច និងការអភិវឌ្ឍអចលនទ្រព្យក្នុងទឹកដីខេត្តសៀមរាបឡើងវិញ ក្រោយផ្អាកដំណើរការអស់មួយរយៈ ដោយ​សារកូវីដ១៩។

លោកកែវ សុធារ៉ា នាយកប្រតិបត្តិក្រុមហ៊ុន KW Siem Reap បានមានប្រសាសន៍ប្រាប់ Property Area Asia តាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះថា គម្រោងសាងសង់បុរី ដែលកំពុងចាប់  ផ្តើមដំណើរការឡើងវិញនេះ ជាគម្រោងវិនិយោគដោយក្រុមហ៊ុន ក្នុងស្រុក ដែលបានប្រកាសអភិវឌ្ឍន៍ តាំងពីមុនសម័យកាលកូវីដ១៩ម្លេះ តែត្រូវបានរាំងស្ទះដំណើរការដោយផលប៉ះពាល់ពីវិបត្តិជំងឹ។

អ្នកជំនាញរូបនេះលើកឡើងថា “សម្រាប់គម្រោងបុរីថ្មីដែលបានចូលមកអភិវឌ្ឍក្នុងខេត្តសៀមរាប មានគោលដៅលើអតិថិជន កម្រិតមធ្យម ចន្លោះក្រោម៥ម៉ឺនដុល្លារអាមេរិកចុះ ដែលរស់នៅក្នុងខេត្តសៀមរាបផង និងក្រៅខេត្តផង”។

លោកសុធារ៉ា បានបន្តថា “តាមពិតទៅ ក្រុមអ្នកវិនិយោគទាំងនោះមានគោលដៅយូរមកហើយ ប៉ុន្តែមានការរាំងស្ទះដោយសារកូវីដ១៩ បានធ្វើឱ្យគម្រោងរបស់គាត់ត្រូវបានពន្យាពេល”។

លោកបានបន្ថែមថា នាពេលនេះ វាដល់ពេលសមស្រប ដែលគាត់ត្រូវធ្វើការអភិវឌ្ឍហើយ ព្រោះការបើកដំណើរការសេដ្ឋកិច្ចក្នុងតំបន់ ជាមួយស្ថានភាពកូវីដ១៩របស់យើងបានធូរស្រាល ដូច្នេះវាដល់ពេលសមស្របហើយដែលគាត់ត្រលប់មកអភិវឌ្ឍហើយ។

លោកឱ្យដឹងទៀតថា ដំណើរត្រលប់មកវិញ នៃភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងខេត្តសៀមរាប ក្នុងកំឡុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ នាំឱ្យសកម្មភាពអាជីវកម្មមានសន្ទុះឡើងវិញ ជំរុញឱ្យសកម្មភាពទិញលក់ ជួលអចលនទ្រព្យមានដំណើរការល្អប្រសើរបណ្តើរៗហើយ។

ជាមួយគ្នានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម  បានមានប្រសាសន៍ថា ខេត្តសៀមរាបជាប៉ូលសេដ្ឋកិច្ចមួយ ដែលមានការអភិវឌ្ឍអចលនទ្រព្យកម្រិតទាប ប៉ុន្តែការអភិ​វ ឌ្ឍទាំងនេះ មានការគាំទ្រដល់វិស័យទេសចរណ៍ច្រើន។

លោកមានប្រសាសន៍ថា “នៅក្នុងការសម្រេចចិត្តវិនិយោគ ក្រុមវិនិយោគិន សម្រេចចិត្តជ្រើសរើសដោយផ្អែកលើប្រភេទអាជីវកម្ម ដែលគាត់ចង់រកស៊ី”។ លោកបន្តថា “ភាគច្រើន អ្នកវិនិយោគប្រភេទ SME ជាការកសាងអូតែល អាចមកកសាងនៅក្នុងខេត្តសៀមរាបបាន។ សម្រាប់ការសាងសង់បុរី អ្នកអភិវឌ្ឍត្រូវការសិក្សាពីតម្រូវការជាក់ស្តែង និងចំនួនប្រជាជនដែលមានតម្រូវការប្រើប្រាស់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here