ដោយៈ សុផារី
ភ្នំពេញៈ ក្នុងការគាំទ្រ និងស្តារសេដ្ឋកិច្ចឡើងវិញ ប្រទេសនានានៅក្នុងតំបន់ចាប់ផ្តើមបើកដំណើរការសេដ្ឋកិច្ច និងរៀបចំយុទ្ធសាស្រ្តក្នុងការទាក់ទាញវិនិយោគិនមកកាន់ប្រទេសរបស់ខ្លួន។
រាជរដ្ឋាភិបាលកម្ពុជារំពឹងថា កំណើនសេដ្ឋកិច្ចខ្ពស់ និងរ៉ឹងមាំសម្រាប់រយៈពេលមធ្យម និងរយៈពេលវែងបន្តទៀត ជាពិសេសនៅក្នុងឆ្នាំ២០២២នេះសេដ្ឋកិច្ចកម្ពុជា រំពឹងសម្រេចបានកំណើនក្នុងរង្វង់៤,៥ភាគរយ បើទោះជានៅបន្តប្រឈមនឹងភាពមិនប្រាកដប្រជា ជាពិសេសចំពោះក្តីរំពឹងលើលំហូរចូលមកវិញនៃវិនិយោគិនបរទេស។
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យមើលឃើញថា ស្ថានភាពនៃការត្រលប់មកវិញនៃអ្នកវិនិយោគ មានភាពល្អប្រសើរឡើងវិញបណ្តើរៗហើយ បើប្រៀបធៀបនឹងឆ្នាំ២០២១ ប៉ុន្តែស្ថិតនៅក្នុងកម្រិតតិចតួចនៅឡើយ បើប្រៀបធៀបនឹងក្តីរំពឹង។
លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានមានប្រសាសន៍ប្រាប់ Property Area Asia តាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី០១ ខែសីហាថា ដើម្បីទាក់ទាញវិនិយោគិនបរទេសកាន់តែច្រើន កម្ពុជាត្រូវផ្តល់ភាពងាយស្រួល និងលើកទឹកចិត្តដល់វិនិយោគិនទាំងនោះ តាមរយៈការលើកទឹកចិត្តបន្ថែម ដោយគោលការណ៍ចំនួនពីរ។
លោកឧកញ៉ាបញ្ជាក់ថា គោលការណ៍ទី១ គឺ ការធ្វើវិសោធនកម្មច្បាប់ស្តីពីការអនុញ្ញាត ផ្តល់សិទ្ធិក្នុងការទិញដីធ្លីបាន ដោយលោកយល់ឃើញថា រាជរដ្ឋាភិបាលអាចដាក់តំបន់ណាមួយ ក្នុងការសាកល្បងជាមុនសិន។ ប្រសិនបើអាចទទួលបានការចាប់អារម្មណ៍ និងភាពជោគជ័យ កម្ពុជាអាចពង្រីកបន្ថែម ដោយអាចស្រូបទាញបានទាំងធនធាន ទុនវិនិយោគ និងការបង់ពន្ធបន្ថែមចូលសេដ្ឋកិច្ចកម្ពុជា។
លោកឧកញ៉ានួន រិទ្ឋីបានបន្តថា “យើងត្រូវរៀបចំធ្វើវិសោធនកម្មច្បាប់ ដែលជារូបភាពផ្លូវច្បាប់មួយ ដើម្បីទាក់ទាញវិនិយោគិនកាន់តែច្រើន ថែមទាំងផ្តល់ទំនុកចិត្តដល់បរទេស ឱ្យមានភាពជឿជាក់ថាអាចផ្ទេរកម្មសិទ្ធិបាន នោះការបោះទុននឹងចូលមកក្នុងទំហំធំ និងច្រើន”។
លោកឧកញ៉ាបានផ្តល់យោបល់ថា រាជរដ្ឋាភិបាលអាចសាកល្បងអនុវត្តការផ្តល់ជូនគោលការណ៍ពិសេសបែបនេះ នៅក្នុងតំបន់កំណត់ណាមួយជាមុនសិន។
គោលការណ៍ទី២ គឺ ការផ្តល់ទិដ្ឋាការរយៈពេលវែង ជូនចំពោះភ្ញៀវទេសចរបរទេស និងអ្នកវិនិយោគបរទេស ដែលផ្តល់ផលចំណេញសម្រាប់ការចូលមកកាន់កម្ពុជា។
លោកលើកឡើងថា “ការផ្តល់ទិដ្ឋាការដល់ភ្ញៀវទេសចរ អ្នកជំនួញ និងវិនិយោគិនរយៈពេលវែង តាមគោលដៅដែលចង់ទាក់ទាញ។យើងលើកទឹកចិត្តឱ្យគាត់អាចចេញចូលបានច្រើនដង និងក្នុងរយៈពេលយូរ ដែលវានឹងចំណេញជាងមុន។ កាលណាគាត់មកច្រើនដង មធ្យោបាយក្នុងការធ្វើដំណើរ ការស្នាក់នៅ ការហូបចុក យើងនឹងទទួលបានច្រើនជាង”។
ជាមួយគ្នានេះ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹងផងដែរថា តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា កន្លងមកបានអនុញ្ញាតឱ្យជនជាតិបរទេសអាចទិញដីធ្លី នៅក្នុងប្រទេសកម្ពុជាបាន តាមរយៈការឈរឈ្មោះខ្លួនឯង និងការប្រើប្រាស់ Trusted Account ដែលកំពុងទទួលបានការគាំទ្រ និងពង្រីកទីផ្សារយ៉ាងច្រើន ជាពិសេសនៅក្នុងទីផ្សារមូលបត្រ។
អ្នកជំនាញរូបនេះអះអាងថា “ប្រទេសកម្ពុជាបានដើរមួយជំហានទៅហើយ ក្នុងការប្រកួតប្រជែង លើទីផ្សារអន្តរជាតិ ជាពិសេសតាមរយៈច្បាប់ Trust Company ដើម្បីទទួលយកវិនិយោគិនថ្មីៗ”។ លោកបន្តថា “នាពេលបច្ចុប្បន្ននេះ និយ័តករអចលនវត្ថុ និងបញ្ចាំបានរៀបចំច្បាប់ និងគោលនយោបាយ ដោយបានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុន Trust Company នៅក្នុងស្រុក ដើម្បីឈរឈ្មោះជំនួសឱ្យក្រុមហ៊ុនបរទេស”។
លោកបន្ថែមថា ដោយឡែក ច្បាប់នៅក្នុងការផ្តល់ការអនុញ្ញាត លើការទិញដីធ្លីក្នុងតំបន់ណាមួយ ជាការកំណត់ដោយច្បាប់ផ្សេងទៀត ដែលទាមទារពេលវេលាបន្ថែម៕