ធនាគារហត្ថាផ្តល់ឥណទានដល់វិស័យអចលនទ្រព្យប្រមាណ៣០០លានដុល្លារក្នុងមួយឆ្នាំ

0

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ដោយសារវិស័យអចលនទ្រព្យ ដើរតួនាទីកាន់តែសំខាន់ឡើងក្នុងការជម្រុញកំនើនសេដ្ឋកិច្ច ធនាគារហត្ថាដែលជាធនាគារឈានមុខមួយ ក្នុងចំណោមធនាគារដទៃទៀត បានផ្តល់ឥណទានកាន់តែច្រើនដល់វិស័យនេះ។

ប្រធានអគ្គនាយកធនាគារហត្ថាលោកឧកញ៉ាហួត អៀងតុងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី១៧ សីហានេះថា ធនាគារបាន  ផ្តោត លើគោលនយោបាយឥណទានរបស់យើង តាមផែនការដែលបានដាក់ចេញ ដោយទំហំឥណទានរបស់យើង បានផ្តល់លើវិស័យអចលនទ្រព្យមានចំនួន១៥ភាគរយ នៃឥណទានសរុប១៩០០លានដុល្លារ ដែលបានបញ្ចេញប្រចាំឆ្នាំ។
លោកឧកញ៉ាបានបន្តថា “ជាមួយនឹងការរីកចម្រើនវិស័យនេះ ធនាគាតរមានផែនការពង្រីកទំហំឥណទាន ដល់វិស័យអចលនទ្រព្យបន្តទៀត ព្រោះអចលនទ្រព្យជាផ្នែកដ៏សំខាន់ នៃការជម្រុញកំនើនសេដ្ឋកិច្ចជាតិ”។ លោកឧកញ៉ាបន្តថា “ឥណទានភាគច្រើនរបស់យើង ផ្តោតលើអ្នកទិញលំនៅដ្ឋាន ប៉ុន្តែយើងក៏ផ្តល់ជូនអញនកអភិវឌ្ឍន៍នានាផងដែរ”។

-->

លោកឧកញ៉ាហួត អៀងតុងបានបន្តថា ក្រៅពីវិស័យអចលនទ្រព្យ ធនាគារហត្ថាបានផ្តល់ឥណទាន ដល់វិស័យកសិកម្ម៣០ភាគរយ និងវិស័យ​​ដទៃទៀត ពិសេសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ជាក់ស្តែង​ធនាគារ បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការផ្តល់កញ្ចប់ឥណទានដល់ការស្តារឡើងវិញ នៃវិស័យសហគ្រាសធុនតូច និងមធ្យម និងវិស័យទេសចរណ៍ផងដែរ។

ធនាគារហត្ថាបាន និងកំពុងបន្តរីកចម្រើនយ៉ាងខ្លាំង បន្ទាប់ពីធនាគារនេះ បានក្លាយជាបុត្រសម្ព័ន្ឋរបស់ធនាគារក្រុងស្រ៊ី ដែលមានមូលដ្ឋាននៅ​ប្រទេសថៃ។ បច្ចុប្បន្នធនាគារនេះ បាននិងកំពុងសាងសង់អាគារកំពស់៤០ជាន់ ដែលមានផ្ទៃក្រឡាអាគារទំហំ៤០,០០០ម៉ែត្រការ៉េ ធ្វើជាការិយាល័យកណ្តាលរបស់ខ្លួន ស្ថិតនៅលើមហាវិថីសម្តេចតេជោឬផ្លូវ៦០ម៉ែត្រ៕