ដោយ៖ សុផារី
ភ្នំពេញ៖ អ្នកអភិវឌ្ឍនិងអ្នកទិញអចលនទ្រព្យត្រូវការសេវាហិរញ្ញវត្ថុដើម្បីគាំទ្រដំណើរការអភិវឌ្ឍគម្រោងរបស់ខ្លួន។ ការរីកចម្រើននៃវិស័យសំណង់បង្កើនឲ្យមានតម្រូវការនៃការទទួលបានកម្ចី ហើយក៏បានរួមចំណែកអភិវឌ្ឍរបស់វិស័យហិរញ្ញវត្ថុតាមរយៈការផ្តល់កម្ចី ផ្ទេរប្រាក់ និងប្តូរប្រាក់ជាដើម។
អ្នកជំនាញលើកឡើងថា ក្នុងរយៈពេលចុងក្រោយនេះ អចលនទ្រព្យ៣ប្រភេទទទួលបានឥណទានច្រើនជាងគេ ក្នុងចំណោមអចលនទ្រព្យទាំងអស់ រួមមាន កម្ចីសម្រាប់ទិញផ្ទះ ដីធ្លី និងខុនដូ។
តាមរបាយការណ៍របស់ការិយាល័យឥណទានកម្ពុជាហៅកាត់ថា CBC បានបង្ហាញថា ការផ្ដល់កម្ចីសម្រាប់ទិញអចលនទ្រព្យ គិតត្រឹមដំណាច់ឆមាសទី១ឆ្នាំ ២០២២នេះ បានកើនឡើងដល់ជាង៧ពាន់លានដុល្លារអាមេរិក គឺបានកើនឡើងពី៦,៤ពាន់លានដុល្លារអាមេរិក នៅដំណាច់ឆ្នាំ ២០២១កន្លងទៅនេះ។
បើតាមលោក ង៉ូវ ប៊ុនថន ប្រធានផ្នែកឥណទាននៃធនាគារពាណិជ្ជ ឈីហ្វ បានថ្លែងឱ្យដឹងថា អចលនទ្រព្យ៣ប្រភេទដែលទទួលបានឥណទានច្រើនជាងគេក្នុងនោះរួមមាន ឥណទានសម្រាប់ទិញផ្ទះ ឥណទានសម្រាប់ទិញដីធ្លីនិងឥណទានទិញខុនដូ។
លោកមានប្រសាសន៍ថា ពលរដ្ឋកម្ពុជាច្រើនប្រើប្រាស់កម្ចីក្នុងការទិញអចលនទ្រព្យដូចជាផ្ទះ ដី និងខុនដូ។ ប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីការប្រើប្រាស់កម្ចីនេះគឺតាមរយៈការផ្សព្វផ្សាយនានា។
លោកបន្តថា ការអភិវឌ្ឍនៃវិស័យធនាគារ និងវិស័យអចលនទ្រព្យ គឺតែមានទំនាក់ទំនងយ៉ាងស្អិត ដូច្នេះការរីកចម្រើននៃវិស័យធនាគារក៏នឹងជួយឱ្យវិស័យអចលនទ្រព្យរីកចម្រើនដែរ តាមរយៈការផ្ដល់កម្ចីដល់វិស័យនេះដើម្បីអភិវឌ្ឍន៍ហើយការរីកចម្រើននៃវិស័យអចលនទ្រព្យ ក៏នឹងធ្វើឱ្យវិស័យធនាគាររីកចម្រើនទៅតាមនោះដែរ។
លោកបន្ថែមថា ទន្ទឹមនឹងការរីកចម្រើនវិស័យអចលនទ្រព្យដែលគាំទ្រពីបណ្ដាគ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុ អតិថិជនក៏គួរតែមានការគិតត្រិះរិះពិចារណាមុននឹងសម្រេចចិត្តទទួលកម្ចីគ្រឹះស្ថានហិរញ្ញវត្ថុ ទៅពង្រីកអាជីវកម្ម ឬវិនិយោគលើអចលនទ្រព្យ ដូចជា សិក្សាពីអត្រាការប្រាក់ រយៈពេលនៃការទទួលបានកម្ចី និងសិក្សាទៅលើទ្រព្យ ដែលបម្រុងនឹងបណ្ដាក់ទុនវិនិយោគនោះថា តើស្របច្បាប់ដែរឬអត់៕