ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ ខុនដូប្រមាណ៣០០០យូនីត បានបញ្ចប់ការសាងសង់ និងដាក់ចូលទីផ្សារ ក្នុងរាជធានីភ្នំពេញកាលពីត្រីមាសទី២ ឆ្នាំនេះ កើនឡើង ៩,៥ភាគរយ បើធៀបនឹងត្រីមាសទី១ ឆ្នាំ ២០២២។
ការសិក្សាដដែលបានរកឃើញផងដែរថា តម្លៃទិញ-លក់ និងជួលខុនដូ សុទ្ធតែរើបឡើងវិញបន្តិចបន្តួច បន្ទាប់ពីធ្លាក់ចុះប្រមាណ២ឆ្នាំ ដោយសារវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ ១៩។ នេះបើតាមក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia។
-->
របាយការណ៍ស្រាវជ្រាវរបស់ CBRE Cambodia(Phnom Penh Market Insights Q2) ដែលទើបចេញផ្សាយ កាលពីដើមខែកញ្ញា នេះបានបង្ហាញថា ភាពល្អប្រសើរនៃម៉ាក្រូសេដ្ឋកិច្ច តាមរយៈអត្រាដ៏ខ្ពស់នៃចំនួនប្រជាពលរដ្ឋក្នុងស្រុក ដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ កំណើននៃការនាំចេញទំនិញ ទៅទីផ្សារអន្តរជាតិ ការមកដល់នៃភ្ញៀវទេសចរអន្តរជាតិ (មិនមានការធ្វើចត្តាឡីស័ក) និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ បានធ្វើឱ្យទីផ្សារអចលនទ្រព្យ រួមទាំងទីផ្សារខុនដូនៅកម្ពុជា ចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមានឡើងវិញបណ្តើរៗហើយ។

របាយការណ៍ខាងលើបានរកឃើញថា នៅរាជធានីភ្នំពេញក្នុងត្រីមាសទី២ ឆ្នាំ ២០២២ មានគម្រោងអភិវឌ្ឍន៍ខុនដូចំនួន ៤ [ប្រភេទតម្លៃមធ្យម(Mid-Range) និងប្រភេទតម្លៃសមរម្យ (Affordable)] បានបញ្ចប់ការសាងសង់ និងដាក់ចូលក្នុងទីផ្សារ ដែលគម្រោងទាំង៤នេះ មានបន្ទប់ស្នាក់នៅសរុប៣២០៤យូនីត។ គិតត្រឹមចុងត្រីមាសទី ២ ឆ្នាំ ២០២២ ចំនួនបន្ទប់ខុនដូក្នុងរាជធានីភ្នំពេញ បានកើនដល់ជាង៣៦,០០០ យូនីត។
ការសិក្សារបស់ CBRE Cambodiaបានឲ្យដឹងផងដែរថា សម្រាប់តម្លៃលក់ និងជួលខុនដូ ក្នុងត្រីមាសទី២ ឆ្នាំ ២០២២ ឃើញថា កើនឡើងបន្តិចមកវិញបើធៀបនឹងត្រីមាសទី១ ឆ្នាំ ២០២២។ យូនីតខុនដូប្រណីត (High-End) មានតម្លៃលក់ជាមធ្យម២៦៧១ ដុល្លារក្នុង១ម៉ែត្រការ៉េ កើនឡើង១,៥ភាគរយ បើធៀបនឹងត្រីមាសទី១ ឆ្នាំ ២០២២។ យូនីតខុនដូតម្លៃមធ្យម (Mid-Range) មានតម្លៃមធ្យម២០៩៦ដុល្លារ កើន២,៧ភាគរយ និងប្រភេទតម្លៃសមរម្យ (Affordable) មានតម្លៃ១៤១២ ដុល្លារកើនឡើង ០,៧ភាគរយ។
ចំណែកតម្លៃជួលគឺខុនដូប្រណីត (High-End) មានតម្លៃជាមធ្យម ១១ ដុល្លារក្នុង១ម៉ែត្រការ៉េសម្រាប់១ខែ កើនឡើង២,៣ភាគរយ។ ប្រភេទតម្លៃមធ្យម (Mid-Range) មានតម្លៃ៩,៦ដុល្លារ កើន៣,៣ភាគរយ និងប្រភេទតម្លៃសមរម្យ (Affordable) មានតម្លៃ៧,៩ដុល្លារ កើនឡើង១,២ ភាគរយ។

នាយិការងផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់នៅក្រុមហ៊ុន CBRE Cambodia អ្នកនាង គឹម គិនកេសា បានមានប្រសាសន៍ថា សម្រាប់សកម្មភាពទិញ លក់ ជួលនិងតម្លៃខុនដូ កាលពីត្រីមាសទី២ ឆ្នាំ ២០២២ នេះវាចាប់ផ្តើមផ្តល់សញ្ញាវិជ្ជមានឡើងវិញហើយ ហើយវានឹងបន្តកើនឡើងទៀតនៅក្នុងត្រីមាសទី ៣ និងទី៤នេះ ប៉ុន្តែវានឹងមិនមានកំណើនខ្ពស់ទេ ដោយវាកំពុងស្ថិតក្នុងដំណាក់កាល Recovery។
អ្នកនាងបានបញ្ជាក់ថា “បច្ចុប្បន្នទីផ្សារនេះ ពឹងផ្អែកលើអ្នកក្នុងស្រុកច្រើន ព្រោះចំនួននៃការមកដល់ របស់ជនបរទេស នៅមានកម្រិតទាបនៅឡើយ៕