តើសុខភាពក្នុងវិស័យអចលនទ្រព្យមានសភាពដូចម្តេចរហូត ដល់ដំណាច់ឆ្នាំនេះ?

0

ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ នៅពេលការដ្ឋានសំណង់នានា បន្តបន្លឺសម្លេងរបស់កម្មករ ខ្ញៀវខ្ញារនៅឡើយ ហើយអាគារខ្ពស់ៗ បន្តលូតទៅលើអាកាសរាល់ថ្ងៃ វាបង្ហាញថាសកម្មភាពក្នុងវិស័យនេះបន្តមានសុខភាពល្អ។

ប៉ុន្តែសកម្មភាព និងសម្លេងទាំងនោះ មានសភាពហាក់ស្ងប់ស្ងាត់ ហើយហ្វូងរថយន្តចេញដំណើរទៅកាន់ជាយក្រុងនានា ក៏ហាក់មិនសូវមានច្រើនដូចមុនវិបត្តិកូវវីដ១៩ដែរ ប៉ុន្តែសកម្មភាពវិនិយោគរប៉េះរប៉ោះនៅបន្តសកម្មភាពខ្លះៗផងដែរ ស្របពេលទំហំទុនវិនិយោគ ក្នុងវិស័យនេះមានសញ្ញាមិនសូវវិជ្ជមានឡើយ។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំ​ដែនដី នគរូបនីយ​កម្ម និង​សំណង់ នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២២ ក្រសួង​បាន​អនុម័ត​លើ​គម្រោង​សាង​សង់​សរុប​២០០០​គម្រោង ដែល​មាន​ផ្ទៃ​ក្រឡា​សំណង់មានទំហំ២៨៥៩,៨៧៧ម៉ែត្រ​ការ៉េ និង​មាន​ទុន​វិនិយោគ១២០៦​លាន​ដុល្លារអាមេរិក​។

លើសពីនេះ ចំនួន​អគារ​ខ្ពស់ៗ ចាប់​ពីកំពស់៥​ជាន់​ឡើង​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន២៤៧២​អគារ។ ចំណែក​បុរី​លំនៅឋាន និង​បណ្តុំ​លំនៅឋាន​មាន​លក្ខណៈ​ជា​បុរី មាន​ចំនួន៤៨២​គម្រោង​។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម និង​សំណង់ លោក ជា សុផារ៉ា បាន​លើកឡើងកាលពីចុងខែឧសភាថា​ ​វិស័យ​សំណង់​គឺជា​សសរស្ដម្ភ​សំខាន់​មួយ ​ក្នុងចំណោម​សសរស្តម្ភ​ទាំង៤ ​ដែល​ទ្រទ្រង់​សេដ្ឋ​កិច្ចកម្ពុជា ក្នុងចំណោម​សសរ​ស្ដម​ផ្សេងទៀត ​រួមមាន​ ទេសចរណ៍,​កសិកម្ម និង​វិស័យ​ឧស្សាហកម្ម​។

ទិន្នន័យ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​២​ទសវត្ស​រ៍ចុងក្រោយ​នេះ ​​ក្រសួង​បានចេញ​លិខិត​អនុ​ញ្ញាតឱ្យ​សាងសង់​ជាង៥៧,០០០ ការដ្ឋាន​សំណង់​នៅ​ទូទាំងប្រទេស​​។ តាម​ការប៉ាន់ស្មាន​វិនិយោគ​សរុប​​ ក្នុង​វិស័យ​សំណង់​នា​​​រយៈពេល២ទសវត្ស​រ៍​​ចុងក្រោយ​នេះ​ មាន​ប្រមាណ​៦៦​ពាន់​លាន​ដុល្លា​រអាមេរិក ហើយ​វិស័យ​នេះ​​បាន​ផ្តល់​ការងារ​ជា​មធ្យម១៥​ ម៉ឺន​​នាក់​ក្នុង១ថ្ងៃ​។​

​អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា បានលើកឡើង​ស្របគ្នា​ថា២ទសវត្ស​រ៍កន្លងមក​ គឺជា​ពេលវេលា​ដែល​វិស័យ​អចលនទ្រព្យ និង​សំណង់ មានការ​រីកចម្រើន​លឿន​បំផុត ​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​នៅ​​​កម្ពុជា​។ ធាតុ​ផ្សំ​ចម្បង​ដែល​ធ្វើឱ្យ​វិស័យនេះ ​មាន​កំណើន​ខ្ពស់​បែបនេះ គឺ​ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋ​កិច្ច​ដែលមាន​ភាពរឹងមាំ និង​មាន​​ភាព​ធន់​។​

​អគ្គលេខាធិកា​រ​នៃ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា លោក ហ៊ុយ វណ្ណា បានមានប្រសាសន៍ឲ្យដឹងថា វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា ក្នុង​រយៈពេល​ជិត២​ទសវត្ស​រ៍ចុងក្រោយ​​នេះ ​បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ស្ទើ​​រមិន​គួរឱ្យ​ជឿ ដោយ​កម្ពស់ និងចំនួន​អគារ​ធំៗ​នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​នៅពេលនេះ​ ​មិន​ចាញ់​ប្រទេសជិតខាង​ឡើយ ពិសេស​សំណង់​អគារ​ខុន​ដូ អគារ​ពាណិជ្ជកម្ម ផ្សារ​ទំនើប និង​បុរី​លំនៅឋាន ជាដើម។

លោក​បាន​បន្ថែមថា “អ្វី​ដែលជា​ចំណុច​​គួ​រឱ្យ​កត់សម្គាល់​មួយទៀត​នោះ គឺ​ការបញ្ចេញ​ទុនវិនិយោគ​លើ​វិស័យ​សំណង់ ​មាន​កាន់តែច្រើន​ពី​សំណា​ក់​អ្នក​នៅក្នុង​ស្រុក​”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១៥ កញ្ញាថា ស្ថានភាពទីផ្សារអចលនទ្រព្យកម្ពុជាឆ្នាំនេះ មានសភាពតឹងបន្តិច​ ប៉ុន្តែមិនលំបា​កពេក និងឈានទៅរកការដួលរលំនោពះទេ។ លោកបន្តថា សកម្មភាពទិញ លក់ទំហំទឹកប្រាក់ធំៗមានការពិបាក ព្រោះបើយើងពឹងផ្អែកតែលើទី​ផ្សារក្នុងស្រុក វិស័យនេះមិនអាចទៅមុខលឿននោះទេ។

លោកបន្តថា “ស្ថានភាពនេះ ជាការរង់ចាំឱកាស ហើយការអភិវឌ្ឍអ្វីមួយត្រូវការពេលវេលា ប៉ុន្តែទីផ្សារកម្ពុជានៅតែមានសុទិដ្ឋិនិយម ចំពោះអនាគត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here