ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ របាយការណ៍បានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាជាង២ លានគ្រួសារ ឬប្រហែល៥៧ភាគរយ នៃគ្រួសារទាំងអស់នៅក្នុងប្រទេសកម្ពុជា កំពុងកាន់កាប់កសិកម្មលក្ខណៈគ្រួសារ។
ជាមួយគ្នានេះ ក្រសួងផែនការ នឹងប្រកាសលទ្ធផលអង្កេតកសិកម្មឆ្នាំ ២០២១ នៅដើមឆ្នាំក្រោយស្របពេល ក្រុមការងារនឹងចាប់ផ្តើមធ្វើអង្កេតកសិកម្មឆ្នាំ២០២២ នៅដើមខែតុលាឆ្នាំនេះ។
-->
កាលពីថ្ងៃទី ២២ ខែកញ្ញា រាជរដ្ឋាភិបាលបានចេញផ្សាយរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២០ ដើម្បីផ្សព្វផ្សាយលទ្ធផលអង្កេតកសិកម្មស្ថិតក្រោមគំនិតផ្តួចផ្តើម៥០x២០៣០ ដើម្បីលុបបំបាត់គម្លាតទិន្នន័យកសិកម្មនៅក្នុងប្រទេស ដែលមានចំណូលទាប និងមធ្យមកម្រិតទាប។
អង្កេតកសិកម្មឆ្នាំ ២០២០ ត្រូវបានធ្វើឡើងរួមគ្នា ដោយវិទ្យាស្ថានជាតិស្ថិតិ (NIS)នៃក្រសួងផែនការ (MoP) សហការជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ (MAFF) ដោយមានការគាំទ្របច្ចេកទេសពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)។

រដ្ឋមន្រ្តីក្រសួងផែនការ លោក ឆាយ ថន បានថ្លែងថា គ្រួសារកាន់កាប់ទាំងនោះត្រូវបានបែងចែកជា៤ តំបន់ភូមិសាស្ត្រ ដូចជា តំបន់វាលទំនាបមាន ៤៣ ភាគរយ តំបន់បឹងទន្លេសាបមាន៣៥ ភាគរយ តំបន់ខ្ពង់រាបមាន ១៥ភាគរយ និងតំបន់សមុទ្រមាន៧ភាគរយ។
លោកបន្ថែមថា គ្រួសារកាន់កាប់កសិកម្មទាំងនោះ គឺមានគ្រួសារដែលធ្វើកសិកម្ម សម្រាប់ហូបក្នុងគ្រួសារមានប្រមាណ៦១ភាគរយ និងគ្រួសារធ្វើកសិកម្ម សម្រាប់លក់លើទីផ្សារមានប្រមាណ៣៩ភាគរយ។
លោកឆាយ ថន បានឱ្យដឹងទៀតថា ក្នុងចំណោមគ្រួសារកសិកម្មទាំងអស់នៅកម្ពុជា មានប្រមាណ៩៤ភាគរយ បានរាយកាណ៍ពីសកម្មភាពដាំដំណាំ ខណៈ៨២ភាគរយនៃគ្រួសារកសិកម្មទាំងអស់ បានរាយការណ៍ពីការចិញ្ចឹម បសុសត្វ បសុបក្សី ឬសត្វល្អិតនិងមានប្រហែល២៧ភាគរយ នៃគ្រួសារកសិកម្ម បានចូលរួមក្នុងសកម្មភាពនេសាទ និង៦ភាគរយមានសកម្មភាពពាក់ព័ន្ធនឹងវារីវប្បកម្ម។
លោកបានបញ្ជាក់ថា លទ្ធផលនៃការអង្កេតកសិកម្មឆ្នាំ ២០២០ នេះ គឺជារបាយការណ៍លើកទី២ ដែលត្រូវបានផ្សព្វផ្សាយ បន្ទាប់ពីរបាយការណ៍លទ្ធផលអង្កេតជំរឿនកសិកម្មឆ្នាំ២០១៩ ត្រូវបានផ្សព្វផ្សាយក្នុងឆ្នាំ ២០២១ បន្ទាប់ពីមានជំរឿនកសិកម្មលើកទី១ កាលឆ្នាំ២០១៣ ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាព ប្រចាំឆ្នាំនូវទិន្នន័យជំរឿនគោល ដើម្បីចង់ក្រងស្ថិតិកសិកម្ម។

លោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការបានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០១៩ មក ក្រសួងផែនការបានធ្វើការអង្កេតកសិកម្ម ជារៀងរាល់ឆ្នាំ ហើយលទ្ធផលនៃការធ្វើអង្កេតនេះ ត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់។
លោកស្រីបញ្ជាក់ថា នៅពេលនេះ យើងផ្សព្វផ្សាយលទ្ធផលអង្កេតកសិកម្ម ឆ្នាំ២០២០ ហើយលទ្ធផលអង្កេតឆ្នាំ២០២១ យើងបានធ្វើរួចហើយ គ្រាន់តែមិនទាន់ចេញផ្សាយ។ ឥឡូវនេះ យើងចាប់ផ្តើមអង្កេតកសិកម្មឆ្នាំ២០២២ ដែលខែក្រោយ (តុលា) យើងនឹងចាប់ផ្តើមធ្វើហើយ៕