ដោយ គង់ សូរិយ
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងអះអាងថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០១៨ ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនក្នុងអត្រា ៧,៣% ហើយសម្រាប់រយៈ ពេលមធ្យមខាងមុខ កម្ពុជាអាចរក្សាបានអត្រាកំណើនប្រមាណ៧% ក្នុងមួយឆ្នាំ។
សម្តេចតេជោបានមានប្រសាសន៍ នៅក្នុងវេទិកាធុរកិច្ចវៀតណាម-កម្ពុជា ដែលធ្វើនៅទីក្រុងហាណូយ ប្រទេសវៀតណាម ដោយមាននការអញ្ជើញចូលរួមពីលោកនាយកលរដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វុក និងពាណិជ្ជករ អ្នកធុរកិច្ចវៀតណាម រួមជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា និងវៀតណាមនៅ៦ ខែធ្នូ ឆ្នាំ២០១៨នេះបន្តថា កំណើនសេដ្ឋកិច្ចខ្ពស់នេះបានធ្វើឱ្យកម្ពុជា សម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងស្ថិតនៅលើគន្លងនៃការឈានទៅសម្រេចបាន នូវឋានៈនៃប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។
សម្តេចបន្តថា ដើម្បីសម្រេចបាននូវគោលបំណងខាងលើ និងស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ និងកំពុងអនុវត្ត “គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥” សំដៅកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្មទៅជាឧស្សាហកម្ម ផ្អែកលើជំនាញនៅរង្វង់ឆ្នាំ២០២៥ ។
សម្តេចតេជោហ៊ុន សែនបានបញ្ជាក់ទៀថា គោលនយោបាយនេះជា “យុទ្ធសាស្ត្រកំណើនថ្មី” និងបានកំណត់ឧស្សាហកម្មចំនួន ៥ ជាអាទិភាព រួមមាន ទី១ ឧស្សាហកម្ម ឬកម្មន្តសាលថ្មីៗដែលមានចរិតជាការបើកច្រកចូលទីផ្សារ ផ្ដល់តម្លៃបន្ថែមខ្ពស់ មានភាពច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ទី២ សហគ្រាសធុនតូចនិងមធ្យមក្នុងគ្រប់វិស័យ ទី៣ ផលិតកម្មកសិ-ឧស្សាហកម្មដែលបម្រើឱ្យការនាំចេញ និងទីផ្សារក្នុងស្រុក ទី៤ ប្រភេទឧស្សាហកម្មគាំទ្រពាក់ព័ន្ធនឹងវិស័យកសិកម្ម ទេសចរណ៍ និងកាត់ដេរ ព្រមទាំងឧស្សាហកម្មបម្រើឱ្យខ្សែចង្វាក់ផលិតកម្មតំបន់ ដែលជាឧស្សាហកម្មតភ្ជាប់ទៅទីផ្សារ ឬខ្សែចង្វាក់តម្លៃសកល និង៥ ប្រភេទឧស្សាហកម្មបម្រើឱ្យខ្សែចង្វាក់ផលិតកម្មតំបន់ និងមានចរិតយុទ្ធសាស្ត្រនាពេលអនាគត៕