ដោយៈ សុផារី
ភ្នំពេញៈ គិតមកទល់ដំណាច់ត្រីមាសទី៣ ឆ្នាំ២០២២ លំហូរនៃទេសចរ និងជនជាតិបរទេស ចូលមកកាន់ប្រទេសកម្ពុជា បានកើនឡើងបណ្តើរៗហើយ ប៉ុន្តែកំណើននេះហាក់មិនសូវគាំទ្រខ្លាំងដល់ទីផ្សារជួល ដែលភាគច្រើនពឹងផ្អែកលើវិនិយោគិន និងជនជាតិបរទេសនោះទេ។
ស្របពេលជាមួយគ្នានេះ អ្នកជំនាញមើលឃើញថា ទីផ្សារជួលនៃការិយាល័យ មានភាពប្រសើរឡើងបណ្តើរៗហើយ តែការជួលអាផាតម៉ិនមិនទាន់មានសញ្ញាវិជ្ជមានខ្លាំងនៅឡើយ។
លោក ហិន ម៉េងហៀង អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងកាលពីចុងសប្ដាហ៍មុននេះថា នៅក្នុងកំឡុងសម័យកូវីដ១៩នេះ អ្វីដែលប៉ះពាល់ខ្លាំងជាងគេគឺទីផ្សារជួល ហើយអត្រាការជួលនៅក្នុងសេវាកម្ម គ្រប់គ្រងអចលនទ្រព្យមានការធ្លាក់ចុះខ្លាំង។
លោកបន្តថា “ការធ្លាក់ចុះនេះ ដោយសារមិនសូវមានលំហូរនៃអ្នកវិនិយោគ និងលំហូរនៃជនបរទេស ដែលមានតម្រូវការនៃការជួល ដោយមានតែអ្នកជួលនៅក្នុងស្រុកតែប៉ុណ្ណោះ”។
អ្នកជំនាញរូបនេះអះអាងថា “បញ្ហានេះបានជះឥទ្ធិពល ដោយធ្វើឱ្យប៉ះពាល់ដល់អត្រាការជួល (Occupancy Rate) និងតម្លៃជួលស្ទើរគ្រប់ប្រភេទនៃអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា”។ លោកថា “មានការស្នើសុំឱ្យមានតម្លៃធូរថ្លៃ អ្នកជួលក៏មានវិបត្តិហិរញ្ញវត្ថុដូចគ្នា ដែលនាំឲ្យមានការបញ្ចុះតម្លៃ”។
ជាមួយគ្នានេះ លោក ប៉ូវ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance Property បានមានប្រសាសន៍ប្រាប់ Property Area Asia ថា ទីផ្សារជួលការិយាល័យ ចាប់ផ្តើមមានភាពល្អប្រសើរបណ្តើរៗហើយ ខណៈទីផ្សារមួយនេះ មានកំណើនយឺតៗ ស្របពេលតម្រូវការក៏មានកំណើនទន្ទឹមគ្នាផងដែរ។
ចំណែកទីផ្សារជួលអាផាតមិន អ្នកជំនាញរូបនេះអះអាងថា នៅមិនទាន់មានភាពល្អប្រសើរនៅឡើយទេ ដោយសារការប្រកួតប្រជែងខ្ពស់ ជាមួយខុនដូ។ លោកថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាផាតម៉ិនមានការកើនឡើងច្រើននោះទេ ខណៈទីផ្សារខុនដូវិញមានការកើនឡើងខ្លាំង។
លោកបានបន្តថា “សេដ្ឋកិច្ចមិនមានការកើនឡើង ជាគំហុកដូចមុន ធ្វើឲ្យទីផ្សារអាផាតម៉ិន មានការប្រកួតប្រជែងខ្ពស់ជាមួយខុនដូ នាពេលបច្ចុប្បន្ន”៕