ជប៉ុនជួយកសាងហេដ្ឋារចនាសម្ព័ន្ឋជាច្រើននៅក្នុងខេត្តកែប​

0

  ដោយៈ គង់ សូរិយា

       ខេត្តកែបៈ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជាបាននិងកំពុងជួយលើកកំពស់ និងវិនិយោគហេដ្ឋារចនាសម្ព័ន្ឋជាច្រើននៅក្នុងខេត្តកែប។

គំរោងទាំងនោះរួមមាន ផ្លូវលេខ1KEK7 (អតីតផ្លូវ​១៣៣៣A) ប្រវែងសរុប៣,៥០០ម៉ែត្រ ដោយដីល្បាយថ្មភ្នំ និងគម្រោងគូសាណូណិ រួមមានការងារសាងសង់លូប្រអប់០១កន្លែង លូមូលទទឹងផ្លូវ០២កន្លែង ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

លោកម៉ម ទូច ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកែប បានអោយដឹងថា ផ្លូវលេខ1KEP7 (អតីតផ្លូវ​១៣៣៣A) មានប្រវែងសរុប៣,៧៥០ម៉ែត្រ ដោយបំបែកចេញពីផ្លូវលេខ១៣៣៣ ត្រង់PK4+136 រហូតដល់ផ្លូវលេខ១៣៣៥ ត្រង់គ.ម១+៩៥០ ស្ថិតក្នុងភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ផ្លូវនេះចែកជាពីរផ្នែក ទី១- រដ្ឋាភិបាល និងប្រជាជនជប៉ុន បានផ្តល់ជំនួយឥតសំណង នៃគម្រោងគូសាណូណិ ដោយចាក់ដីល្បាយថ្មប្រវែង២៥០ម ទទឹង៧ម, លូប្រអប់១កន្លែង ប្រវែង៣ម ទទឹង៧ម និងលូមូលកាត់ផ្លូវអង្កត់ផ្ចិត១ម ១ជួរ ប្រវែង១០ម ចំនួន ០២កន្លែង ចន្លោះគ.ម៣+០៥០ ដល់​ គ.ម៣+៣០០(លើខ្នងទំនប់) ជាលទ្ធផលសម្រេចបាន១០០%នៃគម្រោងការងារ។

ទី២-ផ្លូវដែលនៅសល់ប្រវែង៣,៥០០ម៉ែត្រទទឹង១០ម៉ែត្រ ចន្លោះគ.ម០+០០​ដល់​ គ.ម៣+០៥០និងគ.ម៣+៣០០​ដល់គ.ម៣+៧៥០​ ក្នុងគម្រោងផែនការប្រចាំឆ្នាំ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប គឺជាគម្រោងដែលសម្តេចតេជោ នាយករដ្ឋមន្រ្តីបានផ្តល់ជូនខេត្តកែប តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលខេត្ត ដោយត្រូវពង្រីក និងលើកកំពស់តួថ្នល់រួចចាក់ក្រាលដីល្បាយថ្ម ដែលមានរយៈពេលសាងសង់ចំនួន១២ខែ។

អភិបាលនៃគណៈអភិបាលខេត្ត​ លោកសោម ពិសិដ្ឋមានប្រសាសន៍ក្នុងពិធីសម្ភោធហេដ្ឋារចនាសម្ព័ន្ឋខាងលើ កាលពីថ្ងៃទី១៩ តុលាកន្លងមកថា  ផ្លូវខាងលើនេះ ជាផ្នែកមួយយ៉ាងសំខាន់ ដែលមានភាពប្រទាក់ក្រឡាគ្នា ពិសេសជាការតភ្ជាប់សៀគ្វីទេសចរណ៏ ពីតំបន់នានា មកកាន់តំបន់អេកូទេសចរណ៍ភ្នំវល្លិ៍ និងជាតំបន់កសិឧស្សាហកម្មដ៏មានសក្តានុពល។ ជាមួយគ្នានេះ​ ក៏បានជួយពង្រីកដល់មុខព្រួញវិស័យដទៃទៀត ក្នុងការរួមចំណែកអភិវឌ្ឍខេត្ត និងបង្កើតមុខរបរជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឲ្យមានជីវភាពកាន់តែធូរធាឆ្លងផុតពីបន្ទាត់ភាពក្រីក្រ។

លោកបន្តថា “សមិទ្ធផលខាងលើនេះ គឺកើតចេញពីនយោបាយ ឈ្នះ​ ឈ្នះ! របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ និងដឹកនាំអនុវត្តប្រកបដោយ ជោគជ័យដ៏ត្រចះត្រចង់ ហើយបាននាំមកនូវសុខសន្តិភាពពេញលេញ ការឯកភាពជាតិ ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ព្រមទាំងរក្សាបានទាំង ស្រុងនូវអធិបតេយ្យភាព និងបូរណភាពទឹកដី”។ លោកបន្តថា “កត្តាទាំងនេះ គឺជាបច្ច័យដ៏ល្អសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសការដាក់ចេញ និងអនុវត្តនូវគោលនយោបាយជាតិ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥”៕

LEAVE A REPLY

Please enter your comment!
Please enter your name here