ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ចំនួនអាផាតម៉ិនដាក់ចូលទីផ្សារបានកើនឡើងយ៉ាងគំហុក ជាក់ស្តែងគិតត្រឹមដំណាច់ឆ្នាំមុនអាផាតម៉ិន និងខុនដូចំនួន២៩២គំរោង និងមានផ្ទះចំនួនប្រមាណ១០,០០០យូនីតបានដាក់ចូលទីផ្សារ។
យោងតាមការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប ដែលបានបញ្ចប់កាលពីពេលថ្មីៗនេះបានរកឃើញថា ក្នុងកំឡុងឆ្នាំមុនអាផាតម៉ិនបានដាក់ចូលទីផ្សារបានកើនឡោះង២០ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥ ស្របពេលជាមួយតម្រូវការប្រើប្រាស់បានធ្លាក់ចុះ៨ភាគរយ ដោយសារការផ្គត់ផ្គង់អាផាតម៉ិនច្រើននៅលើទីផ្សារ។
ការសិក្សាដដែលបានរកឃើញផងដែរថា បញ្ហាសំខាន់នៅពីក្រោយការធ្លាក់ចុះតម្រូវការប្រើប្រាស់ គឺដោយសារចំនួនខុនដូបានបញ្ចប់ និងដាក់ចូលទីផ្សារបានកើនឡើង ដែលធ្វើឲ្យចំណែកទីផ្សារមានការចែករំលែកគ្នា ប៉ុន្តែទោះជាយ៉ាងណាគេនៅតែឃើញអត្រាប្រើប្រាស់អាផាតម៉ិន មានកម្រិតខ្ពស់រហូតដល់៩០ភាគរយ។
លោកឧកញ៉ានួន រិទ្ឋីអគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisalដែលបានវិនិយោគលើអាផាតម៉ិន នៅទីក្រុងភ្នំពេញផងដែរនោះបានថ្លែងថា ទីផ្សារអាផាតម៉ិននៅតែមានភាពល្អប្រសើរ ទោះបីជាមានការផ្គត់ផ្គង់កើនឡើងក្តី តែអាផាតម៉ិនដែលបានសាងសង់រួចថ្មីៗ នៅតែទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ទាំងក្នុង ស្រុក និងជនបរទេស។
លោកបន្តថា ទីផ្សារអាផាតម៉ិនទាល់តែមានតម្រូវការ ទើបមានការផ្គត់ផ្គង់ ដូច្នេះការវិនិយោគលើអាផាតម៉ិន មិនមានអ្វីគួរឲ្យបារម្ភទេ បើទោះជាមានខុនដូថ្មីៗបានបញ្ចប់ការសាងសង់ច្រើន និងធ្វើឲ្យការប្រកួតប្រជែងកើនឡើងក្តី ក៏តម្រូវការ គោលដៅ និងទីតាំងនៃគំរោងនិមួយៗមានភាពខុនសៗគ្នា ហេតុនេះទើបទីផ្សារអាផាតម៉ិននៅតែមានភាពល្អប្រសើរ។
អាផាតម៉ិនសំដៅលើអាគារស្នាក់នៅរួម ដែលមានម្ចាស់តែមួយឬអ្នកវិនិយោគសាងសង់សម្រាប់ជួល។ ចំណែកខុនដូជាអាគារសហកម្មសិទ្ឋិ ដែលមានម្ចាស់ច្រើនហើយអ្នកវិនិយោគសាងសង់ឡើងសម្រាប់លក់។
លោកកឺក ណារិនអគ្គនាយកក្រុមហ៊ុន Focus Property បានថ្លែងថា ទីផ្សារអាផាតម៉ិនកាន់តែមានភាពប្រកួតប្រជែង ដែលធ្វើឲ្យម្ចាស់អាផាតម៉ិននិមួយៗបានផ្តល់សេវាកម្មកាន់តែងាយស្រួលដល់អតិថិជន ជាជាងបញ្ចុះតំលៃសេវាកម្មរបស់ពួកគេ បើទោះជាទីផ្សារជាទូទៅមានការធ្លាក់ចុះនូវអត្រាប្រើប្រាស់ក្តី។លោកបន្តថា អាផាតម៉ិនចាស់ៗប្រឈមមុខនឹងការបាត់បង់អតិថិជន ដោយសារការប្រកួតប្រជែងកើនឡើង និងវត្តមានអាផាតម៉ិនថ្មីៗកាន់តែមានភាពទាក់ទាញជាងមុន។
លោកបន្តថា “តំបន់បឹងកេងកង១នៅតែមានភាពពេញនិយមជាងគេ លើតម្រូវការជួលនិងប្រើប្រាស់អាផាតម៉ិន ដោយសារតំបន់នេះមានសេវាកម្មសម្បូរបែប ដែលផ្តល់ភាពងាយស្រួលក្នុងការរស់នៅ”៕