ដោយៈ សុផារី
ភ្នំពេញៈ ការងើបឡើងវិញបណ្តើរៗ នៃវិស័យទេសចរណ៍ជំរុញឱ្យទីផ្សារសណ្ឋាគារ និងបដិសណ្ឋារកិច្ច បាននិងកំពុងវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។
ទោះបីមានកំណើនទេសចរណ៍ឡើងវិញក្តី អ្នកជំនាញមើលឃើញថា អាជីវកម្មសណ្ឋាគារនៅតែបន្តប្រឈមនឹងការខាតបង់។
ដោយៈ សុផារី
ភ្នំពេញៈ ការងើបឡើងវិញបណ្តើរៗ នៃវិស័យទេសចរណ៍ជំរុញឱ្យទីផ្សារសណ្ឋាគារ និងបដិសណ្ឋារកិច្ច បាននិងកំពុងវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។
ទោះបីមានកំណើនទេសចរណ៍ឡើងវិញក្តី អ្នកជំនាញមើលឃើញថា អាជីវកម្មសណ្ឋាគារនៅតែបន្តប្រឈមនឹងការខាតបង់។
ប្រធានសមាគមសណ្ឋាគារកម្ពុជា លោក ឌិន សុមេធារិទ្ធបានមានប្រសាសន៍ប្រាប់នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ម្សិលមិញថា អាជីវកម្មសណ្ឋាគារ នៅតែប្រឈមនឹងការខាតបង់ ទោះបីជាចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងរយៈពេល៩ខែចុងក្រោយក្តី។
ទិន្នន័យពីក្រសួងទេសចរណ៍ បានឱ្យដឹងថា ចំនួននៃទេសចរអន្តរជាតិហូរចូលមកកាន់ប្រទេសកម្ពុជា បានកើនឡើងដល់១,២លាននាក់ គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២២នេះ ហើយពេញមួយឆ្នាំ២០២២នេះ កម្ពុជារំពឹងទទួលបានទេសចរបរទេសសរុបចំនួន១,៥ ទៅ២លាននាក់។ យ៉ាងណាក្តី ចំនួននេះ នៅមិនទាន់អាចប្រៀបធៀបនឹងស្ថានភាពល្អប្រសើរ កាលពីមុនវិបត្តិកូវីដ១៩ ដែលកាលនោះ កម្ពុជាទទួលបានប្រមាណ៦,៦លាននាក់ក្នុងឆ្នាំ២០១៩។
លោកឌិន សុមេធារិទ្ឋបានបញ្ជាក់ទៀតថា ក្រោយការប្រកាសបើកប្រទេសនៅក្នុងឆ្នាំ២០២១ ស្ថានភាពទេសចរណ៍មានភាពល្អប្រសើរជាបន្តបន្ទាប់ពីមួយខែទៅខែ ដែលជាសញ្ញាល្អ រហូតមកទល់ខែកញ្ញា ចំនួនទេសចរបរទេសមានជាង១,២លាននាក់។
ទោះជាយ៉ាងនេះក្តី ប្រធានសមាគមសណ្ឋាគាររូបនេះបានឱ្យដឹងថា អាជីវកម្មសណ្ឋាគារនៅតែបន្តខាតបង់ ព្រោះចំនួនទេសចរនៅមិនទាន់អាចប្រៀបនឹងមុនកូវីដ១៩បានទេ។
លោកបន្តថា “ទេសចរណ៍ល្អ ប៉ុន្តែអ្នករកស៊ីអូតែលនៅតែបន្តខាត ព្រោះដូចបានដឹងស្រាប់ហើយថា កាលពី២០១៩ មានប្រហែល៦,៥លាននាក់ តែរហូតមកដល់ពេលនេះ យើងទើបបានត្រឹម១,២លាននាក់”។
លោកបន្តថា អាជីវកម្ម ដែលប្រឈមបញ្ហាវិបត្តិកូវីដ១៩ និងនៅតែមិនព្រមបិទអាជីវកម្ម ប្រឈមនឹងការខាតបង់ខ្ពស់ តែនៅតែអាចបន្តដំណើរការរកស៊ីបាន ខណៈអាជីវកម្មដែលបានបិទ ក្នុងកំឡុងពេលប្រឈមវិបត្តិធ្ងន់ធ្ងរប្រឈមនឹងការលំបាកខ្ពស់ ព្រោះខ្វះខាតធនធានមនុស្ស។
ជាមួយគ្នានេះ នាយកគ្រប់គ្រង CBRE Cambodia លោក Lawrence Lennon បានលើកឡើងថា ចំនួន៥០ភាគរយ នៃការមកដល់នៃទេសចរអន្តរជាតិ បានមកពីប្រទេសថៃឬវៀតណាម ឬហៅថា “backpacker demographic” ដែលនាំឱ្យមានការរីកលូតលាស់ នៅក្នុងទីផ្សារសណ្ឋាគារ និងផ្ទះសំណាក់កម្រិតទាប ដោយកន្លែងខ្លះរាយការណ៍ថា មានការកាន់កាប់រហូតដល់១០០ភាគរយ។
លោកបានឱ្យដឹងថា សញ្ញាល្អប្រសើរនៃលំហូរទេសចរបរទេសនេះ បានជំរុញការងើបឡើងវិញនៃទីផ្សារសណ្ឋាគារ និងផ្ទះសំណាក់កម្រិតទាប ច្រើនជាងសណ្ឋាគារលំដាប់ផ្កាយ៤ និងផ្កាយ៥។
កាលពីពេលថ្មីៗកន្លងមក រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការ “គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍” ជាមួយនឹងគម្រោងថវិកាសរុបចំនួន១៥០លានដុល្លារអាមេរិក ដែលបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាល និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ក្នុងគោលបំណងស្តារប្រតិបត្តិការអាជីវកម្មឡើងវិញ ការកែលម្អ និងធ្វើទំនើបកម្ម ការពង្រីកខ្លួនបន្ថែម និងធ្វើពិពិធកម្មសេវាទេសចរណ៍ ដើម្បីត្រៀមខ្លួនទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ៕