ទីផ្សារលំនៅឋានកាណាដារំពឹងធ្លាក់ចុះនៅឆ្នាំនេះ មុនពេលស្ទុះងើបឡើងវិញនៅឆ្នាំ២០២៦

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមសមាគមអចលនទ្រព្យកាណាដា (CREA) បានឱ្យដឹងថា ការលក់ផ្ទះទូទាំងប្រទេសកាណាដាបានធ្លាក់ចុះ១,៧ភាគរយនៅខែកញ្ញាធៀបនឹងខែសីហា បន្ទាប់ពីបានកើនឡើងចាប់តាំងពីខែមេសា។

ការលក់ផ្ទះបានធ្លាក់ចុះនៅក្នុងទីក្រុងធំៗដូចជា ទីក្រុង Vancouver ទីក្រុង Calgary ទីក្រុង Edmonton ទីក្រុងអូតាវ៉ា (Ottawa) និងទីក្រុង Montreal។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters ។

ទោះជាយ៉ាងណា លោក Shaun Cathcart សេដ្ឋវិទូរបស់សមាគម CREA បានលើកឡើងថា ការលក់ផ្ទះក្នុងខែកញ្ញា ឆ្នាំ២០២៥ បានកើនឡើងបើធៀបនឹងខែកញ្ញា ឆ្នាំ២០២៤ ឆ្នាំ២០២៣ និងឆ្នាំ២០២២ លើកលែងតែ​ឆ្នាំ​២០២១​។​

លោករំពឹងថា ការលក់ផ្ទះនៅប្រទេសកាណាដានឹងកើនឡើងវិញនៅចុងឆ្នាំ២០២៥នេះ រហូតដល់ឆ្នាំ២០២៦ ដោយ​សារ​ការទាញទម្លាក់អត្រាការប្រាក់ដោយធនាគារកណ្តាលកាណាដា។

កាលពីពេលថ្មីៗនេះ ធនាគារកណ្តាលកាណាដា(Bank of Canada)បានកាត់បន្ថយអត្រាការប្រាក់របស់ខ្លួនមកនៅត្រឹម២,៥ភាគរយ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល៣ឆ្នាំកន្លងមក។

សមាគមអចលនទ្រព្យកាណាដា (CREA) រំពឹងថា ការលក់ផ្ទះក្នុងប្រទេសកាណាដានឹងធ្លាក់ចុះ១,១ភាគរយនៅឆ្នាំ២០២៥ មុនពេលកើនឡើង៧,៧ភាគរយនៅឆ្នាំ២០២៦។ តម្លៃផ្ទះជាមធ្យមនឹងធ្លាក់ចុះ១,៤ភាគរយនៅឆ្នាំនេះ និងកើនឡើង៣,២ភាគរយនៅឆ្នាំក្រោយ៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here