លោក​ឧកញ៉ា នួន រិ​ទ្ឋី ពី​ក្មេង​លក់​កាសែត​ក្លាយជា​អ្នកមាន​ក្នុង​វិស័យ​អចលនទ្រព្យ

0

ដោយ៖គង់ សូរិយា

ភ្នំពេញ៖ មនុស្សម្នាក់ៗសុ​ទ្ឋ​តែមាន​ប្រវត្តិ​តស៊ូខុសៗគ្នា ប៉ុន្តែ​ភាព​ឆ្លាត​វៃ និង​ការដើរ​លើផ្លូវ​ត្រូវ​ក្នុង​ឆាកជីវិត បានធ្វើ​ឲ្យ​បុគ្គល​នោះ​ជោគជ័យ​ដោយ​ទទួលបាន​ទាំង​កេ​រ្ត៍​ឈ្មោះ​ល្អ និង​ទ្រព្យសម្បត្តិ​ហូរហៀរ។

កើត​នៅក្នុង​សង្កាត់​លេខ៥ (សង្កាត់​ទួល​ស្វាយព្រៃ) ក្រុងភ្នំពេញ ក្នុង​គ្រួសារ ដែលមាន​ម្តាយ​ជា​អាជីវករ និង​ឪពុក​ជា​មន្ត្រី​បច្ចេកទេស​នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នា​ទសវត្សរ​ទី៨០ កុមារ​នួន  រិ​ទ្ឋី​ជា​កូន​ទី២ ក្នុងចំណោម​បងប្អូន៤នាក់។

កុមារ​នួន រិ​ទ្ឋី​ចាប់ផ្តើម​ចូលរៀន​តំបូង​នៅ​សាលាបឋមសិក្សា​ទួលស្លែង អនុវិទ្យាល័យ​ទួល​ស្វាយព្រៃ និង​បន្ត​ការសិក្សា​នៅ​វិទ្យាល័យ​ព្រះ​យុគ​ន្ឋ​រ មុន​បន្ត​ការសិក្សា​បរិញ្ញាបត្រ​ផ្នែក​វិស្វករ​សំណង់​ស៊ីវិល នៅ​សាកលវិទ្យាល័យ​ន័​រ​តុ​ន ហើយ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ផ្នែក​គ្រប់គ្រង​ជំនួញ​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ។

ជីវិត​ក្រីក្រ

ដោយសារ​ម្តាយ​រកស៊ី​តូចតាច និង​ឪពុក​ជា​មន្ត្រីរាជការ បានធ្វើ​ឲ្យ​ក្រុមគ្រួសារ​លោក​នួន រិ​ទ្ឋី​មាន​ជីវភាព​លំបាក។ ដោយ​មើលឃើញ​ភាពលំបាក​នេះ និង​ចង់​សម្រាល​បន្ទុក​គ្រូ​សារ ពេលខ្លះ​លោក​នួន រិ​ទ្ឋី​ដែល​បាន​ចម្រើន​វ័យ​ជំទង់​បាន​លួច​ទៅធ្វើ​ការ​សំណង់ ដោយ​ទទួលបាន​ប្រាក់​ក្នុង​មួយថ្ងៃ ៧០០០ ទៅ ៨០០០រៀល​ក្នុង​មួយថ្ងៃ។ បន្ទាប់ពី​ការងារ​នេះ​មាន​ភាពលំបាក​ខ្លាំង លោក​នួន រិ​ទ្ឋី​បាន​ប្រក​បរបរ​ថ្មី​ទៀត គឺ​លក់​កាសែត​នៅតាម​ផ្សារ និង​ទីតាំង​មួយចំនួន ដែល​ទទួលបាន​ប្រាក់​កំ​រ៉ៃ​សមរម្យ ដោយសារ​លោក​បាន​បែងចែក​ផែនការ និង​គោលដៅ​ច្បាស់លាស់ ក្នុងការ​ចែកចាយ​កាសែត។

ចាប់ផ្តើម​អាជីវកម្ម​ខ្នាតតូច

ប្រហែល​ជាមាន​ឈាមជ័រ​ជា​អ្នកជំនួញ បានធ្វើ​ឲ្យ​យុវជន​នួន រិ​ទ្ឋី​មាន​ឧបនិស្ស័យ​ជា​អ្នកជំនួញ តាំងពី​ពេលដែល​ខ្លួន​ចាប់ផ្តើម​ពេញជំទង់ ដោយ​លោក​បានចាប់ផ្តើម​នូវ​អាជីវកម្ម​ជា​អ្នកលក់កាសែត​ដ៏​កាក់កប ធៀប​នឹង​អ្នកលក់កាសែត​ដទៃទៀត ដែល​ភាគច្រើន​មិនសូវមាន​ភាពជោគជ័យ។

លោក​បានលើកឡើង​ពី​អាជីព​លក់​កាសែត​របស់​ខ្លូន​ថា“ខ្ញុំ​មាន​ផែនការ និង​គោលដៅ​ជាស្រេច​នៅពេល​លក់​កាសែត ដោយ​សម័យ​នោះ​កាសែត​រស្មី​កម្ពុជា​លក់ដាច់​ខ្លាំង ហើយ​កាសែត​នេះ មាន​សរសេរ​ព៌​ត​មាន​ពី​សេដ្ឋកិច្ច​មួយចំនួន អាជីវករ​នៅ​ផ្សារ​អូឡាំពិក​ចូលចិត្ត​អាន​កាសែត​នេះ ហើយ​ខ្ញុំ​បាន​យក​កាសែត​ដើរ​ដាក់​នៅតាម​តូប​និមួយៗ និង​ប្រមូល​លុយ​នៅពេល​ក្រោយ។លោក​បន្តថា “បន្ទាប់ពី​បោះ​កាសែត​រស្មី​កម្ពុជា នៅ​តូប​ផ្សារ​អូរ​ឡាំ​ពិ​ក​ហើយ ខ្ញុំ​ដើរទៅ​តាម​រោង​កាហ្វេ​លក់​កាសែត​មនសិកា​ខ្មែរ ដោយសារ​អ្នក​នៅតាម​រោង​កាហ្វេ​ចូលចិត្ត​កាសែត​ប្រឆាំង។

ជាមួយនឹង​គោលដៅ​ជាក់លាក់ យុវជន​នួន រិ​ទ្ឋី​ក៏បាន​ឈរ​លក់​កាសែត​នៅ​ស្ថានីយ៍​ប្រេង​ឥ​ន្ឋ​នៈ​សែ​ល ស្ថិតនៅ​លើផ្លូវ​មុនី​វង្ស ក្បែរផ្លូវ​ភ្លោះ​អូរ​ឬ​ស្សី​សព្វថ្ងៃនេះ​យ៉ាង​កាក់កប​ផងដែរ។

ចាប់ផ្តើម​អាជីព​ការងារ​ដ៏​ជោគជ័យ

ទោះជា​ការងារ​លក់​កាសែត​ជោគជ័យ​ក៏ដោយ ក៏​លោក​នួន រិ​ទ្ឋី​បាន​បោះបង់ចោល ដោយ​ផ្តោតលើ​ការសិក្សា​ជា​ចំបង​វិញ ព្រោះ​ក្នុងចំណោម​បងប្អូន​របស់លោក​មាន​ប្អូនស្រី​ម្នាក់​បាន​លះបង់​ការសិក្សា និង​មកជួយ​ម្តាយ​របស់លោក ដើម្បី​ពង្រីក​មុខរបរ​រកស៊ី ហើយ​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​កាន់តែ​ប្រសើរ។

ពេល​ជីវភាព​កាន់តែ​ប្រសើរ លោក​បាន​ផ្តោត​សំខាន់​លើ​ការសិក្សា ទីបំផុត​លោក​បានបញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ន័​រ​តុ​ន និង​ចាប់​ផ្តើមចេញ​ធ្វើការ​លើកតំបូង​នៅ​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ល្បី​មួយ គឺ​ក្រុមហ៊ុន​ប៊ុណ្ណា​រៀល​ធី​គ្រុប​នៅ​ឆ្នាំ២០០៤ ដោយ​ទទួលបាន​ប្រាក់ខែ តំបូង​ត្រឹម៨០ដុល្លារ​អាមេរិក​ក្នុង​មួយខែ​ប៉ុណ្ណោះ ប៉ុន្តែ​ក្នុងពេល​បំពេញការងារ លោក​បានទទួល​ការលើកទឹកចិត្ត​ពី​អគ្គនាយក​ក្រុមហ៊ុន ហើយ​លោក​បាន​ឡើង​តំណែង​រហូត តាំងពី​បុគ្គលិក​ធម្មតា​មកជា​បុគ្គលិក​ផ្នែក​វាយតម្លៃ ប្រធាន​ផ្នែក មកកាន់​តំណែង​ជា​អ្នកគ្រប់គ្រង​ផ្នែក​វាយតម្លៃ មុន​បន្ត​កាន់តំណែង​ជា​នាយក​ប្រតិបត្តិ និង​ជា​អគ្គនាយក​ក្រុមហ៊ុន។

អ្វី​ជាហេតុ​ផល​នៅ​ពីក្រោយ​ភាពជោគជ័យ​នេះ លោក​ឧកញ៉ា​នួន រិ​ទ្ឋី​បាន​ថ្លែង​ឲ្យ​ដឹងថា “នៅ​ពីក្រោយ​ភាពជោគជ័យ​របស់ខ្ញុំ​មាន​កត្តា​មួយចំនួន​ដូចជា ទី១ ទាំង​នៅក្នុង​ប្រវត្តិ​នៃ​ការសិក្សា និង​ការងារ​របស់ខ្ញុំ ខ្ញុំ​តែងតែមាន​គោលដៅ​ច្បាស់លាស់ និង​មាន​ផែនការ​ក្នុង​ជីវិត​របស់ខ្ញុំ។

ការទទួលបាន​ការដំឡើង​តំណែង​ពី​ចៅហ្វាយ​របស់ខ្ញុំ គឺ​ដោយសារ​ខ្ញុំ​តែងតែមាន​ការទទួលខុសត្រូវ​លើ​ការងារ​របស់ខ្ញុំ និង​កាតព្វកិច្ច​របស់ខ្ញុំ និង​មិនដែល​យក​ពេលវេលា​របស់​ក្រុមហ៊ុន​មក​ធ្វើ​ការងារ​របស់ខ្លួន និង​បំរើ​ផលប្រយោជន៍​របស់ខ្លួន​ទេ។ ទី២ ខ្ញុំ​តែងតែ​គិតពី​ផលប្រយោជន៍​សមូហភាព គិត​ទៅលើ​កិត្តិយស​របស់​ក្រុមហ៊ុន ច្រើនជាង​កិ​ត្ត​យស​របស់ខ្ញុំ ព្រោះ​ខ្ញុំ​យល់​ថាបើ​ស្ថាប័ន​ខ្ញុំ​ធ្វើការ​មាន​កិត្តិយស មានមុខមាត់ ខ្ញុំ​នឹងមាន​ភាព​រីករាយ​ជាមួយ​សហគមន៍​របស់​ខ្ញុំ។

ទី៣ ខ្ញុំ​យល់ច្បាស់​នូវ​កាលៈទេសៈ និង​ភាពបត់បែន​ក្នុង​ការងារ ដែល​ខ្ញុំ​ត្រូវមាន​សិល្បៈ​ក្នុង​ការងារ ដោយ​ត្រូវធ្វើ​ឲ្យ​អ្នកធ្វើការ​ជាមួយគ្នា ទទួលស្គាល់​សមត្ថភាព​ខ្ញុំ។ គុណភាព​ការងារ និង​ប្រ​សិទ្ឋិ​ភាព​ការងារ និង​ធ្វើ​ឲ្យ​មាន​ប្រាក់ចំណេញ​ដល់​ក្រុមហ៊ុន។ ទី៤ យើង​ត្រូវ​យល់​ពី​ការងារ​ស្នូល​របស់​យើង ការងារ​ស្នូល​នៃ​មុខ​ជំនួញ ព្រោះ​នៅក្នុង​ជីវិត បើ​យើង​មិន​យល់​ពី​ការងារ​របស់​យើង មិន​យល់​ពី​ស្នូល​នៃ​ការងារ​របស់​យើង យើង​ដើរ​មិន​ដល់​គោលដៅ​នោះទេ។

ការពង្រីក​ចំណេះដឹង

ចំណេះដឹង​ពិតជា​មាន​សារៈសំខាន់​ណាស់ ដើម្បី​កំណត់​មូលដ្ឋាន​នៃ​ភាព ជោគជ័យ​របស់​បុគ្គល​និមួយៗ ដោយ​យល់​ពី​សារៈសំខាន់​នៃ​ចំណេះដឹង​បែបនេះ ហើយ ទើប​លោក​ឧកញ៉ា​នួន រិ​ទ្ឋី​តែងតែ​ពង្រីក​ចំណេះដឹង​របស់ខ្លួន តាមរយៈ​ការចូលរួម​វគ្គ​បណ្តុះបណ្តាល​នានា ដើម្បី​មាន​មូលដ្ឋាន​កាន់តែ​រឹងមាំ​ក្នុងការ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន និង​អតិថិជន​ជា​ដៃគូ​របស់​យើង។

លោក​បន្តថា “អ្វី​សំខាន់​មិនអាច​ខ្វះ​បាន គឺ​ការទទួលខុសត្រូវ គឺ​ខុស​ទទួល​ថា​ខុស បើ​យើង​ត្រូវ យើង​ត្រូវតែ​ចេះ​ជជែក​វែកញែក មិនមែន​ធ្វើជា​មនុស្ស​ចេះតែ Yes និង No ទេ ទើប​គេ​មើលឃើញ​យើង​ក្នុង​លក្ខ​ខ័​ណ្ឌ​ជា​អ្នកដឹកនាំ។ លោក​បន្តថា “ពន្លក​នៃ​អ្នកដឹកនាំ​គឺ​ហ៊ាន​និយាយ ហ៊ាន​វែកញែក រក​ខុស​រក​ត្រួវ ហើយ​យើង​និយាយ​អ្វី​គួរ​និយាយ ធ្វើ​អ្វីដែល​យើង​គួរ​ធ្វើ ហើយ​ខ្ញុំបំរើ​ការងា​ក្នុង​ក្រុមហ៊ុន គឺ​មិន​ធ្វើតាម​ចិត្ត​ខ្ញុំ​ទេ គឺ​ធ្វើតាម​គោលការណ៍​របស់​ក្រុមហ៊ុន។

ចាប់ផ្តើម​ជំនួញ​អចលនទ្រព្យ

ជាមួយនឹង​ភាព​ឆ្លាត​វៃ និង​មាន​ចក្ខុវិស័យ​វែងឆ្ងាយ លោក​ឧកញ៉ា​នួន រិ​ទ្ឋី​បានចាប់ផ្តើម​ជំនួញ​ដីធ្លី តាំងពី​ពេល​លោក​កំពុង​សិក្សា​ម្លេះ ដោយសារ​ពេលនោះ​គ្រួសារ​លោក​មាន​ដី និង​បាន​សាងសង់​ផ្ទះ​ប្រ​វ៉ាស់​ជាមួយ​គេ ដោយ​ទទួលបាន​ផ្ទះ​ពីរ​ល្វែង និង​លក់​មួយ​ល្វែង​យកមក​ដោះស្រាយ​បញ្ហា​គ្រួសារ និង​ពង្រីក​មុខ​ជំ​នួ ញ គឺ​ទិញ​ដីថោកៗហើយ​លក់បាន​ចំណេញ​ជា​បន្តបន្ទាប់ និង​ចាប់ផ្តើម​មាន​ទុន​ជាបណ្តើរៗសម្រាប់​វិនិយោគ តាំងពី​ពេល​លោក​មិនទាន់​ចូលធ្វើការ។

លោក​ឧកញ៉ា​បាន​ពន្យល់​ពី​ការចាប់ផ្តើម​ជំនួញ​ដីធ្លី​របស់ខ្លួន​ថា “ខ្ញុំ​ចាំ​ពាក្យចាស់​ថា​មនុស្ស​កើត ដី​អត់​កើត​ទេ ហើយ​ពាក្យចាស់​មួយ​ទៀតថា ចង់​មាន​ត្រូវ​យកលុយ​កប់​នឹង​ធរណី។លោក​បន្តថា “មាន​ពាក្យចាស់​មួយទៀត​លើកឡើងថា ចង់​មាន​ឲ្យ​ជួញ​អង្ករ ចង់​ក្រ​ជួញ​ឡាន​ចាស់។

ពីមុន​យើង​មិនមាន​មូលដ្ឋាន​ចំណេះដឹង​អ្វី ក្រៅពី​ស្តាប់​ពាក្យចាស់​ណែនាំ​ទេ ប៉ុន្តែ​បច្ចុប្បន្ន​យើង​មាន​ព៌​ត​មាន​សម្បូរបែប សម្រាប់​យកមក​វិភាគ​ពី​សេដ្ឋកិច្ច និង​សង្គម ដែលជា​មូលដ្ឋាន​សំខាន់​នៃ​ការសម្រេចចិត្ត​របស់​យើង។

ការរៀប​កា រ​និង​គ្រួសារ

ក្នុងកំឡុងពេល​បំពេញការងារ​ផ្ទាល់ខ្លួន ដោយ​ជោគជ័យ​ក្នុង​ជំនួញ​ដីធ្លី លោក​ឧកញ៉ា​នួន រិ​ទ្ឋី​បាន​ជួប​ជាមួយ​ភរិយា​លោក គឺ​កញ្ញា​អៀ​ត ដា​រី​និង​បាន​រៀបការ​នៅ​ឆ្នាំ២០០៣ និង​បច្ចុប្បន្ន​ទទួលបាន​បុត្រ​ចំនួន​បួន​នាក់ ប្រុស​ពីរ និង​ស្រី​ពីរ​ជា​ចំណងដៃ។

អនុសាសន៍

ជាមួយនឹង​ភាពជោគជ័យ ដោយសារ​មាន​ចក្ខុវិស័យ និង​ផែនការ​ច្បាស់លាស់​ក្នុង​ឆាកជីវិត លោក​ឧកញ៉ា​នួន រិ​ទ្ឋី​ចង់​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​ពួកគេ ព្រោះ​យុវជន​មួយចំនួន​នាពេល​សព្វថ្ងៃ​ចង់​ឡូយ ចង់កា​លី​ប តែ​មិន​ចង់​ធ្វើការ​និង​មិនសូវ​ខិតខំ​រៀនសូត្រ។

លោក​ឧកញ៉ា​បាន​បន្តថា ដើម្បី​ឲ្យ​យុវជន​ទទួលបាន​ជោគជ័យ ក៏​ទាមទារ​ការចូលរួម​កំណត់​គោលដៅ ពី​ក្រុមគ្រួសារ​របស់​ពួកគេ​ផងដែរ។ ក្រុមគ្រួសារ​ពួកគេ​ត្រូវ​កំណត់ថា “ឲ្យ​កូន​របស់​ពួកគេ​រៀន គោលដៅ​ដើម្បី​ធ្វើ​អ្វី និង​ត្រូវ​យល់​ពី​ទីផ្សារការងារ​ច្បាស់លាស់​ថា តើ​រៀន​ចប់​បរិញ្ញាបត្រ​ចំ​ទីផ្សារ​ដែរឬទេ?” ។លោក​បន្តថា “ខ្ញុំ​ចង់​ឲ្យ​យុវជន​ងាក​មករក​ជំនាញ​វិញ ព្រោះ​យើង​អត់​មាន​ជំនាញ​ទេ យើង​មានតែ Hard skill អ្នកណា​ក៏​រៀន​ចេះ​ដែរ តែ​ជំនាញ Soft Skill មិនមាន​ពិតជា​លំបាក​ហើយ។

ហេតុនេះ​បើប្អូនៗយុវជន​ចំណាយពេល៤ឆ្នាំ​រៀន​បរិញ្ញាបត្រ ចាយលុយ​ផ្ទះ អស់៨០០០ដុល្លារ​ឬ​ច្រើនជាង​នេះ ដើម្បី​អាច​បញ្ចប់​បរិញ្ញាបត្រ​មួយ ប៉ុន្តែ​បើសិនជា​ពួកគេ​ស្ថិត ក្នុង​គ្រួសារ​មាន​ជីវភាព​មធ្យម​ឬ​ក្រោម​មធ្យម ពួកគេ​គួរតែ​ធ្វើការ​លើ​ជំនាញ​ដូចជា ជាង​ឡាន ជាង​ម៉ាស៊ីនត្រជាក់ ពួកគេ​រកលុយ​បាន ហើយ​បន្ទាប់ពី  រយៈពេល៤ឆ្នាំ​ពួកគេ​ពួកគេ​ក្លាយ​ជាជាង​ចំណាន និង​ទទួលបាន​ប្រាក់ខែ៤០០ទៅ៥០០ដុល្លារ​អាមេរិក ប៉ុន្តែ​អ្នករៀន៤ឆ្នាំ ចេញមក​វិញ​បាន​ប្រាក់ខែ​ត្រឹម២០០ទៅ២៥០ដុល្លារ ហើយ​បើ​គ្មាន​បទពិសោធន៍​វិញ ពួកគេ​ទទួលបាន​ប្រាក់ខែ​ជាង១០០ដុល្លារ​ប៉ុណ្ណោះ។ ផ្ទុយទៅវិញ​បើ​ពួកគេ​រៀន​បានទទួល​ជំនាញ​ពិតប្រាកដ ពិតជា​មិន​ខ្វះ​ការងារ​ធ្វើ​ទេ។

លោក​ឧកញ៉ា​នួន រិ​ទ្ឋី​បាន​បន្តថា “យុវជន​មួយចំនួន​ឆ្លើយថា ដើម្បី​មានការ​ងារ​ដល់​តែមាន​បក្ខពួក ជាការ​យល់ច្រឡំ​ហើយ។ ព្រោះ​ក្រុមហ៊ុន​និមួយៗគេ​រើស​មនុ​ស្សមក​ធ្វើការ គេ​យក​ធនធានមនុស្ស​ពិត​ប្រាកដ។លោក​បន្តថា “យុវជន​បញ្ចប់​ពី​សាលា​បច្ចុប្បន្ន ពេល​រើស​យកមក​ធ្វើការ​ដល់​តែ​ដុសខាត់​រយៈពេល៦ខែ ទើប​អាចធ្វើ​ការ​បាន។

លោក​បន្តថា “ហេតុនេះ​បើ​ស្ថិតក្នុង​គ្រួសារ​មាន​ជីវភាព​មធ្យម ឬ​ក្រោម​មធ្យម​យុវជន​គួរ​រៀន​ជំនាញ ជាជាង​រៀន​បរិញ្ញាបត្រ ដើម្បី​កុំ​ឲ្យ​ខាត​ពេលវេលា ហើយ​អាច​ធ្វើការ​ពេល​ថ្ងៃ និង​រៀន​ពេលយប់​បាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here