ដោយគង់ សូរិយា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC បានឲ្យដឹងថា អង្គការសហប្រជាជាតិ UN បានសន្យា នឹងវិភាជន៍ថវិកាប្រមាណ ៥៧៧.៦លានដុល្លាអាមេរិក ដើម្បីជម្រុញការអភិវឌ្ឍវិស័យសាធារណៈនៅកម្ពុជា រយៈពេល៤ឆ្នាំចាប់ពី ឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាCDC នៅថ្ងៃទី១២ ខែវិច្ឆិកានេះបានឲ្យដឹងកាលពីថ្ងៃទី១២ ធ្នូកន្លងមកថា អង្គការសហប្រជាជាតិ (UN) តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍នានារបស់ខ្លួន នឹងផ្តល់ថវិកាដល់កម្ពុជាប្រមាណ ៥៧៧.៦លានដុល្លាអាមេរិក ដែលថវិកានោះនឹងមានប្រមាណ ១១៥លានដុល្លាអាមេរិកក្នុងមួយឆ្នាំៗ ហើយជំនួយនេះនឹងប្រើប្រាស់សម្រាប់ ការវិនិយោគអភិវឌ្ឍន៍វិស័យសាធារណៈ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។
នៅក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើសេចក្តីព្រាងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍ នៃប្រព័ន្ធអង្គការសហប្រជាជាតិ នៅទីស្តីការ CDC នៅថ្ងៃដដែល ក្រោមការដឹកនាំឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា ជំនួយហិរញ្ញប្បទានរបស់UN នឹងត្រូវផ្តល់មកកម្ពុជា បន្ទាប់ពីកម្ពុជា ដាក់ឯកសារក្របខ័ណ្ឌហិរញ្ញប្បទាន សហប្រតិបត្តិការអភិវឌ្ឍន៍ជូនអង្គការសហប្រជាជាតិនៅចុងខែមករាឆ្នាំ២០១៩នេះ ។
លោកបន្តថា ជំនួយUNដែលនឹងផ្តល់មកកម្ពុជានេះ នឹងធ្វើការអភិវឌ្ឍន៍វិស័យអាទិភាពចំនួន៥ រួមមាន៖ ១. ការអភិវឌ្ឍន៍វិស័យសង្គម សេដ្ឋកិច្ចតាមរយៈការពង្រីកសេវាសាធារណៈ ២. ការពង្រីកឱកាសការងារ និងអភិវឌ្ឍន៍បច្ចេកវិទ្យា ៣. កិច្ចការពារអភិវឌ្ឍន៍បរិស្ថាន និងតុល្យភាពអេកូឡូស៊ី ៤. ការពង្រឹង ប្រព័ន្ធតម្លាភាព និងគណនេយ្យភាពសម្រាប់វិស័យយុត្តិធម៌ និងអភិបាលកិច្ច ទី៥ ការគ្រប់គ្រងនគរូបណីយកម្ម។
គិតចាប់ពីឆ្នាំ១៩៩២ រហូតមកដល់ឆ្នាំ២០១៨នេះ ទីភ្នាក់ងារអភិវឌ្ឍន៍នានាក្រោមឆ័ត្រអង្គការសហប្រជាជាតិ បានផ្តល់ហិរញ្ញប្បទានមកកម្ពុជា មានប្រមាណជាង ១២០០លានដុល្លាអាមេរិក ស្មើនឹង៦.៥ភាគរយនៃទំហំហិរញ្ញប្បទានសរុប ដែលUNផ្តល់បណ្តាប្រទេសដៃគូអភិវឌ្ឍទាំងអស់។
ដោយឡែកនៅក្នុងឆ្នាំ២០១៨នេះ ប្រព័ន្ធUN បានផ្តល់ហិរញ្ញប្បទានឥតសំណងមកកម្ពុជាមានប្រមាណ ៥៧លានដុល្លាអាមេរិក ថយចុះបន្តិចបើប្រៀបធៀបនឹងឆ្នាំ២០១៧កន្លងទៅ៕