ដោយៈ សុផារី
ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហោះវិឌីអូរូបភាពចំនួន៤សន្លឹក ដែលមានរយៈពេល៤វិនាទី នៅលើផេចហ្វេសប៊ុក ដែលបានបង្ហាញពីជ្រុងមួយ នៃការអភិវឌ្ឍនៅប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ការអភិវឌ្ឍ ដែលលោកបណ្ឌិតតែងតែបានលើកឡើងជាញឹកញាប់ថា ទាមទារឱ្យមានការចូលរួមពីវិស័យឯកជន ជាមួយនឹងការគាំទ្រ និងការលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។
-->

ក្នុងឱកាសសម្ពោធជាផ្លូវការរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២កន្លងមក លោកបណ្ឌិតបានគូសបញ្ជាក់ថា ពិតណាស់ ក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងមកនេះ សេដ្ឋកិច្ចកម្ពុជា ពឹងផ្អែកខ្លាំងលើការវិនិយោគផ្ទាល់ពីបរទេស និងការនាំចេញ ប៉ុន្តែវិបត្តិនៃជំងឺកូវីដ-១៩ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់ ក្នុងការពង្រឹង និងពង្រីកសេដ្ឋកិច្ចក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែក និងការងាយទទួលរងនូវឥទ្ធិពលពីខាងក្រៅប្រទេស។
ក្នុងស្មារតីនេះ លោកបណ្ឌិតបានបញ្ជាក់ថា ក្នុងដំណើរឆ្ពោះទៅរកការងើបឡើងវិញ ប្រកបដោយភាពរឹងមាំ និងការវិលត្រលប់ទៅរកមាគ៌ា កំនើនប្រកបដោយចីរភាព រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការលើកស្ទួយ វិស័យឯកជនក្នុងស្រុក ជាពិសេសការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជាអាទិភាពនៃគោលនយោបាយសេដ្ឋកិច្ច។ ដើម្បីគោលដៅនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការគាំទ្រជាបន្តបន្ទាប់ ដូចជាការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធ, ការសម្រួលដល់ការចុះបញ្ជីអាជីវកម្ម និងការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីផ្តល់ហិរញ្ញប្បទាន ជាមួយនឹងអត្រាការប្រាក់ប្រកប ដោយភាពប្រកួតប្រជែង។

លោកបណ្ឌិតហ៊ុន ម៉ាណែតបានកត់សម្គាល់ថា មួយវិញទៀត ការបើកដំណើរការគម្រោងនានា បានបង្ហាញឱ្យឃើញអំពី សក្តានុពលនៃវិស័យវិនិយោគនៅកម្ពុជា ជាពិសេសការគាំទ្រដល់ ការបោះជំហានទៅមុខ នៃចក្ខុវិស័យក្នុងការជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពី “ឧស្សាហកម្មអតិពលកម្ម” ឈានទៅជា “ឧស្សាហកម្មផ្អែកលើជំនាញ និងបច្ចេកវិទ្យា” ដូចមានកំណត់នៅក្នុងគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ របស់រាជរដ្ឋាភិបាល។
លោកបណ្ឌិតមានប្រសាសន៍បន្តថា “ក្នុងបរិការណ៍នេះ ការអភិវឌ្ឍប្រទេសមួយ ប្រកបដោយភាពរឹងមាំ ត្រូវការជាចាំបាច់នូវការចូលរួមយ៉ាងសកម្ម និងរស់រវើកពីវិស័យឯកជន ជាមួយនឹងការគាំទ្រ និងការលើកទឹកចិត្តពី សំណាក់រាជរដ្ឋាភិបាល តាមរយៈការលើកកម្ពស់បរិយាកាសធុរកិច្ច-វិនិយោគ”។លោកបន្តថា “ដើម្បីធ្វើឱ្យវិស័យឯកជនអាច អភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស និងដើរតួនាទីជាឆ្អឹងខ្នងនៃខឿនសេដ្ឋកិច្ចជាតិ ហើយអាចចូលរួមចំណែកដោយ ផ្ទាល់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការបង្កើតការងារ និងការពង្រឹងភាពប្រកួតប្រជែង និងដោយប្រយោលតាមរយៈ ការបង្កើនចំណូលពន្ធ និងការបង្កើនការវិនិយោគ”៕
