ដោយ៖ សហការី
ភ្នំពេញ៖ ក្រោយការបើកដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុជាផ្លូវការ បានរយៈពេលជិត១ខែ មានសាធារណជនជាច្រើនបានសាកល្បងបើកបរ និងបានបង្ហាញនូវប្រតិកម្មត្រលប់ ទាំងវិជ្ជមាន និងអវិជ្ជមាន។
ក្រោយគេហទំព័រ Cambodia Financial Times ផ្សព្វផ្សាយវីដេអូ មានចំណងជើងថា”តើក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនពិតជាប្រើប្រាស់កៅស៊ូពិសេសអ៊ុតផ្លូវមែនឬ ខណៈផ្លូវត្រូវបានប៉ះនិងមានទឹករលករួចទៅហើយ?” មានការចាប់អារម្មណ៍ទស្សនាច្រើនរហូតដល់ជិត២៨ម៉ឺននាក់ និងមានការសម្តែងមតិយោបល់ច្រើនរហូតដល់ជាង៣៣០នាក់ ទាក់ទងនឹងគុណភាពនៃផ្លូវ ដែលត្រូវបានសាងសង់ដោយក្រុមហ៊ុនចិន CRBC មួយនេះ។
-->

ជាក់ស្តែង គណនីមួយឈ្មោះថា KHUTH RAKSA បាននិយាយតាមរយៈការឆ្លងកាត់ការសាកល្បងលើផ្លូវល្បឿនលឿនកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដោយលោកឃើញថា ពិតជា “សុវត្ថិភាពជាង”។ លោកថា ការលើកឡើងរបស់បងប្អូនមួយចំនួន ខុសពីការសាកល្បងរបស់លោកផ្ទាល់ដាច់ លោកបើកបរដោយមានភាពងាយស្រួលណាស់។ លើសពីនេះ លោកបាននិយាយសសើរថា “ផ្លូវនេះស្ដង់ដារបស់របស់គេហើយ ព្រោះជាន់១២០ណឹងសឹងអី ហេតុអីមានបុគ្គលខ្លះថាដូចទឹករលកមិនយល់សោះ បើពិបាកពេកជិះផ្លូវជាតិលេខ៤ ទៅគ្មានអ្នកណាបង្ខំយើងមកជិះទេ បើនិយាយពីសុវត្ថិភាពខ្ញុំឱ្យ ៩០លើ១០០ គឺគ្មានផ្លូវឆ្លងកាត់ស្រួលក្នុងការធ្វើដំណើរ ជាងផ្លូវជាតិលេខ៤ដាច់។ ផ្លូវជាតិលេខ៤ ពេលខ្លះវ៉ា ៣ទន្ទឹមគ្នាក៏មាន”។

យ៉ាងណាមិញ មានគណនីមួយយល់ឃើញខុសពីនេះ។ លោក “Vath Ta Na” បានលើកឡើងថា លោកបារម្ភថា ក្រុមហ៊ុនចិនមួយនេះអាចនឹងយកកៅស៊ូពីប្រទេសចិន ហើយបានអ៊ុតកៅស៊ូពិសេសនៅចំណុច ដែលមានការត្រួតពិនិត្យពិសមនាក់មន្ត្រីកម្ពុជាតែប៉ុណ្ណោះ។ លោកសរសេរថា “លោករដ្ឋមន្ត្រីគាត់ចុះមើលដោយផ្ទាល់ មិនពិសេសយ៉ាចម៉េច តែខ្លាចក្រុមហ៊ុនចិនគេអ៊ុតកៅស៊ូពិសេស តែកន្លែងឯកឧត្តមចុះមើលមិនដឹង។ ចិនគេអ្នកធ្វើ គេយកកៅស៊ូពីស្រុកគេមក សង្ស័យពិសេសត្រង់នឹងមើលទៅ”។
គណនីមួយផ្សេងទៀត ឈ្មោះថា Sok Seyhakhmer ដែលបានសាកល្បងបើកបរផ្ទាល់លើផ្លូវល្បឿនលឿនមួយនេះរួចរាល់ហើយ បានសម្តែងចំណាប់អារម្មណ៍របស់ខ្លួនថា “ជិះមិនទាន់បានមួយខែផងផ្លូវ ចាប់ផ្តើមស្រុតតិចៗហើយ ហើយនៅតែអោយរថយន្តធុនធ្ងន់រត់លើផ្លូវនឹងទៀត ច្បាស់ជាខូចមិនខាន”។
ទន្ទឹមនឹងនេះ មានគណនីផ្សេងទៀត បានផ្តល់ជាយោបល់ថា គុណភាពផ្លូវឱ្យជាប់បានយូរ មិនអាស្រ័យលើកត្តាកៅស៊ូតែមួយនោះទេ តែអាស្រ័យលើគ្រឹះខាងក្រោមផងដែរ។ លោក Thuok Thou បានសរសេរថា “ការធ្វើផ្លូវឲ្យជាប់បានយូរ លុះត្រាតែស្រទាប់គ្រឹះខាងក្រោមនីមួយៗ មានកាប់បង្ហាប់ឲ្យបានល្អ ទើបស្រទាប់ខាងលើមិនងាយមានការបាក់ស្រុះ។ ដូច្នេះហើយទោះបីជាប្រើកៅស៊ូល្អពិសេសប៉ុណ្ណាក៏ដោយ ក៏មិនជាប់បានយូរដែរ បើស្រទាប់ខាងក្រោមធ្វើមិនបានល្អនោះ ចឹងហើយកុំបន្ទោសកៅស៊ូខាងលើអី”។

ចំណែក លោក Kroch Kumpheak បាននិយាយថា លោកសង្កេតឃើញថាថ្ម ដែលលាយកៅស៊ូច្រើនអាចធ្វើអោយផ្លូវញ៉ែក និងទន់ និងការដឹកជញ្ជូនលើសកម្រិតផងដែរ ដោយផ្លូវកំណត់ឱ្យដឹក៤០ ៦០តោន ដឹកលើសដល់៧០ ៨០តោន ក៏ជាបញ្ហា។ សម្រាប់លោក បើនិយាយប្រៀបធៀបស្តងដាររវាងជប៉ុន និងចិន លោកបានលើកយក៤ទីតាំង ក្នុងខេត្តបន្ទាយមានជ័យមកប្រៀបធៀប។
លោក Kroch Kumpheak លើកឡើងថា ជាក់ស្ដែង ទី១ ប៉ោយប៉ែត ត្រង់រង្វង់មូលផ្លូវ៥៨ ស្ថាបនាដោយដោយក្រុមហ៊ុនចិន គ្រឹះក្រោមល្អ ប្រភេទស្រោចកៅស៊ូ និងអ៊ុតកៅស៊ូចំណុចរង្វង់មូលប្រហែល១គីឡូម៉ែត្រ ឃើញថា ខូចទ្រុងទ្រាយមុន កន្លែងស្រោចកៅស៊ូ។ ទី២ ផ្លូវលេខ៦ ស្ថាបនាណាដល់ក្រុមហ៊ុនថៃ នាឆ្នាំ២០០៨ ២០០៩ ប្រភេទកៅស៊ូអ៊ុត និងជួសជុលអ៊ុតបន្ថែមដោយក្រុមហ៊ុនចិននាឆ្នាំ២០២២ មិនទាន់បានមួយឆ្នាំផង ខ្ញុំសង្កេតឃើញថាមានសភាពប៉ោង និងញ៉ែកគំនូសជិះកាត់ម្សិលមិញ។ ទី៣ ផ្លូវជាតិលេខ៥ ត្រង់ចំណុចស្ពានសែសិន ក្នុងគម្រោងសាកល្បងប្រភេទកៅស៊ូបេតុងប្រវែង២០០ម៉ែត្រ ជាង២ ៣ឆ្នាំ ហើយឃើញថាសភាពនៅរឹងមាំល្អ។ ទី៤ផ្លូវជាតិលេខ៥ ត្រង់ចំណុចក្បាលស្ពានទឹកថ្លា ឆ្ពោះទៅខេត្តបាត់ដំបង មានញ៉ែកខ្លះតិចតួច ដោយកន្លែងដែរ មានកៅស៊ូច្រើន។
យ៉ាងណាក្តី មានការលើកឡើងថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ចាត់ទុកថា ល្អប្រសើរហើយ អាចទទួលយកបានហើយ ព្រោះថា ការសាងសង់អ្វីគ្រប់យ៉ាង មិនមានភាពឥតខ្ចោះ១០០ភាគរយនោះទេ៕
