ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ជាការពិតណាស់ការវិនិយោគគម្រោងនានា នឹងជំរុញឱ្យតម្លៃដីធ្លីកើនឡើងមួយកម្រិតបន្ថែមទៀត ទោះបីជាតិចឬច្រើនក្ដី ក្នុងនោះដែរតាមរយៈការវិនិយោគ លើគម្រោងរោងចក្រសហគ្រាស ក្នុងវិស័យឧស្សាហកម្ម ក៏បានជំរុញឱ្យតម្លៃដីធ្លីមានកំណើនមួយកម្រិតផងដែរ ជាពិសេសបានជំរុញឱ្យតំបន់នោះ ក្លាយជាតំបន់ដែលមានភាពទាក់ទាញកាន់តែខ្លាំង។
ប្រធានផ្នែកលក់នៃក្រុមហ៊ុនអចលនទ្រព្យCentury 21 Imperial Realty លោកសំ ចំរើនបញ្ញា បានមានប្រសាសន៍នៅដើមសប្ដាហ៍នេះឱ្យដឹងថា ការបោះទុនវិនិយោគ នៅក្នុងវិស័យឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា បានជំរុញឱ្យតម្លៃដីធ្លី ទទួលបានកំណើនមួយកម្រិតទៀត។ មិនតែប៉ុ
-->
ណ្ណោះ ការវិនិយោគពីសំណាក់វិនិយោគិន ក្នុងនិងក្រៅប្រទេសលើវិស័យឧស្សាហកម្មដូចជារោងចក្រ ឃ្លាំង នានា ក៏បានផ្ដល់ឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋ កាត់បន្ថយនូវការធ្វើចំណាកស្រុក ពីសំណាក់ប្រជាពលរដ្ឋកម្ពុជាផងដែរ។

លោកបន្តថា “ការវិនិយោគទាំងនេះ គឺវាជាកត្តាចម្បងមួយដែលជំរុញវិស័យសេដ្ឋកិច្ចកម្ពុជា ជាពិសេសនោះគឺទាក់ទង នឹងវិស័យដីធ្លីដែលធ្វើឲ្យតម្រូវការកើនឡើងក្នុងផ្នែកនេះ”។ លោកបន្ថែមថា “ការវិនិយោគលើឧស្សាហកម្មរោងចក្រ សហគ្រាសនានានៅទីណាមួយនោះ នឹងធ្វើឱ្យដីធ្លីដឹងតែឡើថ្លៃជាក់ជាមិនខានទោះតិចឬច្រើន”។
លោកបញ្ញាបានឲ្យដឹងទៀតថា យើងបានមើលឃើញថាទីតាំងថ្មីនេះតំបន់ឧស្សាហកម្ម ដែលរាជរដ្ឋាភិបាលបានកំណត់ ឃើញថាមានក្រុមហ៊ុនថ្មីៗ ដែលវិនិយោគលើវិស័យឧស្សាហកម្មនោះ បានធ្វើឱ្យតម្លៃដីធ្លីមានសន្ទុះនិងហាងឆេងល្អ ជាក់ស្ដែងតំបន់ដែលកំពុងមានសក្ដានុពល លើការវិនិយោគឧស្សាហកម្ម ឃើញមានសកម្មភាពមមាញឹក ក្នុងការវិនិយោគនិងអភិវឌ្ឍន៍អចលនទ្រព្យ សម្រាប់ផ្គត់ផ្គង់បំពេញតម្រូវការជាក់ស្ដែង។
យោងតាមការសិក្សារបស់ក្រុមហ៊ុន VTrust Appraisal បានឱ្យដឹងថា ក្នុងឆ្នាំ២០៣០ខាងមុខនេះ ផ្ទៃដីសម្រាប់ឧស្សាហកម្មនៅភ្នំពេញនឹងកើនឡើងដល់៣លានម៉ែត្រកាឡា ហើយខណ្ឌចំនួនបីនៅជាយក្រុងមានចំនួនរោងចក្រសហគ្រាសច្រើនជាងគេ រួមមាន ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ ។
លោកឌឹត ចណ្ណា អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យ Lucky បានមានប្រសាសន៍ឱ្យដឹងផងដែរថា នៅក្នុងវិបត្តិកូវីដ១៩យើងសង្កេតឃើញថា ការវិនិយោគលើវិស័យរោងចក្រឧស្សាហកម្ម នៅតែបន្តនិងមានវិនិយោគិនស្វែងរកដីធ្លី សម្រាប់ជួលសង់ជាឃ្លាំងឬរោងចក្រថ្មី ដែលធ្វើឱ្យសកម្មភាពនៃការដោះដូរដីធ្លី សម្រាប់បម្រើក្នុងវិស័យនេះ នៅតែបន្តមានជាហូរហែខណៈផ្នែកផ្សេង នៃវិស័យអចលនទ្រព្យបានថមថយក៏ពិតមែន ។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញផ្សាយជាបន្តបន្ទាប់បានបង្ហាញថា ការវិនិយោគលើរោងចក្រ ឧស្សាហកម្ម មានចំនួនក្រុមហ៊ុនចុះបញ្ជីច្រើនជាងគេ ក្នុងចំណោមកម្រោងវិនិយោគដែលបានចុះបញ្ជី ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលការណ៍បង្ហាញថាការវិនិយោគលើរោងចក្រ ឧស្សាហកម្មនៅកម្ពុជានៅតែមានភាពទាក់ទាញ៕
