អាគារជាប់គាំង១២០០នៅក្រុងព្រះសីហនុ បញ្ហាប្រឈមនិង ដំណោះស្រាយ

0

 ដោយៈ គង់ សូរិយា

       ព្រះសីហនុៈ ថ្នាក់ដឹកនាំគេហទំព័រPropertyarea.asiaកាលពីសប្តាហ៍មុន បានទៅកំសាន្តនៅក្រុងព្រះសីហនុ កន្លែងដែលប្រជាជនបានកើបលុយមួយរយៈខ្លី នៅពេលការផ្ទុះឡើងនៃតម្លៃអចលនទ្រព្យ និងនិន្នាការអភិវឌ្ឈន៍មានសភាពដូចពពុះសាប៊ូ។

រយៈពេលជិត៤ឆ្នាំ ទីក្រុងនេះបានផ្លាស់ប្តូរមុខមាត់ទាំងស្រុង ទីក្រុងដែលធ្លាប់ស្ងប់ស្ងាត់ មានអាគារខ្ពស់បំផុតត្រឹម៧ជាន់ ក្លាយជាទីក្រុងដែលមានអាគារកប់ពពករាប់ពាន់កន្លែង ដោយសារលំហូរទុនវិនិយោគពីបរទេសពិសេសពីអ្នកវិនិយោគចិន ប្រមាណ៧០០០លានដុល្លារចាក់ចូលទីក្រុងនេះ។

ទីក្រុងនេះបានប្រែពីសភាពអ៊ូអរ មកជាទីក្រុងស្ងប់ស្ងាត់បន្តិចឡើងវិញ ប៉ុន្តែភាពស្ងប់ស្ងាត់នេះ នៅតែមានឱកាសរីកចម្រើនឡើងវិញ ប៉ុន្តែអ្វីៗ ត្រូវការពេលវេលាបន្ថែម ដើម្បីធ្វើឲ្យទីក្រុងនេះរស់រវើកឡើងវិញ និងអាច    ឲ្យម្ចាស់អាគារដែលទុកចោលបច្ចុប្បន្ន មានលទ្ឋភាពសាងសង់ឡើងវិញ ជាមួយនឹងភាពឈ្នះ ឈ្នះជាមួយអ្នកវិនិយោគ ដែលបានបោះទុនយ៉ាងច្រើន​សាងសង់អាគារនេះ។

ការរឹបអូសអាគារជនជាតិចិនពីសំណាក់ម្ចាស់ដី

       ការជាប់គាំងអាគាររាប់រយកន្លែង ជារឿងគួរឲ្យសោកស្តាយមួយរួចទៅហើយ ប៉ុន្តែរឿងសោកស្តាយមួយទៀត គឺម្ចាស់ដីបានរឹបអូសយកអាគាររបស់អ្នកវិនិយោគ ដែលភាគច្រើនជាអ្នកវិនិយោគចិន ដោយសារបញ្ហាពួកគេមិនមានលទ្ឋភាពបង់ថ្លៃឈ្នួលអាគារ ឬបង់ថ្លៃសំណង់នានា ដែលនេះជាបញ្ហាធំមួយ ដែលរដ្ឋាភិបាលគួរដោះស្រាយ និងលូកដៃដើម្បីសម្របសម្រួ​លបញ្ហានេះ។

ការពឹងផ្អែកប្រព័ន្ឋតុលាការ ប្រហែលជាមិនអាចដោះស្រាយជម្លោះពីការរឹបអូសនេះបានទេ គឺមានតែការខកចិត្តពីអ្នកវិនិយោគ ព្រោះពួកគេមិនទទួលបានយុត្តិធ៌មឡើយ។

មន្រ្តីជាន់ខ្ពស់មួយរូបដែលបាន និងកំពុងរៀបចំទីក្រុងនេះ ជាទីក្រុងពហុបំណង បានលើកឡើងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ការរឹបអូសយកអាគារពីសំណាក់ជនជាតិខ្មែរ ដែលជាម្ចាស់ដី បាននិងកំពុងបង្កឲ្យអ្នក​វិនិយោគ ពិសេសវិនិយោគិនចិនមានការភ័យខ្លាច ដោយពួកគេមិនចង់ត្រលប់មកកាន់ទីក្រុងនេះឡើងវិញនោះទេ។

លោកបន្តថា “ការប្តឹងផ្តល់ឡើងតុលាការ ជាលទ្ឋផលម្ចាស់អាគារជាអ្នកចាញ់ ពួកគេបានត្រឹមចំណាយប្រាក់ ហើយមិនទទួលបានយុត្តិធ៌មនោះទេ”។ លោកបន្តថា “តាមពិតម្ចាស់ដី គួរទូទាត់លើតម្លៃដីឬតម្លៃជួលដីរបស់ខ្លួន ជាជាងរឹបអូសយកអាគាររបស់អ្នកវិនិយោគនានា ព្រោះការធ្វើបែបនេះមិនបានផ្តល់ផលចំណេញអ្វីដល់ខ្លួនឡើយ ហើយពួកគេនឹងខាតបង់រយៈពេលវែង នៅពេលអ្នកវិនិយោគបរទេស មានអារម្មណ៍គ្មានសុវត្ថិភាព និងខាតបង់ប្រាក់ដោយអយុត្តិធ៌ម”។

កាលពីពេលថ្មីៗនេះ អាជ្ញាធរខេត្តព្រះសីហនុ សភាពាណិជ្ជកម្មខេត្ត និងមន្រ្តីពាក់ព័ន្ឋបានបើកកិច្ចប្រជុំ ដើម្បីដោះស្រាយបញ្ហាអាគារជាប់គាំងទាំង១២០០កន្លែង ប៉ុន្តែជាលទ្ឋផលពួកគេ មិនទាន់ទទួលបានដំណោះស្រា​យសមស្របណាមួយនៅឡើយទេ។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកវង្ស៊ី វិស្សុតបានមានប្រសាសន៍នាពេល​កន្លងមកថា រដ្ឋាភិបាលគិតគូររកដំណោះស្រាយ និងស្វែងរកអ្នកវិនិយោគ ដើម្បីសាងសង់ អាគារជាប់គាំងទាំងនោះឡើងវិញ ប៉ុន្តែលោកមិនបញ្ជាក់ថា តើបញ្ហានេះ នឹងត្រូវដោះស្រាយនៅពេលណា និងដោយរបៀបណានោះទេ។

ថ្នាក់ដឹកនាំក្រុមហ៊ុនផ្នែកដឹកជញ្ជូនមួយរូប នៅក្រុងព្រះសីហនុបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនផងដែរថា ស្ថានភាពនៃការវិនិយោគនៅខេត្តព្រះសីហនុ និងស្ថានភាពការជាប់គាំងអាគារ នៅក្រុងព្រះសីហនុ នឹងត្រូវចំណាយពេលយូរណា​ស់ ដើម្បីដោះស្រាយបញ្ហានេះ ហើយលោកមិនរំពឹងថា អ្វីៗនឹងអាចដោះ​ស្រាយបានឆាប់នោះទេ។

លោកបន្តថា “មកមើលឃើញហើយ គឺអាគារខ្មោចរាប់រយជាប់គាំង តើត្រូវចាក់លុយប៉ុន្មានពាន់លានដុល្លារទៀត ដើម្បីធ្វើឲ្យអាគារទាំងនោះរស់ឡើងវិញ?”។ លោកបបន្ថែមដោយលើកជាសំណួរថា “តើមានអ្វីដែលអាចទាក់ទាញឲ្យតម្លៃអចលនទ្រព្យនៅទីនេះ អាចរីកចម្រើនឡើងវិញ?”។

តើអ្វីជាដំណោះស្រាយ

 

អ្វីៗមិនប្រាកដថាគ្មានដំណោះស្រាយនោះទេ នៅពេលបញ្ហាកើតឡើងមានតែរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ឋ និងប្រជាជនក្នុងមូលដ្ឋានប៉ុណ្ណោះ ជាអ្នកស្វែងរកដំណោះស្រាយរួមគ្នា។

លោកយិន លាងគង់សហស្ថាបនិក និងជាអគ្គនាយកនៃគេហទំព័រPropertyarea.asia ដែលបានតាមដានដំណើរវិវត្តន៍សេដ្ឋកិច្ច និងអច​ល​នទ្រព្យនៅកម្ពុជា ក៏ដូចជា ក្រុងព្រះសីហនុបានលើកឡើងថា រដ្ឋាភិបាលបាននិងកំពុងរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍន៍រយៈពេលវែងសំរាប់ទីក្រុងនេះហើយ ដោយបច្ចុប្បន្នក្រុមមន្រ្តីជំនាញ និងផ្នែកពាក់ព័ន្ឋ បាននិងកំពុងរៀបចំគោលនយោបាយ និងផែនការយុទ្ឋសាស្រ្តដើម្បីរៀបចំទីក្រុងព្រះសីហនុ ជាទីក្រុងពហុបំណង តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ឋធំៗ ដូចជាផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ការពង្រីកកំពង់ផែទឹកជ្រៅ ការពង្រីកព្រលានយន្តហោះកងកេង ខេត្តព្រះសីហនុ ការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងការសិក្សាបង្កើតខ្សែរថភ្លើងល្បឿនលឿន ពីភ្នំពេ​ញ​ទៅកាន់ក្រុងព្រះសីហនុផងដែរ។

លោកបន្តថា ជាមួយគ្នានេះ ការរៀបចំការលើកទឹកចិត្តពិសេសណាមួយ ដើម្បីលើកទឹកចិត្តវិនិយោគិនជាតិ អន្តរជាតិ និងរៀបចំកែច្នៃទីក្រុងនេះជាទីក្រុងទេស​ចរណ៍ ដែលមានស្តង់ដាអន្តរជាតិ ការរៀបចំជាទីក្រុងដែលស័ក្តសមជាទីលំហែរកាយ ជាមជ្ឈមណ្ឌលពាណិជ្ជកម្មកម្រិតអន្តរជាតិពិតប្រាកដ និងការដោះស្រាយទំនាស់រវាងម្ចាស់អាគារ និងអ្នកវិនិយោគដោយឈរលើមូលដ្ឋានឈ្នះ ឈ្នះ នឹងជាធ្វើឲ្យព្រះអាទិត្យនឹងរះ ចែងចាំងលើទឹកសមុទ្រខៀវស្រងាត់ នៃទីក្រុងដ៏ឆើតឆាយនេះម្តងទៀតមិនខាន។

លោកយិន លាងគង់បានបន្តថា “ការក្លាយជាទីក្រុងពហុបំណង មិនមែនមានតែលើគោលនយោបាយ និងលើក្រដាសនោះទេ អ្វីៗវាទាមទារថវិកា ធនធានមនុស្ស និងឆន្ទៈនយោបាយពិតប្រាកដ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here