ដោយៈ សុខុម
ប៉េកាំង: ឱនភាពសារពើពន្ធ (Fiscal Deficit) របស់ប្រទេសចិន បានកើនឡើងដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានរហូតដល់ទៅជិត១ទ្រីលានដុល្លារអាមេរិក ក្នុងរយៈពេល៩ខែដើមឆ្នាំនេះ ខណៈវិបត្តិអចលនទ្រព្យ និងការបន្ធូរបន្ថយពន្ធដើម្បីស្ដារសេដ្ឋកិច្ច ដែលកំពុងដាំក្បាលចុះបានធ្វើឱ្យបាត់បង់ចំណូលរបស់រដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់។
ការវិភាគរបស់សារព័ត៌មានដ៏ល្បីល្បាញ Bloomberg ដោយផ្អែកលើទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុចិន កាលពីថ្ងៃអង្គារ ទី២៥ ខែតុលា បង្ហាញថា កង្វះថវិកាសម្រាប់រដ្ឋាភិបាល គ្រប់ជាន់ថ្នាក់ចាប់ពីខែមករា ដល់ខែកញ្ញា មានទំហំ៧,១៦ទ្រីលានយ័ន (៩៨០ពាន់លានដុល្លារអាមេរិក) បើធៀបទៅនឹងកង្វះថវិកា២,៧ទ្រីលានយ័ន (៣៦២ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមក្រសួងហិរញ្ញវត្ថុចិន ឱ្យដឹងថា ប្រាក់ចំណូលសរុបរបស់រដ្ឋាភិបាលបានធ្លាក់ចុះ៦,៦% មកនៅត្រឹម១៥,៣ទ្រីលានយ័ន (ជាង២,១ទ្រីលានដុល្លារអាមេរិក) គិតចាប់ពីខែមករា ដល់ខែកញ្ញា ខណៈរដ្ឋាភិបាលបានបន្ធូរបន្ថយពន្ធបន្ថែមទៀតសម្រាប់អាជីវកម្មនានា។
ការចំណាយសារពើពន្ធ ចាប់តាំងពីពេលនោះបានកើនឡើង៦,២%ដល់១៩,០៤ទ្រីលានយ័ន (ជាង២,៦ទ្រីលានដុល្លារអាមេរិក) ក្នុងរយៈពេល៩ខែដើមឆ្នាំនេះ ក្រោយពីរដ្ឋាភិបាលបង្កើនការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនពលរដ្ឋ។
ទិន្នន័យបានបង្ហាញនៅសប្តាហ៍នេះថា សេដ្ឋកិច្ចរបស់ប្រទេសចិន សម្រេចបានកំណើន៣,៩% ក្នុងត្រីមាសទី៣ ឆ្នាំនេះដែលបានកើនឡើងលើសការរំពឹងទុក។
ទោះជាយ៉ាងណា ការជាប់ឆ្នោតរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនភីង ជាប្រធានបក្សកុម្មុយនីស្តចិន សម្រាប់អាណត្តិទី៣ ដែលមិនធ្លាប់មានជាប្រវត្តិសាស្ត្រកាលពីថ្ងៃច័ន្ទ ទី២៤ ខែតុលា បានធ្វើឱ្យបណ្ដាវិនិយោគិនមានការភ័យខ្លាច ដោយរូបិយប័ណ្ណរបស់ចិនបានធ្លាក់ថ្លៃខ្លាំង ហើយភាគហ៊ុននៅក្នុងទីក្រុងហុងកុង បានដាំក្បាលចុះដល់កម្រិតទាបបំផុត មិនធ្លាប់មានចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុពិភពលោកមក។
ប្រទេសចិន ក៏កំពុងប្រឈមមុខនឹងវិបត្តិដ៏ធ្ងន់ធ្ងរ មិនធ្លាប់មានផងដែរនៅក្នុងវិស័យអចលនទ្រព្យរបស់ខ្លួន ដែលគ្របដណ្ដប់ជាង១ភាគ៤នៃផលទុនជាតិសរុប (GDP) របស់ប្រទេសនេះ នៅពេលបូកបញ្ចូលជាមួយវិស័យសំណង់។
*អ្វីជាឱនភាពសារពើពន្ធ (Fiscal Deficit)?
ឱនភាពសារពើពន្ធ សំដៅដល់កង្វះប្រាក់ចំណូលរបស់រដ្ឋាភិបាល បើធៀបនឹងខ្ទង់ចំណាយរបស់ខ្លួន ឬអាចនិយាយបានថា ចំណាយធំជាងចំណូល៕ AFP៕