អ្នកជំនាញលើកឡើងពីផ្នែកចំនួន៣ នៃអចលនទ្រព្យកំពុងផ្លាស់ប្តូរនិន្នាការវិនិយោគ និងបែបផែនអភិវឌ្ឍន៍

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្នុងស្ថានភាពនៃសេដ្ឋកិច្ច ដែលមិនទាន់ប្រាកដប្រជា១០០ភាគរយ ការវិនិយោគលើវិស័យនានារួមទាំងអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជានៅតែមិនទាន់ច្បាស់លាស់នៅឡើយ។

យ៉ាងណាក្ដី ក៏មានអ្នកជំនាញអចលនទ្រព្យមួយចំនួន បានបង្ហាញពីទស្សនទាន ជាគន្លឹះមុននឹងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ នៅក្នុងស្ថានភាពដែលមិនទាន់ច្បាស់លាស់នេះ។

លោកង៉ែត ជូ ជាអ្នកជំនាញនៃវិស័យហិរញ្ញវត្ថុ និងអចលនទ្រព្យមួយរូបនៅក្នុងប្រទេសកម្ពុជា បានបង្ហាញពីទស្សនទានរបស់ខ្លួនផ្ទាល់ ដល់បណ្ដាកវិនិយោគិនថ្មីៗ ឬអ្នកដែលចង់ប្រឡូក ក្នុងវិស័យអចលនទ្រព្យនាពេលបច្ចុប្បន្ននេះ ។

នៅក្នុងវេទិកាមួយកាលពីពេលថ្មីៗកន្លងទៅនេះ លោកង៉ែត ជូបានមានប្រសាសន៍ឱ្យដឹងថា ការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាបានវិវត្តន៍ ទៅក្នុងទម្រង់ដែលមានទ្រង់ទ្រាយកាន់តែធំ។  នៅក្នុងការវិវត្ត នេះ ផ្នែកចម្បងចំនួនបី នៅក្នុងវិស័យអចលនទ្រព្យក៏ត្រូវវិត្តន៍ខ្លួនផងដែរ ។

ទី១ ដី សម្រាប់លក់រាយ និងពាណិជ្ជកម្ម ។ នៅពេលបច្ចុប្បន្ន និងទៅថ្ងៃខាងមុខ វិស័យលក់រាយ និងពាណិជ្ជកម្មនឹងត្រូវការដីទំហំយ៉ាងហោចណាស់២ពាន់ម៉ែត្រការេ សម្រាប់ហាងលក់រាយទំនើប។ វិស័យនេះវិវត្តន៍ចេញពីហាង ផ្ទះ និងដីឡូតិ៍ពាណិជ្ជកម្មតូចៗ។

លោកបន្តថា នាពេលបច្ចុប្បន្ន គេអាចសង្កេតឃើញទំនោរនៃការកើនឡើងវិស័យនេះ តាមរយៈការលេចឡើងនូវហាងកាន់តែច្រើន ដូចជាប្រេន Lucky Express 7Eleven Chip Mong Retail, Makro និង PTT Amozon ជាដើម។ នាពេលថ្មីៗនេះ ឆ្នាំ២០២២ ក្រុមហ៊ុន Big C ដែលជាប្រេនធំមួយរបស់ថៃ និងជាក្រុមហ៊ុនលក់រាយ បានទិញម៉ាត Kiwi ក្នុងចំនួន១៨ទីតាំង ហើយក៏មានផែនការដល់ឆ្នាំ២០២៦ ក្នុងការពង្រីកឱ្យបាន៣៥០ម៉ាតនៅកម្ពុជា។ ដូច្នេះ ទំនោរនៃតម្រូវការដីប្រភេទទីមួយនេះ នឹងកើនឡើងផងដែរ។

ទី២ គឺផ្ទះឬលំនៅដ្ឋាន។ ផ្នែកនេះ នឹងវិវត្តន៍ទៅប្រើប្រាស់ដីយ៉ាងហោចណាស់បីហិចតា សម្រាប់ការសាងសង់បុរីលំនៅដ្ឋាន។ វាជាវិស័យដែលនៅពីអតីតកាល និងបច្ចុប្បន្ន មានទម្រង់ដីឡូតិ៍តូច ដីស្រែតូច និងដីភូមិតូចៗសម្រាប់លំនៅដ្ឋាន។

ផ្នែកទី៣ គឺ ដីសម្រាប់ឧស្សាហកម្ម ដែលនឹងវិវត្តន៍ទៅប្រើប្រាស់ទំហំដីយ៉ាងហោចណាស់៥ហិចតា (ឬបើល្អបំផុតជាង ៥០ហិចតា) សម្រាប់ការប្រមូលផ្ដុំក្រុមហ៊ុនតូច និងមធ្យម សួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស។ វិស័យនេះវិវត្តន៍ពីដីស្រែតូចៗ ដីស្រែចម្ការ ឬដីភូមិតូចៗសម្រាប់អចល​នទ្រព្យឧស្សាហកម្ម ។

លោកង៉ែត ជូបានបន្ថែមថា ទៅថ្ងៃខាងមុខ ការវិនិយោគលើវិស័យអចលនទ្រព្យនឹងបន្ដវិវត្តន៍ទៅមុខ ហើយនិងកាន់តែមាន “យុទ្ធសាស្ត្រ” ។ គេអាចសង្កេតទំនោរនៃការវិវត្តន៍ចំនួនប្រាំ ដូចជា ទី១ ការផ្លាស់ប្តូរពីការ “ដើរតាមហ្វូងមនុស្ស ទៅជាការវិនិយោគប្រកបដោយយុទ្ធសាស្រ្ត ភាពច្នៃប្រឌិត និងគោលដៅ”។ ទី២ ការផ្លាស់ប្តូរពីការវិនិយោគលើគម្រោងតូចៗ ទៅជាគម្រោងទាក់ទាញ ខ្នាតធំ និងគម្រោងប្រកួតប្រជែង។

ទី៣ ការបង្កើតប្រព័ន្ធគ្រប់គ្រងឌីជីថល។ ទី៤ ការផ្លាស់ប្តូរពីអាជីវកម្មក្រៅផ្លូវការទៅជាការចុះបញ្ជីជាផ្លូវការ និងការអនុលោមតាមច្បាប់ពេញលេញ (រួមទាំងការបង់ពន្ធ) និងទី៥ ដើម្បីអាចសម្រេចចំណុចខាងលើទាំងអស់ គេត្រូវត្រូវការចំណេះដឹងស៊ីជម្រៅ បណ្តាញសង្គមច្រើន និងក្រុមការ​ងារ​​ដែលមានសមត្ថភាព និងប្តេជ្ញាចិត្ត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here