ភ្នំពេញ ៖ កាលពីឆ្នាំ 2018 រដ្ឋាភិបាលកម្ពុជា បានធ្វើការដំឡើងអត្រាពន្ធនាំចូលរថយន្តមួយទឹកម្ដងរួចហើយ ធ្វើឲ្យតម្លៃរថយន្តបានហក់ឡើងថ្លៃភ្លាមៗបើប្រៀបកាលពីឆ្នាំ2017 ។ ហើយថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចជាថ្មីម្ដងទៀតដោយធ្វើការតម្លើងពន្ធបន្ថែមលើការនាំចូលម្ដងទៀត។
ការតម្លើងអត្រាពន្ធនាំចូលនេះ ត្រូវបានឃ្លាំងលក់ និងទិញរថយន្ត អ៊ែ 168 R168 Automobile Dealer បង្ហាញយ៉ាងដូច្នេះថា ៖ រថយន្តមួយទឹកខ្លះនឹងឡើងថ្លៃកប់ទៀតហើយ ដោយរថយន្តខ្លះនឹងដាច់ពូជ លែងហ៊ាននាំចូលដូចជា ប្រភេទ អាឆ្លាម នៅដើមឆ្នាំ 2019 នេះ ដោយសារការតម្លើងពន្ធនាំចូល។
សេចក្ដីសម្រេច បានចុះហត្ថលេខាជាផ្លូវការដោយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការតម្លើងពន្ធនាំចូលរថយន្តមួយទឹកនឹងឡើងថ្លៃបន្តទៀតនៅដើមឆ្នាំ 2019 ខាងមុខនេះ។
ឃ្លាំងលក់ និងទិញរថយន្ត សរសេរបន្តទៀតថា អត្រាពន្ធឡើងបែបនេះ នឹងធ្វើឲ្យរថយន្តមួយចំនួនដូចជា ៖
រថយន្ត LEXUS RX300 ចាប់ពីឆ្នាំ 2001 ដល់ឆ្នាំ 2003 (ឡើងប្រហែល 4700$) ដែលធ្លាប់បង់ពន្ធនាំចូល 11600$ នោះនឹងត្រូវឡើងបង់រហូតដល់ 16300$។ រថយន្តប្រភេទនេះ អាចដែលប្រឈមមុខការឈប់នាំចូល ព្រោះសរុបថ្លៃដឹក ថ្លៃរថយន្ត និងសេវាផ្សេងៗរថយន្តមួយ ថ្លៃដើមលើសពី 20000$-25000$ !
រថយន្ត TOYOTA HIGHLANDER V6 ចាប់ពីឆ្នាំ 2001ដល់ឆ្នាំ 2003 (ឡើងប្រហែល 4700$) ដែលធ្លាប់បង់ពន្ធនាំចូល 11600$ នោះនឹងត្រូវឡើងបង់រហូតដល់ 16300$។ ហើយរថយន្តប្រភេទនេះ អាចដែលប្រឈមមុខការឈប់នាំចូលដូចគ្នា ព្រោះសរុបថ្លៃដឹក ថ្លៃរថយន្ត និងសេវាផ្សេងៗ រថយន្តមួយថ្លៃដើមលើសពី 20000$-25000$ !
រថយន្ត LEXUS RX330 ឆ្នាំ 2004 (ឡើងប្រហែល 6400$) ដែលធ្លាប់បង់ពន្ធនាំចូល 17400$ នោះនឹងត្រូវបង់រហូតដល់ 23800$ ។ សរុបថ្លៃដឹកថ្លៃរថយន្ត និងសេវាផ្សេងៗ រថយន្តមួយថ្លៃដើមលើសពី 30000$-40000$ !
រថយន្ត TOYOTA CAMRY ចាប់ពីឆ្នាំ 2002 ដល់ឆ្នាំ 2004 (ឡើងប្រហែល 4000$) ដែលធ្លាប់បង់ពន្ធនាំចូល 9100$ នោះនឹងត្រូវឡើងបង់រហូតដល់ 13000$ ។ ជាប្រភេទដែលប្រឈមមុខនឹងដាច់ពូជ ! ព្រោះសរុបថ្លៃដឹកថ្លៃរថយន្ត និងសេវាផ្សេងៗ រថយន្តមួយថ្លៃដើមលើសពី 19000$-22000$ !
លោក សាន ថូ ដែលជាអ្នកប្រកបអាជីវកម្មនាំចូល និងទិញ-លក់ប្រភេទរថយន្តមួយទឹកនៅម្តុំផ្លូវអូរបែកក្អមបានលើកឡើងថា ការរឹតបណ្តឹង និងការតម្លើងពន្ធលើការនាំចូលរថយន្តខាងលើនេះ ទំនងជារដ្ឋាភិបាលមានបំណងចង់លើកកម្ពស់សោភ័ណភាព លុបបំបាត់ប្រភេទរថយន្តស៊េរីចាស់ៗ ហើយជំរុញឱ្យមានការប្រើប្រាស់នូវប្រភេទរថយន្តថ្មីវិញ។ បែបនេះ វាជារឿងល្អប្រសើរមួយបែប។ ប៉ុន្តែវាក៏ជាហានិភ័យសម្រាប់អ្នកប្រកបអាជីវកម្មខ្នាតតូចដូចជារូបខ្ញុំ ក៏ដូចអតិថិជនមួយចំនួនដែលមានមិនទាន់មានលទ្ធភាពក្នុងការទិញរថយន្តថ្មីដែលមានតម្លៃរាប់ម៉ឺនដុល្លារ។
មុននេះ អតិថិជនដែលគាត់មានជីវភាពមធ្យម និងមានលុយត្រឹមជាង1ម៉ឺនដុល្លារ គាត់អាចទិញរថយន្តដែលមានគុណភាពសមល្មម និងអាចប្រើប្រាស់បានជាលក្ខណៈគ្រួសារបាន។ ប៉ុន្តែ ក្រោយពេលមានការតម្លើងពន្ធ គឺតម្លៃរថយន្តដែលធ្លាប់លក់ត្រឹមជាង1ម៉ឺនដុល្លារ ត្រូវឡើងដល់ជាង2ម៉ឺនដុល្លារឯណោះ ដូច្នេះវាជាភាពលំបាកទាំងអ្នកប្រកបអាជីវកម្មរាយរងដូចជាខ្ញុំផង ហើយក៏ជាភាពលំបាកចំពោះអតិថិជនផងដែរ ។
គួររំលឹកផងដែរថា សម្រាប់តារាងបង់ពន្ធនេះ អាចមានន័យថា ប្រភេទរថយន្តមួយចំនួនដែលមានឆ្នាំផលិតក្រោមឆ្នាំ 2006 នឹងត្រូវគិតពន្ធស្មើឆ្នាំ 2006 ទាំងអស់។ ការប្រែប្រួលអត្រាពន្ធអាករនេះ អាចធ្វើឲ្យតម្លៃរថយន្តលក់តាមហាង និងក្រុមហ៊ុនមានការកើនឡើង ប៉ុន្តែហាងមួយចំនួនអាចនៅរក្សាតម្លៃដូចមុន ព្រោះជាទំនិញទិញចូលមុនការកំណត់អាករថ្មី ខណៈរថយន្តនាំចូលក្រោយខែមករាឆ្នាំ 2019 គឺតម្លៃថ្លៃជាងមុន ៕