ដោយគង់ សូរិយា
ភ្នំពេញ: សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើង ពីគំរោងកសាងហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៣ នៅក្នុងខេត្តកោះកុង និងតភ្ជាប់ពីខេត្តផ្សេងទៅកាន់ខេត្តនេះ និងគំរោងពង្រីកព្រលានយន្តហោះនៅក្រុងព្រះសីហនុ។
ក្នុងឳកាសអញ្ជើញចូលរួមបើកដំណើរការ ពិធីបុណ្យសមុទ្រនៅខេត្តកោះកុងនារាត្រីថ្ងៃទី១៥ ធ្នូនេះសម្តេចនាយករដ្ឋមន្រ្តីបានថ្លែងថា ផ្លូវជាតិលេខ៤៨ភ្ជាប់និងបំបែកចេញពីផ្លូវជាតិ៤ទៅកាន់ខេត្តកោះកុង នឹងត្រូវពង្រីកជា៤គន្លង ដោយមានសួនច្បារចំកណ្តាល។ សម្តេចបន្តថា សូមជំរាបបងប្អូនប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ពោធិសាត់ និងកោះកុងឲ្យបានជ្រាបផងដែរថា ផ្លូវចេញពីខេត្តបាត់ដំបង កាត់ខេត្តពោធិសាត់មកកាន់ខេត្តកោះកុងនឹងធ្វើនាពេលខាងមុខនេះ។
ជាមួយគ្នានេះសម្តេចបានបង្ហើបពីគំរោង សាងសង់ព្រលានយន្តហោះសម្រាប់យន្តហោះក្នុងស្រុកនៅក្នុងគំរោងតារាសាគរ ដែលវិនិយោគដោយក្រុមហ៊ុនចិន និងគំរោងពង្រីកព្រលានយន្តហោះក្រុងព្រះសីហនុ ដើម្បីអនុញ្ញាត្តឲ្យយន្តហោះធំៗចុះចតបានផងដែរ។
គំរោងសាងសង់ព្រលានយន្តហោះរបស់ក្រុមហ៊ុនTianjing Union Development Group បានប្រកាសធ្វើជាយូរមកហើយ ប៉ុន្តែគំរោងនេះបានស្ងប់ស្ងាត់មួយរយៈ ទើបពេលនេះព៌តមានពីព្រលានយន្តហោះនេះ បានបង្ហាញច្បាស់លាស់ហើយ បន្ទាប់ពីការប្រកាសរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា៕