ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ-បាវិតជំរុញអចលនទ្រព្យក្នុងតំបន់ឱ្យកម្រើកងើបឡើងវិញ

0

ដោយៈសុផារី

ស្វាយរៀងៈ រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ទើបតែបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្របខ័ណ្ឌលើគម្រោងសាងសង់ផ្លូវល្បឿនលឿនទី២ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត ដែលគ្រោងចំណាយថវិកាសាងសង់ជាង១.៦០០លានដុល្លារ។

តាមរយៈគម្រោងនេះ អ្នកជំនាញអចលនទ្រព្យរពឹងថា វិស័យអចលនទ្រព្យក្នុងក្រុងបាវិត នឹងមានការកម្រើកងើបឡើងវិញ នៅតាមតំបន់មួយចំនួន ក្រោយបានថមថយចុះមួយរយៈចុងក្រោយនេះ។

លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានមានប្រសាសន៍ប្រាប់ Property Area Asiaកាលពីថ្ងៃទី១១ វិច្ឆិកាថា សម្រាប់រូបភាពជារួម គម្រោងផ្លូវល្បឿនលឿននេះ នឹងចូលរួមកាត់បន្ថយចម្ងាយ និងពេលវេលា នៃការធ្វើដំណើរពីទីក្រុងភ្នំពេញ ទៅកាន់ខេត្តក្រុងនានា ដោយសកម្មភាពសេដ្ឋកិច្ច ដែលនឹងទទួលបានផលប្រយោជន៍ធំបំផុត នោះគឺទីផ្សារភស្តុភារ និងការធ្វើដំណើរ។

អ្នកជំនាញរូបនេះលើកឡើងទៀតថា ទោះបីជាផ្លូវល្បឿនលឿនមិនអាចឱ្យមានផ្លូវឆ្លងកាត់ច្រើន ដោយវាភ្ជាប់គោលដៅនិងគោលដៅ ហើយមានច្រកចេញក៏ពិតមែន តែតំបន់ច្រកចេញចូលនឹងក្លាយជាតំបន់ទីប្រជុំជនប្រមូលផ្តុំទៅដោយផ្សារ និងសហគមន៍ នៅពេលនោះតម្លៃដីធ្លីនិងអចលនទ្រព្យនៅតាមតំបន់នោះ នឹងទទួលបានផលប្រយោជន៍ខ្ពស់។

លោកឧកញ៉ាបញ្ជាក់ថា “ទោះបីជាយ៉ាងណាក្តី វានៅតែផ្តល់សក្តានុពល និងប្រយោជន៍ខ្ពស់ ដល់តំបន់ឆ្លងកាត់ និងតំបន់ច្រកចេញ។ នៅក្នុងទីផ្សារអចលនទ្រព្យ ប្រាកដជានឹងមានកំណើនតម្លៃ នៅតាមតំបន់ច្រកចេញទាំងនោះ”។

ជាមួយគ្នានេះ លោក មាស រស្មី អ្នកជំនាញអចលនទ្រព្យនៅក្នុងមូលដ្ឋានក្រុងបាវិត បានមានប្រសាសន៍ប្រាប់ Property Area នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកានេះថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ -បាវិត នឹងផ្តល់នូវអត្ថប្រយោជន៍ច្រើនលើគ្រប់វិស័យ ជាពិសេសលើវិស័យដឹកជញ្ជូន ចំណែកវិស័យអចលនទ្រព្យ នៅតាមបណ្តាខេត្តជាប់ផ្លូវ ក៏ទទួលបានប្រយោជន៍ អាស្រ័យលើទីតាំងនៃតំបន់ផ្លូវច្រកចេញនីមួយៗ។

លោកបានបន្តថា “ចំណុចចេញនិងចំណុចចូលជាផ្នែក ដែលអចលនទ្រព្យមានកំណើនតម្លៃដីធ្លីខ្ពស់ ដីធ្លីត្រូវបានអភិវឌ្ឍន៍ត្រង់ណា ល្អត្រង់នោះ តែតំបន់ច្រកចេញ ចូលនឹងទទួលផលល្អជាងគេ”។

យោងតាមលោករស្មី ដំណឹងនៃគម្រោងសាងសង់ផ្លូវល្បឿនលឿននេះបានជំរុញឱ្យតម្លៃដីធ្លីមានការកើនឡើងបន្តិច ហើយចំនួនអតិថិជនស្វែងរកអចលនទ្រព្យក៏កើនឡើងផងដែរ។ ក្រៅពីនេះ គម្រោងនេះក៏កាន់តែនាំមកនូវគម្រោងរោងចក្រនានា ព្រមទាំងជំរុញសកម្មភាពពាណិជ្ជកម្ម ក្នុងស្រុក និងក្រៅស្រុកបន្ថែម មកកាន់ខេត្តជាប់នឹងផ្លូវមួយនេះផងដែរ។

លោក Chen Fenjian ប្រធានក្រុមហ៊ុនមេរបស់ក្រុមហ៊ុន CRBC បានមានប្រសាសន៍ ក្នុងពិធីចុះហត្ថលេខាលើកិច្ច ព្រមព្រៀងក្របខ័ណ្ឌ (FA) សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីភ្នំពេញ ទៅក្រុងបាវិត នៅថ្ងៃទី១០ ខែវិច្ឆិកាថា គម្រោងនេះតភ្ជាប់ពីភ្នំពេញ ទៅកាន់ច្រកព្រំដែនប្រទេសវៀតណាម និងតភ្ជាប់ទៅកាន់ផ្លូវល្បឿន របស់វៀតណាមឆ្ពោះទៅកាន់ទីក្រុងហូជីមិញ និងជាផ្នែកមួយនៃផ្លូវល្បឿនលឿនរបស់អាស៊ាន ដោយគម្រោងនេះ នឹងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងខេត្តកណ្តាលខេត្តព្រៃវែង និងខេត្តស្វាយរៀង ជាពិសេសក៏នឹងជួយលើកកម្ពស់សកម្ម​ភាពពាណិជ្ជកម្ម កម្ពុជា និងវៀតណាមផងដែរ។

ជាមួយគ្នានេះ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសា​ធារណការ និងដឹកជញ្ចូន ក៏បានមានប្រសាសន៍ថា ផ្លូវល្បឿនលឿនខ្សែទី២ ដែលតភ្ជាប់ពីភ្នំពេញ ទៅកាន់ក្រុងបាវិតនេះ នឹងបើកការដ្ឋានសាងសង់ នៅក្នុងឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ហើយគម្រោងមួយនេះ នឹងប្រើប្រាស់ថវិកាសាងសង់ចំនួន១.៦៣៨លានដុល្លារ។

បើយោងតាមលោកទេសរដ្ឋមន្ត្រី ផ្លូវល្បឿនលឿនទី២នេះ មានសារៈសំខាន់ណាស់ ក្នុងការតភ្ជាប់ពីប្រទេសចិន មកភូមា ថៃ មកកម្ពុជា និងតទៅប្រទេសវៀតណាម តាមរយៈផ្លូវអាស៊ានលេខ១ (AH1)៕

LEAVE A REPLY

Please enter your comment!
Please enter your name here