ដោយវុត្ថា
ភ្នំពេញ: ជាសញ្ញាវិជ្ជមានមួយសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ ដោយទំហំទឹកប្រាក់វិនិយោគរបស់បារាំងនៅកម្ពុជា បានកើនដល់ទឹកប្រាក់ជាង១ពាន់លានដុល្លារអាមេរិក ដែលតាមពីក្រោយការវិនិយោគរបស់អង់គ្លេសនៅកម្ពុជា។
ក្នុងជំនួបជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋបារាំង លោកសីវ៉ង់ វ៉ាសឺម៉ង់ នាវិមានរដ្ឋសភាព្រឹកថ្ងៃទី ១៧ ខែធ្នូនេះបានឲ្យដឹងថា ទំហំទឹកប្រាក់វិនិយោគរបស់បារាំងនៅកម្ពុជាបានកើនឡើង ដល់ជាង១ពាន់លានដុល្លារអាមេរិក។ ជាមួយនេះ កម្ពុជាក៏បាននាំចេញអង្ករច្រើនក្នុងលំដាប់ទី២ទៅកាន់ប្រទេសបារាំង គឺប្រមាណជិត៨ម៉ឺនតោន។
ជាមួយគ្នានេះ អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋបារាំងបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា បារាំង ក្នុងនោះទំនាក់ទំនងរវាងស្ថាប័នរដ្ឋសភា នៃប្រទេសទាំងពីរ ក៏កំពុងមានការរីកចំរើនជាលំដាប់ផងដែរ។ លោកបានសម្តែងនូវការ កោតសរសើរចំពោះកម្ពុជា ដែលនៅមានអ្នកនិយមប្រើប្រាស់ភាសាបារាំងច្រើនរហូតមកដល់ពេលបច្ចុប្បន្ន។
ជាការឆ្លើយតប សម្តេចហេង សំរិនបានហៅចំណងការទូតកម្ពុជា-បារំាងថា មានលក្ខណៈពិសេស កសាងឡើង ដោយអតីតប្រមុខដឹកនាំប្រទេសទាំងពីរតាំងពីឆ្នាំ១៩៥២ គឺ១ឆ្នាំមុន កម្ពុជាប្រកាសឯករាជ្យជាផ្លូវការរបស់ខ្លួន និងត្រូវបានបន្តពង្រឹងពង្រីកឥតឈប់ឈររហូតមកដល់សព្វថៃ្ង។ សម្តេច ក៏បានជម្រាបជូនអនុប្រធានសភាបារាំងអំពីកិច្ចការសភាកម្ពុជាផងដែរថា ក្នុងរយៈពេល៥អាណត្តិមកនេះ រដ្ឋសភាបានអនុម័តច្បាប់សរុប៥២៣ច្បាប់ ក្នុងនោះច្បាប់ចំនួន៥៣ គឺទាក់ទងនឹងគោលការណ៍សិទ្ធិមនុស្ស ហើយកាលពីសប្តាហ៍មុន រដ្ឋសភាបានធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដោយអនុម័តនូវវិធានការនានា ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងលំហរនយោបាយឲ្យកាន់តែមានភាពទូលំទូលាយ៕