ដំណឹងល្អៈសម្តេចតេជោ ហ៊ុន សែន ប្រកាសបញ្ចុះថ្លៃប្រើប្រាស់អគ្គិសនីសម្រាប់ពីរឆ្នាំខាងមុខ

0

ដោយគង់ សូរិយា

​​ភ្នំពេញ: សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសនឹងបន្តការបញ្ចុះថ្លៃប្រើប្រាស់អគ្គិសនីជាបន្តបន្ទាប់ ដែលការបញ្ចុះតម្លៃអគ្គិសនីនេះចែកចេញជាប្រភេទផ្សេងគ្នា រវាងប្រជាពលរដ្ឋ និងការធ្វើអាជីវកម្ម និងអ្នកប្រើ ប្រាស់ច្រើន

មានប្រសាសន៍ក្នុងពិធីសម្ពោធវារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៧ ខែធ្នូនេះ សម្តេចតេជោបានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាល មានគោលនយោបាយការប្រើប្រាស់អគ្គិសនីសម្រាប់អ្នកប្រើអស់ច្រើន មានតម្លៃថ្លៃជាងអ្នកប្រើអស់តិច ដែលនេះជាគោលនយោបាយគាំទ្រអ្នកក្រ សម្តេចបានបន្តថា ការប្រជុំនិយាយពីតម្លៃអគ្គិសនីនានារបស់មន្រ្តីពាក់ព័ន្ឋ ត្រូវតែជាការប្រជុំដើម្បី​រកវិធីបញ្ចុះតម្លៃអគ្គិសនី មិនមែនរកវិធីដើម្បីដំឡើងតម្លៃអគ្គិសនីនោះទេ។

ខណៈពេលប្រកាសពីការបញ្ចុះថ្លៃប្រើប្រាស់អគ្គិសនី ក្នុងឆ្នាំ២០១៩-២០២០ ប្រមុខរាជរដ្ឋាភិបាល បានណែនាំឱ្យអាជ្ញាធរអគ្គិសនីបន្តសិក្សាសម្រាប់ការបញ្ចុះតម្លៃអគ្គិសនី សម្រាប់ឆ្នាំ២០២១២០២៥ ជាបន្តទៀត ដែលការណែនាំនេះគឺជាការណែនាំឱ្យសិក្សាដើម្បីបញ្ចុះថ្លែ មិនមែនណែនាំឱ្យសិក្សាដើម្បីដំឡើងថ្លៃនោះទេ។  

សម្តេចបានបន្តថា “ការលើកឡើងយ៉ាងដូច្នេះ គឺជាការបង្ការទៅដល់ក្រុអ្នក ដែលតែងតែមួ​ល​បង្កាច់បំភ្លៃការពិត ដើម្បីតែផលប្រយោជន៍ខាងនយោបាយរបស់ខ្លួន

ការបញ្ចុះតម្លៃអគ្គិសនីជារឿងអបអរសាទរមួយ ប៉ុន្តែយ៉ាងណាតម្លៃអគ្គិសនីនៅកម្ពុជា​នៅតែមាន​តម្លៃថ្លៃធៀបជាមួយប្រទេសក្នុងតំបន់ ដោយសារកម្ពុជាមិនទាន់មានលទ្ឋភាពក្នុងការផ្គត់ផ្គង់ថាមពលអគ្គិ​សនីគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋនៅឡើយ ប៉ុន្តែតាមរយៈការវិនិយោគលើគំរោងរោងចក្រផលិតថាល​ពល​អគ្គិសនីនានា កម្ពុជានឹងមានឯករាជ្យភាពក្នុងការផ្គត់ផ្គង់អគ្គិសនីដោយខ្លួនឯងនាពេលខាងមុខ។

សម្តេចតេជោហ៊ុន សែនបានបន្តថា នៅឆ្នាំ២០២០ខាងមុខ គ្រប់ភូមិទាំងអស់នៅទូទាំងប្រទេស នឹងមានអគ្គិសនីប្រើប្រាស់ ដែលនេះជាការខិតខំរបស់រដ្ឋាភិបាលកម្ពុជា។

ការបញ្ចុះតម្លៃអគ្គិសនីនៅកម្ពុជារបស់ប្រមុខរដ្ឋាភិបាល គឺឆ្លើយតបនឹងគោលនយោបាយអភិវឌ្ឍន៍​វិស័យឧស្សាហកម្ម ឆ្នាំ២០១៥ ២០២៥ ដែលបានអនុម័តឲ្យប្រើប្រាស់កាលពីខែតុលា ឆ្នាំ២០១៥កន្លងមកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here