ដោយ គង់ សូរិយា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបបានឲ្យដឹងថា សហភាពអឺរុបនឹងផ្តល់ជំនួយឥតសំណងចំនួន១១៥លានដុល្លារ ដើម្បីជួយលើគំរោងអាទិភាពបីនៅកម្ពុជា ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។
ក្នុងជំនួបជាមួយលោកឧបនាយករដ្ឋមន្ត្រីអូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី១៧ ធ្នូកន្លងមកនេះ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា និងចំពោះភាពជោគជ័យនៃការអនុវត្តគម្រោងនានា ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាល ជាមួយសហភាពអឺរ៉ុប។
-->
លោកបន្តថា “ឈរលើស្មារតីនេះសហភាពអឺរ៉ុបនឹងបន្តជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ កម្ពុជាបន្ថែមទៀត។
ជំនួយនេះនឹងប្រើប្រាស់លើកម្មវិធីអាទិភាពចំនួន៣ គឺកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចំនួន ២២ លានអឺរ៉ូ បន្ថែម, កម្មវិធីជំរុញកំណើនវិស័យ ជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (លើផ្នែកនេសាទ) ចំនួន ៨៧លានអឺរ៉ូ និងកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ចំនួន៦លានអឺរ៉ូផងដែរ។
លោកអូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំបោះសហភាពអឺរ៉ុប ដែលបង្ហាញជំហរបន្តគាំទ្រក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត ដែលនេះជាការឆ្លុះបញ្ចាំងអំពីសុភវិនិច្ឆ័យ ចំពោះសមិទ្ធផលដែលរាជរដ្ឋាភិបាលខិតខំសម្រេចបាន។ លោករដ្ឋមន្ត្រី ក៏បានបង្ហាញការគាំទ្រជាគោលការណ៍ ចំពោះសំណើកម្មវិធីទាំង៣នេះ ព្រមទាំងបានសន្យាជួយសម្របសម្រួល និងសហការរៀបចំជាមួយក្រសួងជំនាញពាក់ព័ន្ធ ដើម្បីឈានទៅចុះហត្ថលេខាកិច្ចព្រមព្រៀឱ្យទាន់ដើមឆ្នាំ ២០១៩ខាងមុខនេះ៕